សោកស្ដាយ​ជំនួស លោក ព្រហ្ម ម៉ាញ ចោរ​ចូល​គាស់​ផ្ទះ​យក​អស់​៥ម៉ឺនដុល្លារ

  • 2019-05-18 07:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាយ៉ៃ លោក ព្រហ្ម ម៉ាញ នៅ​ម៉ោង​ប្រហែល​៨​យប់​មិញ​នេះ ត្រូវ​បាន​ចោរ​ចូល​គាស់​ផ្ទះ យក​ទ្រព្យ​សម្បត្តិ​ អស់​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​នាយ ព្រែក នៅ​មុន​នេះ​បន្តិច។

តាម​នាយ ព្រែក ផ្ទះ​របស់​តារា​ចម្រៀង អាយ៉ៃ​ល្បី​ឈ្មោះ​រូប​នេះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី ទូល​គោក ដោយ​ក្នុង​នោះ ចោរ​បាន​គាស់​ទ្វារ​ចូល និង​រុះរើ របស់​របរ រប៉ាត់រប៉ាយ​ពេញ​ផ្ទះ​ដើម្បី​ស្វែង​រក​របស់​មាន​តម្លៃ។ ហើយ​ទី​បំផុត​ចោរ​យក​បាន​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន សរុប​អស់​ទឹក​ប្រមាណ ៥ម៉ឺន​ដុល្លារ​ដុល្លារ​អាមេរិក​ឯណោះ។

នាយ ព្រែក បាន​ពោល​ពាក្យ​សោកស្ដាយ​ជំនួស​តារា​ចម្រៀង​អាយ៉ៃ ដោយ​លោក​ឡើង​ថា ទម្រាំ​បាន​សន្សំ​បាន​ទ្រព្យ​ប៉ុណ្ណេះ គឺ​មិន​មែន​ជា​ការ​ងាយ​ឡើយ។

មិន​ទាន់​ដឹង​ថា លោក ព្រម្ម ម៉ាញ រវល់​ទៅ​ណា ទើប​ត្រូវ​ចោរ​ឆ្លៀត​ឱកាស​ចូល​គាស់​ផ្ទះ​យក​ប្រាក់​អស់​ច្រើន​យ៉ាង​នេះ​ឡើយ។ បន្ថែម​ពី​លើ​នេះ ក៏​មិន​ទាន់​ដឹង​ថា ទ្រព្យ​សម្បត្តិ​អ្វី​ខ្លះ​ដែល​ត្រូវ​បាត់​បង់​នោះ​ដែរ ដោយ​គ្រាន់​តែ​ដឹង​ថា សរុប​ទាំង​អស់ ៥ម៉ឺន​ដុល្លារ​អាមេរិក។ នៅ​រសៀល​នេះ ជុំវិញករណី​ខាង​លើ សាមី​ខ្លួន​លោក​ ព្រហ្ម ម៉ាញ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាននៅ​ឡើយ​នោះ​ទេ ដោយ​ទូរសព្ទ​របស់​លោក មិន​អាច​ទាក់​ទង​បាន។

យ៉ាង​នេះ​ក្ដី តាម​ការ​បញ្ជាក់​ពី​នាយ ព្រែក បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​កំណត់​មុខ​សញ្ញា ឈាន​ទៅ​ចាប់​ជន​ល្មើល យក​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់​ហើយ៕

អត្ថបទ៖ ស៊ុន ហួត