រូប​ស្ត្រី​អង្គុយ​ឱប​កូន​ធ្វើ​ពី​ស្ពាន់​តម្លៃ​ជិត ១០ម៉ឺន​ដុល្លារ​នឹង​ត្រូវ​សាងសង់​នៅ​ជើងឯក ​ដើម្បី​ជា​ការ​ចងចាំ

  • 2019-05-17 09:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ស្ត្រី​អង្គុយ​ឱប​កូន​ធ្វើ​អំពី​ស្ពាន់​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក​នឹង​ត្រូវ​​ក្រុមហ៊ុន​ឯកជន ​​ជប៉ុន​-កម្ពុជា ​រ៉ូយាល់ (Japanese Cambodia Royal) សាង​សង់​ក្នុងពេលឆាប់ៗ​​​ខាងមុខ​នេះ​​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក។ នេះ​បើ​តាម​ប្រសាសន៍​លោក វឿន វុទ្ធី​ ប្រធាន​នាយកដ្ឋាន​បុរាណ​វិទ្យា និង​បុរេ​ប្រវត្តិសាស្ត្រ​បាន​ថ្លែង​​ប្រាប់ sabay​។

​លោក​ថា រូបសំណាក​ធ្វើ​អំពី​ស្ពាន់​នេះ​មាន​កម្រាស់ ៥មីលីម៉ែត្រ និង​មាន​​កម្ពស់​​២​​ម៉ែត្រ និង​មាន​ខឿន​ចំនួន​ពីរ​ថ្នាក់​ ថ្នាក់ទី ១កម្ពស់ ០,៨៦​ម៉ែត្រ​ បណ្ដោយ ៤,២០ម៉ែត្រ​ កម្រាល​ផ្ទៃ​ខាង​លើ និង​បូក​ថ្ម​លាង​ពណ៌​ប្រផេះ​បិត​ម៉ាប​ពណ៌​ខ្មៅ​នៅ​ជញ្ជាំង​ទាំង ៤ទិស និង​មាន​ចារឹក​អក្សរ​ពណ៌​មាស ខ្មែរ អង់គ្លេស ដែល​មាន​ខ្លឹមសារ​ស្តីពី​ការ​ចងចាំ​គ្មាន​ថ្ងៃ​ភ្លេច​នូវ​របប​កម្ពុជា​ប្រជាធិបតេយ្យ ១៧ មេសា ១៩៧៥ - ០៦ មករា ១៩៧៩។ ថ្នាក់ទី២ កម្ពស់ ០,៣៦០​ម៉ែត្រ​ បណ្ដោយ ៤,២ម៉ែត្រ​ ផ្ទៃ​កម្រាល​ថ្ម​ម៉ាប ពណ៌​ប្រផេះ​ខ្មៅ។ ការ​សាង​សង់​ត្រូវ​ចំណាយ​រយៈ​ពេល​៦ ខែ​​ ស្ថិត​នៅ​បរិវេណ​មជ្ឈមណ្ឌល​ប្រល័យ​​ពូជសាសន៍​ជើងឯក ខណៈ​គម្រោង​កំណាយ​បង្ការ​មុន​ពេល​សាងសង់​រូប​សំណាក​​​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីដើម​សប្ដាហ៍​នេះ​។

ការ​ធ្វើ​គម្រោង​កំណាយ​បង្ការ​ជា​មុន​ពី​មន្រ្តី​ជំនាញ​​​ ដោយ​សារ​​ខ្លាច​ប៉ះពាល់​ផ្នូរ​សាកសព​។ “​អញ្ចឹង​​ការ​ជីក​រណ្តៅ​សាកសព​កន្លង​មក​យើង​ជីក​បាន​តែ​ ៨៦​អន្លង់​ទេ​​ ហើយ​ដែល​​ការ​​ស្រាវជ្រាវ​អន្លង់​សាកសព​នៅ​ជើង​ឯក​មាន​រហូត​ដល់​ទៅ​ ១២០​អន្លង់​ឯណោះ។ ដូច្នេះ​នៅ​សល់​ប៉ុន្មាន​យើង​អត់​ដឹង​នៅ​កន្លែង​ណា…អញ្ចឹង​បាន​យើង​​ធ្វើ​កំណាយ​បង្ការ​ខ្លាច​វា​ប៉ះ​អន្លង់ ​ដែល​នៅ​សេសសល់”។

លោក​បាន​ឱ្យ​ដឹង​បន្ថែម​​ទៀត​ថា ការ​សាងសង់​រូបសំណាក​នេះ​ត្រូវ​បាន​ធ្វើ​​​ឡើង​ទុក​ជា​ការ​ចងចាំ​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ការ​ទប់​ស្កាត់​មិន​ឱ្យ​របប​នេះ​កើត​ឡើង​វិញ​។ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ប្រជាពលរដ្ឋ​ខ្មែរ​ បាន​ប្រឈម​ជាមួយ​នឹង​ភាព​ អត់ឃ្លាន រស់​ដោយ​ភាព​ភ័យ​រន្ធត់។ បច្ចុប្បន្ន​ទោះ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង ហើយ​ក៏​ពិត​មែន​ តែ​ផល​ប៉ះពាល់​លើ​ផ្នែក​សតិអារម្មណ៍​នៅតែ​កើត​មាន​លើ​សង្គម​ខ្មែរ ហើយ​ក៏​មិន​អាច​រលប់​បាត់​ទាំង​ស្រុង​នៅ​ឡើយ​នោះ​ដែរ។ ដូច្នេះ​ដើម្បី​ចងចាំ​អំពី​យុគសម័យ​ដ៏​សែន​ខ្មៅ​ងងឹត នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ក្រុមហ៊ុន ជប៉ុន​កម្ពុជា​​ រ៉ូយ៉ាល់ ​បាន​សម្រេច​​​កសាង​រូបភាព ស្រី្ត​កំពុង​អង្គុយ​ឱប​កូន ដែល​បង្ហាញ​អំពី​ជីវិត​រស់​នៅ​ក្នុង​ស្ថានភាព​អស់​សង្ឃឹម និង​ភាព​ភ័យ​រន្ធត់​នេះ​ឡើង​។ ​

ទោះ​យ៉ាង​ណា​​លោក​បាន​ឱ្យ​ដឹង​ទៀត​ថា គម្រោង​សាងសង់​ចម្លាក់​ស្ពាន់​នេះ​​បាន​ចាប់​ផ្ដើម​តាំងពី​ឆ្នាំ​២០១៧ មក​ ប៉ុន្តែ​ដោយ​រង់ចាំ​ការ​សិក្សា​ និង​​មាន​ការអនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​ និង​ក្រសួង​វប្បធម៌​ជាមុន​សិន​ ទើប​សម្រេច​សាងសង់​ឡើង ខណៈ​ការ​សាងសង់​​​គ្រោង​ចំណាយ​ថវិកា​ចន្លោះ​ពី​ ៦ ម៉ឺន​ដុល្លារ ​ទៅ​៨​ម៉ឺន​ដុល្លារ​អាមេរិក​ ដោយ​អ្នក​បច្ចេកទេស​សាងសង់​ខាង​សាលា​រាជធានី​ភ្នំពេញ​ និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ៕

រូបភាព៖ ផ្ដល់​ឲ្យ