ស៊ុត​ថែម​២​គ្រាប់ Mbappe កាន់​តែ​មាន​ភាគរយ​ខ្ពស់​ប្រជែង​យក​ស្បែក​ជើង​មាស​ពី​ Messi

  • 2019-05-19 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint-Germain បាន​ផ្តួល Dijon ក្នុង​លទ្ធផល ៤-០ ក្នុង​ក្របខ័ណ្ឌ Ligue ១ កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ ក្នុង​នោះ Kylian Mbappe រក​បាន​២​គ្រាប់​ម្នាក់​ឯង ធ្វើ​ឲ្យ​ភាគរយ​ក្នុង​ការ​ប្រជែង​យក​ស្បែកជើង​មាស​ពី Messi កាន់​តែ​មាន​សង្ឃឹម។

Messi ជា​បេក្ខភាព​ទី​១​ក្នុង​ការ​ប្រជែង​ស្បែកជើង​មាស​​របស់​ទ្វីប​អឺរ៉ុប ។ គិត​មក​ទល់​​ពេល​នេះ ម្ចាស់​ស្បែក​ជើង​មាស​៥​សម័យ​កាល​របស់ UEFA រក​បាន​៣៤​គ្រាប់ ហើយ​នឹង​ត្រូវ​​ប្រកួត​​បិទ​រដូវ​កាល​ទល់​នឹង Eibar នៅ​រាត្រី​នេះ។

សរុប​មក​ទាំង PSG និង Barcelona ឈាន​ដល់​ប្រកួត​ទី​៣៧​ដូច​គ្នា ខណៈ​ដែល Messi ​ស៊ុត​បាន ៣៤ គ្រាប់ ហើយ​ក្រោយ Mbappe ស៊ុត​បន្ថែម​២​គ្រាប់​យប់​មិញ ធ្វើ​ឲ្យ​កីឡាករ​វ័យ ២០​ឆ្នាំ រក​បាន​៣២គ្រាប់ កាន់​តែ​ប្រកៀកប្រកិត​នឹង​ Messi។

ក្នុង​ការ​ប្រកួត​​របស់ PSG យប់​មិញ គេ​សង្កេត​ឃើញ​ថា ២​គ្រាប់​ដំបូង​រក​បាន​ដោយ Di Maria និង​ Cavani ធ្វើ​ឲ្យ​ Mbappe ហាក់​មិន​សូវ​សប្បាយ​ចិត្ត​សោះ ព្រោះ​មិន​ពេញ​ចិត្ត​នឹង​ក្រុម​ដែល​មិន​ព្រម​ផ្តល់​ឱកាស​ឲ្យ​ខ្លួន​ស៊ុត​បន្ថែម​គ្រាប់។

ការ​ប្រកួត​នៅ​រាត្រី​នេះ Messi ត្រូវ​តែ​​ប្រឹង​រក​គ្រាប់​បាល់​បន្ថែម​ទៀត​ឲ្យ​បាន​ច្រើន បើ​មិន​ដូច្នោះ​ទេ​ឱកាស​​​ស្បែកជើង​មាស​នឹង​របូត​ឲ្យ Mbappe ដែល​នឹង​នៅ​សល់​១​ប្រកួត​ទៀត​នៅ​ចុង​សប្តាហ៍​ក្រោយ ខណៈ​ការ​ប្រកួត​ចុង​ក្រោយ​របស់ Barca គឺ​ត្រូវ​អស់​ត្រឹម​យប់​នេះ​ហើយ។

ពាន​រង្វាន់​ស្បែកជើង​មាស​​របស់ UEFA ​ផ្តល់​ឲ្យ​កីឡាករ​ដែល​ស៊ុត​បាន​ច្រើន​គ្រាប់​បំផុត​សម្រាប់​លីគ​​​កំពូល​នៅ​អឺរ៉ុប ហើយ Messi កំពុង​ស្បែក​រក​ឱកាស​គ្រង​ស្បែក​ជើង​មាស​ជា​លើក​ទី​៦។

Messi ​ជា​កីឡាករ​ម្នាក់​គត់​ធ្លាប់​​ឈ្នះ​ស្បែកជើង​​​មាស​ទ្វីប​អឺរ៉ុប​៥​ដង​ច្រើន​ជាង​​កីឡាករ​ណាៗ​ទាំង​អស់​​ចាប់​​ពី​ការ​​បង្កើត​រង្វាន់​នេះ​ឡើង​ដំបូង​តាំង​ពី​​ឆ្នាំ ១៩៦៨​មក៕

អាន៖ ពី​ ៤៣​ ទៅ ១៩២​លាន​​ដុល្លារ Salah នៅ​លេខ​រៀង​ទី​៤​ក្នុង​ចំណោម​កីឡាករ​​​​ថ្លៃ​បំផុត​ទាំង​១០​​នា​បច្ចុប្បន្ន

អត្ថបទ៖ សុខ លាងហ៊ត