ធនាគារ ABA ចាត់​វិធាន​ការ​ភ្លាមៗ ឆ្លើយតប​ទៅ​នឹង​ការ​មួល​បង្កាច់​ថា ដក​បាន​លុយ​ក្លែងក្លាយ​ពី ATM របស់​ខ្លួន

  • 2019-04-29 07:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​ថ្មីៗ​នេះ ក្រោយ​សង្កេត​ឃើញ​ថា មាន​អតិថិជន​មួយ​ចំនួន ​បាន​បង្ហោះ​សារ​ចោទ​ប្រកាន់​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម Facebook ថា ពួកគេ​បាន​ដក​ចំ​ប្រាក់​ក្លែងក្លាយ​ពី​ទូ ATM របស់ ABA នោះ ឥឡូវ​ធនាគារ​មួយ​នេះ​កំពុង​ចាត់​វិធាន​ការ​ភ្លាមៗ ដោយ​ទាក់ទង​ទៅ​កាន់​ម្ចាស់​សារ Facebook ទាំង​នោះ​ដោយ​ផ្ទាល់ ដើម្បី​ស៊ើប​អង្កេត​លើ​ការ​ចោទប្រកាន់ ដែល​បាន​លើក​ឡើង ។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ជា​ច្រើន​នាក់ ដែល​អះអាង​ថា ខ្លួន​បាន​ដក​ប្រាក់​ពី​ទូ​ ATM របស់​ធនាគារ ABA ចំ​ក្រដាស​ប្រាក់​ក្លែងក្លាយ​នោះ បាន​លុបសារ​ចោទ​ប្រកាន់​របស់​ខ្លួន​ជា​បន្តបន្ទាប់​ រួម​ជាមួយ​នឹង​ការ​បង្ហោះ​សារ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម Facebook ដោយ​សារភាព​ថា ពួកគេ​មាន​ការ​យល់​ច្រឡំ​ដោយ​ខ្លួនឯង ហើយ​ក៏​បាន​សុំ​ការ​អភ័យ​ទោស​ពី​ធនាគារ ABA ផងដែរ។

លិខិតរបស់អតិថិជន ABA ដែលសុំការអភ័យទោសពីធនាគារ ក្រោយពីការចោទប្រកាន់របស់ពួកគេ ត្រូវបានស៊ើបអង្កេតរកឃើញការពិតជាក់ស្ដែង

ទាក់ទង​នឹង​ករណី​មួយ​ក្នុង​ចំណោម​ករណី​ទាំង​នោះ មាន​អតិថិជន​ម្នាក់ បាន​ដក​ប្រាក់​ពីទូ ATM មួយ​របស់ ABA នៅ​រាជធានី​ភ្នំពេញ ហើយ​រយៈ​ពេល ១២ថ្ងៃ​ក្រោយ​មក ទើប​រូបគេ​បាន​បង្ហោះ​រូបថត​បង្ហាញ​ពី​ក្រដាស​ប្រាក់ ១០០ដុល្លារ ១សន្លឹក ដោយ​មាន​សរសេរ​ពាក្យ «COPY» យ៉ាង​ច្បាស់ និង​បាន​ចោទ​ថា ក្រដាស​ប្រាក់​នោះ ត្រូវ​បាន​ដក​ចេញ​ពីទូ ATM មួយ​របស់​ធនាគារ ABA។

បុគ្គលិក​នាយកដ្ឋាន​ដំណោះ​ស្រាយ​បញ្ហា​របស់​ធនាគារ បាន​អញ្ជើញ​អតិថិជន​រូបនោះ​ឲ្យ​ទៅកាន់​ធនាគារ ​និង​បាន​ពិនិត្យ​មើល​ឡើង​វិញ​ជាមួយ​បុគ្គលិក​ផ្នែក​ដោះ​ស្រាយ​បញ្ហា​ នូវ​ព័ត៌មាន​នៃ​ការ​ដក​ប្រាក់​ដែល​គាត់​បាន​ធ្វើ​ឡើង។ ផ្អែក​តាម​ភស្តុតាង​ជាក់ស្ដែង​ចំពោះ​មុខ អតិថិជន​រូប​នោះ បាន​ទទួល​ស្គាល់​ទាំង​ស្រុង​ថា ក្រដាស​ប្រាក់​ដែល​ខ្លួន​ដក​ពី ទូ ATM នោះ គឺជា​ក្រដាស​ប្រាក់​ពិត​ ហើយ​អាច​នឹង​ត្រូវ​គេ​លួច​ប្តូរ​ដាក់​ក្រដាស​ប្រាក់​ក្លែងក្លាយ ក្នុង​ការ​បូប​នៅ​ចន្លោះ​ពេល ១​២​ថ្ងៃ​នោះ។

ការបង្ហោះសារពីអតិថិជនម្នាក់ ក្រោយពី ABA បានបង្ហាញភ័ស្តុតាងបញ្ជាក់ថាក្រដាសប្រាក់ដែលគាត់បានដកចេញពីទូ ATM របស់ ABA គឺជាក្រដាសប្រាក់ពិត

លោក ម៉ី ប៉ូលីន នាយក​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​របស់​ធនាគារ ABA បាន​បញ្ជាក់​ថា៖ «ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​មុន​មក យើង​បាន​ឃើញ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Facebook ចំនួន ១៥ករណី ដោយ​ចោទ​ប្រកាន់​ថា ដក​បាន​ប្រាក់​ក្លែងក្លាយ​ពី​ម៉ាស៊ីន​របស់​យើង។ រឿង​នេះ គឺ​ពិតជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​សម្រាប់​ពួក​យើង ពី​ព្រោះ​ការិយាល័យ​ដោះស្រាយ​បញ្ហា​របស់​យើង​កម្រ​ទទួល​បាន​នូវ​បណ្ដឹង​តវ៉ា​អំពី​ក្រដាស​ប្រាក់​ក្លែងក្លាយ​ណាស់ មិន​ថា​តាម​សាខា​ធនាគារ​នានា​របស់​យើង តាម​រយៈ​ទូរសព្ទ ឬ​តាម​អន​ឡាញ​នោះ​ទេ​ បើ​ទោះ​បីជា​យើង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ឲ្យ​អតិថិជន​ធ្វើការ​ស្នើ, សាកសួរ​ព័ត៌មាន, និង​ស្វែង​រក​ដំណោះស្រាយ​តាម​បណ្ដាញ​ទំនាក់ទំនង​ផ្លូវការ​របស់​យើង​ក៏ដោយ»។

លោក​បាន​ប្រាប់​បន្តថា៖ «ពួក​គាត់​ចាប់​ផ្ដើម​ប្រតិកម្ម​តែ​នៅ​លើ​បណ្តាញ​សង្គម​ ដោយ​មិន​ស្វែង​រក​ជំនួយ ឬ​ដំណោះ​ស្រាយ​ដោយ​ផ្ទាល់​ពីធនាគារ​ឡើយ»។

អ្នកស្រី ឡុង នីនលីដា ប្រធាន​អង្គភាព​ប្រតិបត្តិការ​សាច់ប្រាក់​របស់​ធនាគារ ABA បាន​ពន្យល់​ថា ABA មិនខុស​ពី​ធនាគារពាណិជ្ជ​ធំៗ​ទាំងអស់​នៅ​កម្ពុជា​ប៉ុន្មាន​ឡើយ ធនាគារ​នេះ​ ប្រើ​ប្រាស់​ឧបករណ៍​ពិនិត្យ​ក្រដាស​ប្រាក់​ដ៏​ទំនើប​ចុងក្រោយ​បង្អស់ ដែល​អាច​ស្គាល់ និង​ចាប់​យក​ក្រដាស​ប្រាក់​ក្លែងក្លាយ ចេញ​ពី​ក្រដាស​ ប្រាក់​ពិត ដែល​ដាក់​ឲ្យ​ចរាចរ​ក្នុង​ទូ ATM ទាំង ៣០១​កន្លែង​របស់​ខ្លួន នៅ​ទូទាំង​ប្រទេស​កម្ពុជា។

អ្នកស្រីបានឲ្យ​ដឹង​ថា៖ «ម៉ាស៊ីន​ពិនិត្យ​ប្រាក់​ទាំង​នេះ ដែល​ជាផ្នែក​មួយ​នៃ​កម្មវិធី​សន្តិសុខ​ផ្សេង​ទៀត អាច​ចាប់ និង​ថត​យក លេខ​មាលា (Serial Number) របស់​ក្រដាស​ប្រាក់​គ្រប់​សន្លឹក​ ដែល​យើង​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ទូ ATM នានា​ ដូច្នេះ​នៅ​ពេល​ដែល​មាន​ការ​តវ៉ា​ទាមទារ​ពី​អតិថិជន យើង​នឹង​យក​កំណត់ត្រា​នេះ ធ្វើ​ជា​ឯកសារ​យោង​ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ក្រដាស​ប្រាក់​នោះ ពិត​ជា​ចេញ​ពី​ម៉ាស៊ីន របស់​យើង​មែន ឬ​មិនមែន»។

អ្នក​ស្រី​ នីនលីដា បាន​បន្ថែម​ទៀត​ថា៖ «ក្រៅពី​ឧបករណ៍​ពិនិត្យ​ក្រដាស​ប្រាក់​ យើង​ក៏មាន​ក្រុមការងារ​គ្រប់គ្រង​សាច់ប្រាក់ និង ក្រុមជំនាញ​ការ​សន្តិសុខ សម្រាប់​ត្រួត​ពិនិត្យ​ជាប់​ជា​និច្ច​លើ​គ្រប់​ដំណាក់​កាល​នៃ​ការ​ចរាចរ ​ក្រដាស​ប្រាក់​របស់​យើង ដោយ​ប្រើ​កាមេរ៉ា​សុវត្ថិភាព​ជាច្រើន ដើម្បី​ធានា​ឲ្យ​បាន​ថា គ្មាន​នរណា​ម្នាក់​អាច​លួច​បន្លំ​ក្រដាស​ប្រាក់​ ដែល​ដាក់​ចូល​ក្នុង​ទូ ATM របស់​យើង​បាន​ឡើយ»។

ក្រុមហ៊ុន​សាជីវកម្ម​ជាច្រើន ប្រើប្រាស់​យុទ្ធសាស្ត្រ​ផ្សេងៗ​ ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​អ្នក​តវ៉ា​លើ​បណ្ដាញ​សង្គម ទាក់ទង​នឹង​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំង​នោះ។  ក្រុមហ៊ុន​ខ្លះ​មិន​ចាប់​អារម្មណ៍​លើ​សារ​ផ្សេងៗ​ឡើយ ខណៈ​ក្រុមហ៊ុន​ខ្លះ ព្យាយាម​ទាក់ទង​ដោះស្រាយ​ដោយ​ផ្ទាល់។

ធនាគារ ABA បានប្រើប្រាស់យុទ្ធសាស្ត្រទី២ ដូច​ដែល​លោក Igor Zimarev ប្រធាន​ផ្នែក​ទីផ្សារ​របស់​ធនាគារ ABA បាន​លើក​ឡើង​ថា៖ «ការ​ជឿជាក់​ទុកចិត្ត ​គឺជា​គន្លឹះ​មួយ​ក្នុង​ចំណោម​គន្លឹះ​សំខាន់ៗ នៃ​កិច្ចការ​បម្រើ​សេវា​ជូន​អតិថិជន ដែល​ត្រូវ​បាន​ចាត់​ទុក​ថាជា​ តម្លៃ​ស្នូល​របស់​យើង។»

ធនាគារ ABA ធ្វើការ​តាម​ដាន​បណ្តាញ​សង្គម​យ៉ាង​ដិត​ដល់ ហើយ​ក៏​នឹង​បន្ត​ទាក់ទង​ទៅកាន់​អតិថិជន​ដែល​បង្ហោះ​សារ​ត្អូញត្អែរ​ផ្សេងៗ​អំពី​សេវាកម្ម​របស់​ធនាគារ ដោយ​ជំរុញ​ពួកគាត់​ដាក់​ពាក្យ​បណ្តឹង​ ឬ​លើក​ជា​សំណើ​ទៅកាន់​ធនាគារ​ដោយ​ផ្ទាល់ ជាជាង​ការ​បង្ហោះ​សារលើ Facebook ឬ​នៅ​លើ​គេហទំព័រ​ផ្សេងៗ​ទៀត។

លោក Zimarev បានបញ្ជាក់ថា៖ «មធ្យោបាយ​ ដែល​ល្អ​បំផុត​ក្នុង​ការ​លើកឡើង​ពី​បញ្ហា​ពាក់ព័ន្ធ ​គឺការ​ទាក់ទង​ដោយ​ផ្ទាល់​ទៅកាន់​ធនាគារ ជា​កន្លែង​ដែល​យើង​មាន​ការ​ផ្ដល់​ជូន​នូវ​វិធី​ដោះ​ស្រាយ​បញ្ហា​យ៉ាង​ទូលំទូលាយ​ ដែល​រួមមាន​ដូចជា​ការ​ស៊ើប​អង្កេត​យ៉ាង​ល្អិតល្អន់​ទៅ​លើ​បញ្ហា ដែល​បាន​លើកឡើង​ជាដើម។ ដូច្នេះ​ ចំណុច​សំខាន់​ដំបូង​គេ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អតិថិជិន ដែល​កំពុង​តែ​ត្អូញត្អែរ​នៅ​លើ​បណ្តាញ​សង្គម បាន​ដឹងថា​ ដំណោះ​ស្រាយ​ ដែល​ល្អ​បំផុត​នោះ គឺការ​លើក​យក​បញ្ហា​របស់​ពួកគេ​មក​កាន់​ធនាគារ​យើង​ដោយ​ផ្ទាល់»។

លោក​បាន​កត់​ស្គាល់​ឃើញ​ថា ចាប់​តាំង​ពី​ពេល​ដែល​ធនាគារ​នេះ បាន​ប្រើប្រាស់​មធ្យោបាយ​ទាក់ទងទៅកាន់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ដោយ​ផ្ទាល់ ហើយ​ផ្សព្វផ្សាយ​អំពី​លទ្ធផល នៃ​ការ​ស៊ើប​អង្កេត​ ដែល​បង្ហាញ​ថា រាល់​ប្រាក់​ដក​ចេញ​ពី​ទូ ATM របស់​ធនាគារ គឺជា​ក្រដាស​ប្រាក់​ពិត​រួច​មក អតិថិជន​ភាគ​ច្រើន​ បាន​បញ្ឈប់​ការ​ត្អូញត្អែរ​របស់​ខ្លួន​នៅ​លើ​បណ្តាញសង្គម Facebook។

លោក Zimarev បានឲ្យដឹងថា៖ «យើង​យក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើរាល់​ការតវ៉ា និង ការ​រក្សា​កេរិ៍្ត​ឈ្មោះ​របស់​យើង ហេតុនេះ នៅ​ពេល​ដែល​មាន​មនុស្ស​ព្យាយាម​បង្ខូច​កេរិ៍្តឈ្មោះ​របស់​យើង​លើ​បណ្តាញ​សង្គម​ យើង​ចាត់វិធានការ​ភ្លាមៗ ដើម្បី​ធានា​ឲ្យ​បាន​ថា ការ​ពិត​ទាំង​ស្រុង​ត្រូវ​បាន​បង្ហាញ និង​ចែក​រំលែក​បន្ត »។

លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​នឹង​ដោះស្រាយ​បញ្ហា​ទាំង​នេះ តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​យើង​ដឹង​ថា អ្នក​បង្ហោះសារ​ទាំង​នោះ​កំពុង​តែ​ព្យាយាម​ឆបោក​ធនាគារ​យើង ឬ បង្ខូច​ឈ្មោះ​របស់​យើង​ដោយ​ចេតនា​ តាម​រយៈការ​បង្ហោះសារ​មួល​បង្កាច់ លើ​បណ្តាញ​សង្គម​ ដោយ​មិន​អនុវត្តតាម​នីតិវិធី​ត្រឹមត្រូវ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ពី ធនាគារ​ដោយ​ផ្ទាល់»។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ បច្ចុប្បន្ន មាន​បុរស​ជនជាតិ​ស្វ៊ីស​ម្នាក់ ត្រូវ​បាន​ឃ្មុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ នៅ​រាជធានី​ភ្នំពេញ ពី​បទ​ឆបោក​ធនាគារ​ដោយ​ចេតនា តាម​រយៈការ​លួចប្តូរ​ក្រដាស​ប្រាក់​ពិត ១សន្លឹក ជាមួយ​នឹង​ក្រដាស​ប្រាក់​មួយ​ដែល​មាន​សរសេរ​អក្សរ​ថា «COPY» និង​បាន​ព្យាយាម​មួល​បង្កាច់​ថា ក្រដាស​ប្រាក់​ក្លែងក្លាយ​នេះ បាន​ដក​ចេញ​ពី​ទូ​មួយ​របស់​ធនាគារ ABA។

បុរសជាជនជាតិស្វ៊ីសម្នាក់ ដែលបានឆបោកធនាគារ ABA ដោយចេតនា តាមរយៈការលួចប្តូរក្រដាសប្រាក់ពិត ដែលដកចេញពីទូ ATM របស់ ABA ជាមួយនឹងក្រដាសប្រាក់ក្លែងក្លាយ

   លោក Zimarev បានសន្និដ្ឋានថា៖ «តាមរយៈការ​ពិនិត្យ និង​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង យើង​បាន​រក​ឃើញថា​ ការ​ត្អូញត្អែរ​ដែល​កើត​មាន​កន្លងមក គឺជា​ការ​ព្យាយាម​បង្ខូច​កេរិ៍្តឈ្មោះ និង​ឆបោក។ យើង​នឹង​ធ្វើការ​ជាមួយ​ស្ថាប័ន​អនុវត្ត​ច្បាប់ ដើម្បី​ធានា​ឲ្យ​បាន​ថា បញ្ហា​នោះ ​ត្រូវ​បាន​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ដែល​ក្នុង​នោះ​អាច​មាន​ការ​កាត់ទោស​កម្រិត​ព្រហ្មទណ្ឌ​លើ​ជន​ឆបោក​ផង»៕

អត្ថបទ៖ Sponsor

អត្ថបទពេញនិយម