ស្ថានទូត​ជប៉ុន​ ត្រៀម​ផ្ដល់​អាហារូបករណ៍​ធំជាង​គេ​សម្រាប់​ឆ្នាំ​ ២០២០

  • 2019-04-26 04:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូត​ជប៉ុន​ សហការ​ជាមួយ​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន (Jac) នឹង​រៀប​ចំ​បទ​បង្ហាញ​អំពី​អាហារូបករណ៍​ជប៉ុន MEXT Scholarship សម្រាប់​ឆ្នាំ ២០២០។ នេះ​គឺជា​អាហារូបករណ៍​ធំ​ជាង​គេ​សម្រាប់​ការ​សិក្សា​នៅ​ជប៉ុន​ ដែល​ក្រសួង​អប់រំ​ជប៉ុន​ផ្ដល់​ឲ្យ​សិស្ស​និស្សិត​កម្ពុជា​ ដែល​ចាប់​អារម្មណ៍​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​ស្ថានទូត​ជប៉ុន ដែល​បាន​ផ្ដល់​ដល់​អ្នក​សារព័ត៌មាន។

សេចក្ដី​ជូន​ដំណឹង​បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ចាប់​ពី​ឆ្នាំ ១៩៩២ មាន​និស្សិត​កម្ពុជា​ប្រមាណ​ ១ ១០០​ នាក់​ហើយ ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន តាមរយៈ​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន។ ជាក់​ស្ដែង​អតីត​និស្សិត​អាហារូបករណ៍​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​ជប៉ុន បាន​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​បាន​ពង្រឹង​ចំណង​មិត្តភាព​ និង​ការ​យល់​ដឹង​ស៊ីជម្រៅ​រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា។

រូបតំណាង និស្សិត​ខ្មែរ ដែល​បាន​ទៅ​ស្វែងយល់​ពីវប្បធម៌​ជប៉ុន​កន្លង​មក​ នៅ​ស្ថានទូតជប៉ុន​

**ព័ត៌មាន​លម្អិត​ស្ដីពី​បទ​បង្ហាញ​នេះ​ មាន​ដូច​ខាង​ក្រោម**៖

ចំពោះ​កម្មវិធី ​ដែល​ត្រៀម​បង្ហាញ​ពី​អាហារូបករណ៍​ ​MEXT Sholarship ២០២០​ នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី ២៦ ខែ​មេសា ២០១៩ ចាប់​ពី​ម៉ោង​ ១៧:៣០ ដល់​ម៉ោង​ ១៩:៣០ នាទី នៅ​សាល​អង្គរ-គីហ្សូណា នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការណ៍​អន្តរជាតិ​​កម្ពុជា-ជប៉ុន (CJCC) ។

ព័ត៌មាន​ស្ដីពី​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន​ MEXT Scholarship សម្រាប់​ឆ្នាំ ២០២០

១. ប្រភេទ​នៃ​កម្រិត​អាហារូបករណ៍​៖

  • ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា​
  • ថ្នាក់​ឧត្ដម​សិក្សា
  • ថ្នាក់​មធ្យម​សិក្សា​បច្ចេកទេស
  • ថ្នាក់​បណ្ដុំ​បណ្ដាល​វិជ្ជា​ជីវៈ

២. ពាក្យ​ស្នើ​សុំ

  • ពាក្យ​ស្នើ​សុំ​ អាច​រក​បាន​នៅ​ការិយាល័យ​អាហារូបករណ៍​ នៃ​នាយកដ្ឋាន​ទំនាក់​ទំនង​វប្បធម៌ និង​អាហារូបករណ៍​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​អាសយដ្ឋាន​ ផ្ទះលេខ២៣ ផ្លូវ​លេខ ៣៦០ សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំបេញ (ចម្ងាយ​ប្រហែល​៥០ម៉ែត្រ ខាង​កើត​ស្ថានីយ​ទូរទស្សន៍​អប្សរា) ឬ​តាមរយៈ​គេហទំព័រ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា

  • ការិយាល័យ​អាហារូបករណ៍​ នឹង​ចាប់​ផ្ដើម​ទទួល​ពាក្យ​ពី​ថ្ងៃ​ទី០២ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ២០១៩

  • អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំ​ និង​ឯកសារ​ពាក់ព័ន្ធ​ដែល​ចាំ​បាច់​ មក​កាន់​ការិយាល័យ​អាហារូបករណ៍ ឲ្យ​បាន​មុន​ ឬ​ត្រឹម​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ២០១៩ វេលា​ម៉ោង ១៦:០០។

៣. កាល​បរិច្ឆេទ​ នៃ​ការ​ជ្រើសរើស

  • ការ​ប្រឡង​សរសេរ៖ ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ២០១៩ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ទីតាំង​អាច​នឹង​ប្រែប្រួល)

  • ការ​សម្ភាស នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ តាម​កាល​បរិច្ឆេទ​ដូច​ខាង​ក្រោម៖

  • ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា៖ ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៩

  • ថ្នាក់​ឧត្ដម​សិក្សា៖ ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ​២០១៩

  • ថ្នាក់​មធ្យម​សិក្សា​បច្ចេកទេស៖ ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០១៩

  • ថ្នាក់​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ៖ ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១៩

- លទ្ធផល​ចុង​ក្រោយ​នៃ​បេក្ខជន​ជាប់​អាហារូបករណ៍​​នឹង​ត្រូវ​ប្រកាស​តាម​កាល​បរិច្ឆេទ​ដូច​ខាង​ក្រោម៖

  • ថ្នាក់​ក្រោម​ឧត្ដម​សិក្សា​៖ ចន្លោះ​ចុង​ខែ​ធ្នូ ឆ្នាំ២០១៩ ដល់​ខែ​មករា ឆ្នាំ​២០២០

  • ថ្នាក់​ឧត្ដមសិក្សា​ មធ្យម​សិក្សា​បច្ចេកទេស និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ៖ ចន្លោះ​ខែ​វិច្ឆិកា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៩។

៤. ព័ត៌មាន​លម្អិត​អំពី​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន MEXT Scholarship សម្រាប់​ឆ្នាំ​២០១៩ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ស្ថានទូត​ជប៉ុន​ដែល​មាន​អាសយដ្ឋាន​ដូច​ខាងក្រោម៖ http://www.kh.emb-japan.go.jp/itpr_en/00_000086.html

សូម​មើល​សេចក្ដីប្រកាស​ព័ត៌មាន​ទាំង​ស្រុង​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី