អគ្គិសនីកម្ពុជាបកស្រាយរឿងដាច់ភ្លើងញឹក តែចេញវិក្កយបត្រអស់លុយច្រើន
- 2019-04-24 07:47:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គិសនីកម្ពុជាបកស្រាយរឿងដាច់ភ្លើងញឹក តែចេញវិក្កយបត្រអស់លុយច្រើន
ចន្លោះមិនឃើញ
អាជ្ញាធរអគ្គិសនីកម្ពុជាបានឆ្លើយបំភ្លឺទៅនឹងចម្ងល់អតិថិជនមួយចំនួន ទាក់ទងនឹងមូលហេតុដាច់ភ្លើងញឹកញាប់តែពេលវិក្កយបត្រមកអស់លុយច្រើនជាងការផ្គត់ផ្គង់ចរន្តក្នុងផ្ទះ ដែលមិនសូវដាច់។ ជាងកន្លះខែមកហើយប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ នៅតាមបណ្ដាខេត្ត និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកមួយចំនួន មានការងឿងឆ្ងល់ជុំវិញបញ្ហានេះ។
តាមរយៈបណ្ដាញសង្គមហ្វេសបុកផ្លូវការអាជ្ញាធរអគ្គិសនីកម្ពុជាបានសរសេរថា អគ្គិសនីដែលអ្នកផ្គត់ផ្គង់លក់ឲ្យអ្នកប្រើនីមួយៗ តម្រូវឲ្យរត់កាត់នាឡិកាស្ទង់អគ្គិសនី ឬជញ្ជីងវាស់អគ្គិសនីរបស់អ្នកប្រើនោះ ដើម្បីឲ្យនាឡិកាស្ទង់នោះ ធ្វើការវាស់វែង និងកត់ត្រាចំនួនគីឡូវ៉ាត់ម៉ោង ដែលអ្នកផ្គត់ផ្គង់បានផ្តល់ទៅឲ្យអ្នកប្រើ រយ:ពេល១ខែ ទើបគេស្រង់យកចំនួនគីឡូអគ្គិសនីដែលបានផ្តល់នោះ យកទៅធ្វើវិក្កយបត្រគិតប្រាក់ ។ ដូច្នេះ ទាំងចំនួនទឹកប្រាក់ និងទាំងចំនួនគីឡូវ៉ាត់ម៉ោងអគ្គិសនីត្រឹមត្រូវឬមិនត្រឹមត្រូវ គឺឋិតនៅលើការវាស់វែង និងកត់ត្រារបស់នាឡិកាស្ទង់វាស់នោះ ត្រឹមត្រូវឬទេ?
សូមកុំយល់ច្រឡំថា ឲ្យតែឧបករណ៍ប្រើអគ្គិសនីរបស់ខ្លួននៅដដែល ចំនួនគីឡូអគ្គិសនីដែលខ្លួនប្រើតាមខែ ត្រូវតែនៅដដែលនោះទេ ។ ចំនួនគីឡូវ៉ាត់ម៉ោង ដែលអ្នកប្រើប្រាស់ ទោះជាឧបករណ៍ប្រើប្រាស់នៅដដែលក៏ដោយ ឬទោះជាសមាជិកគ្រួសារតិច ឬច្រើនក៏ដោយ ក៏វាប្រែប្រួលទៅតាមរយៈពេល និងលក្ខខណ្ឌដែលឧបករណ៍នីមួយៗបើកប្រើ។ ដូច្នេះ ចង់ឲ្យគីឡូចុះតិចត្រូវបើកឧបករណ៍នីមួយៗឲ្យរយៈពេលតិចជាងមុន និងត្រូវចងចាំថាឧបករណ៍ណាមួយក៏ដោយក៏អាចធ្វើឲ្យឡើងគីឡូអគ្គិសនីដែរ បើបើកវាប្រើ ។
ប្រភពដដែលបានបន្ថែមថា ប្រសិនបើសង្ស័យថាជញ្ជីងវាស់មិនត្រឹមត្រូវ អ្នកប្រើប្រាស់អគ្គិសនីនៅតំបន់ណាក៏ដោយអាចបំពេញពាក្យស្នើសុំឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាដែលជាអាជ្ញាកណ្ដាលយកឧបករណ៍ផ្ទៀងផ្ទាត់ទៅផ្ទៀងផ្ទាត់នាឡិកាវាស់អគ្គិសនីនោះមើលថាតើវាដើរត្រឹមត្រូវទេ។ ការងារនេះធ្វើជូនដោយមិនយកកម្រៃទេ។
ប្រសិនបើផ្ទៀងផ្ទាត់រួចហើយ អ្នកនោះនៅតែសង្ស័យមិនជឿលើការផ្ទៀងផ្ទាត់របស់អាជ្ញាធរអគ្គិសនីកម្ពុជានេះទេ អ្នកនោះអាចទៅទិញនាឡិកាស្ទង់ណាដែលគេយល់ថាត្រឹមត្រូវ ទោះជាទិញពីកន្លែងណា និងពីប្រទេសណាក៏ដោយ អាល្លឺម៉ង់ បារាំង ជប៉ុន អង់គ្លេស អាមេរិក ។ល។
រួចស្នើសុំមកអាជ្ញាធរអគ្គិសនីកម្ពុជា យើងខ្ញុំនឹងពិនិត្យព្រមទាំងអនុញ្ញាតឲ្យដាក់នាឡិកាស្ទង់នោះ វាស់និងកត់ត្រាទន្ទឹមគ្នាជាមួយនាឡិកាស្ទង់ចាស់របស់អ្នកផ្គត់ផ្គង់ក្នុងរយៈពេល ៣ខែ ដើម្បីផ្ទៀងផ្ទាត់សាកមើលទាំងអស់គ្នា ថាតើនាឡិកាស្ទង់ចាស់ដែលអ្នកផ្គត់ផ្គង់តំបន់នោះកំពុងប្រើ វាស់ខុសពីនាឡិកាស្ទង់ ដែលអ្នកសង្ស័យទិញមកនោះទេ ។ បើដាក់វាស់ទន្ទឹមគ្នារួចឃើញថាវាខុសគ្នាមែន យើងខ្ញុំនឹងរកខុសត្រូវជូនអ្នកសង្ស័យនោះភ្លាម។
ដូច្នេះបើចង់បានភាពត្រឹមត្រូវសូមធ្វើតាមនីតិវិធីខាងលើ ប៉ុន្តែបើចង់តែឃើញគីឡូតិចដោយមិនសំអាងលើជញ្ជីងអគ្គិសនីទេ យើងខ្ញុំជាអាជ្ញាកណ្ដាលពិតជាមិនអាចធ្វើជូនបានទេ ពីព្រោះការទិញលក់អគ្គិសនីត្រូវតែឈរលើមូលដ្ឋាន នៃជញ្ជីងវាស់អគ្គិសនី មិនអាចសំអាងលើការប្រៀបធៀបថាគីឡូខែនេះតិច ឬច្រើននោះទេ៕