វត្ត​ខ្មែរ​មួយ​នៅ​ប្រទេស​ជប៉ុន រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ខ្លួន​ឯង រក​មូលនិធិ​កសាង​វត្ត​ខ្មែរ

  • 2019-04-26 02:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ខ្មែរ​ច្រើន​ដួង មាន​ដូច​ជា​កញ្ញា កែវ សៀងហៃ ទៀង សុផានី ជា​ដើម ត្រូវ​បាន​ហៅ​ឲ្យ​ចូល​រួម​ការ​ប្រគំតន្ត្រី​ដ៏​កម្រ​មួយ ដើម្បី​រក​មូលនិធិ​កសាង​វត្ត​ខ្មែរ​មួយ​នៅ​ឯ​ប្រទេស​ជប៉ុន​ឈ្មោះ​ថា "វត្ត​ខ្មែរ​សាមគ្គី-ជប៉ុន"។

តាម​លោក ពិសាស ជា​គណៈកម្មការ​វត្ត ការ​ប្រគំ​តន្ត្រី​នេះ គឺ​ត្រូវ​បាន​ផ្ដើម​គំនិត​រៀប​ចំ​ដោយ​ក្រុម​គណៈកម្មការ​វត្ត​ខ្មែរ​សាមគ្គី-ជប៉ុន ផ្ទាល់​តែ​ម្ដង និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី MINAMI MASHAHIRO ។ មក​ទល់​នឹង​ពេល​នេះ នេះ​គឺ​ជា​លើក​ទី២​ហើយ​ដែល​គណៈកម្មការ​វត្ត បាន​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ការ​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​នៅ​ប្រទេស​ជប៉ុន ដើម្បី​រក​មូលនិធិ​កសាង​វត្ត​ខាង​លើ។

កាល​ពី​លើក​ទី​១ កម្មវិធី​តន្ត្រី​ដូច​គ្នា ត្រូវ​បាន​ប្រារព្ធ​នៅ​ពី​ពាក់​កណ្ដាល​ខែ​មេសា​នេះ។ កាល​ណោះ តាម​គណៈកម្មការ​វត្ត​ដដែល បាន​ឲ្យ​ដឹង​ថា បង​ប្អូន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន មាន​ការ​គាំទ្រ​ច្រើន។ យ៉ាង​ណា​ក៏​ដោយ ដោយ​សារ មូលនិធិ​ទ្រទ្រង់​ការ​កសាង​វត្ត​ខាង​លើ នៅ​មិន​ទាន់​គ្រប់​គ្រាន់ ដោយ​ការ​ចំណាយ​សរុប ត្រូវ​គ្រោង​ប្រមាណ​ជា ២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ ដូច្នេះ​ហើយ ទើប​ក្រុម​គណៈ​កម្មការ បាន​សម្រេច​ផ្ដួច​ផ្ដើម​ធ្វើ​លើក​ទី២​នេះ​ទៀត ដោយ​បាន​កៀរគរ​ក្រុម​តារា​ខ្មែរ​ជា​ច្រើន​ដួង។

តាម​គម្រោង ការ​ប្រគំតន្ត្រី​រក​មូលនិធិ​កសាង​វត្ត​លើក​ទី២ ប៉ុន្តែ​ដោយសារ​ដោយ​ឡែក​លើក​ទី​២ គ្រោង​នៅ​ថ្ងៃ​អាទិត្យ​ទី​២៨ ស្ថិត​នៅ​ទីតាំង ខេយ៉ាគិកៃកាំង នា​ខេត្តKanagawa។ ចំពោះ​តម្លៃ​នៃ​ការ​ចូល​ទស្សនា​វិញ គឺ​មិន​មាន​ការ​កំណត់​នោះ​ទេ សម្រេច​តាម​សទ្ធា​របស់​បង​ប្អូន​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ។

តាម​គណៈកម្មការ វត្ត "ខ្មែរ​សាមគ្គី-ជប៉ុន" បាន​ចាប់​ផ្ដើម​កសាង​អស់​រយៈ​ពេល​ប្រមាណ ២​ឆ្នាំ​មក​ហើយ ដោយ​ថវិកា​ទ្រទ្រង់​ការ​កសាង គឺ​បាន​ពី​ការ​ចូល​រួម​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ។ តាម​ការ​ប៉ាន់​ប្រមាណ​លើ​ការ​ចំណាយ​សម្រាប់​ការ​សាង​សង់ គឺ​ពី ១០-២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ខណៈ​មក​ទល់​បច្ចុប្បន្ន មូលនិធិ​ទ្រទ្រង់​នៅ​ខ្វះខាត​ច្រើន។ វិល​មក​កម្មវិធី​ប្រគំ​តន្ត្រី​ខាង​លើ ក៏​នឹង​មាន​ការ​ចូល​រួម​ពី​ឯកឧត្ដម ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ផង៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី