មែនទែនហើយ! ម៉ាឡេស៊ីប្រើធម៌ក្ដៅ ចាប់ខ្លួនអ្នកនេសាទវៀតណាមខុសច្បាប់ ១២៣នាក់

  • 2019-05-21 08:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ម៉ាឡេស៊ី បាន​ធ្វើ​ការ​ឃាត់​ខ្លួន​អ្នក​នេសាទ​ជនជាតិ​វៀតណាម​ចំនួន ១២៣​នាក់​រួម​ជាមួយ​ទូក​នេសាទ​២៥​គ្រឿង​ដោយ​ចោទ​ប្រកាន់​ថា​ជា​ការ​នេសាទ​ខុសច្បាប់​ក្នុង​ដែន​ទឹក​របស់​ខ្លួន។

យោង​តាម The Star Online ឲ្យ​ដឹង​ថា​យុទ្ធនាការ​បង្ក្រាប​ការ​នេសាទ​ខុស​ច្បាប់​របស់​ម៉ាឡេស៊ី ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "Op Naga” ដឹក​នាំ​ដោយ​ភ្នាក់​ងារ​អនុវត្ដ​ច្បាប់​ដែន​សមុទ្រ​ម៉ាឡេស៊ី និង​បាន​ចូលរួម​កិច្ច​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​ល្បាត​តាម​ដែន​ទឹក និង​ដែន​អាកាស​នៅ​រដ្ឋ Pahang, Terengganu និង Kelantan។ ចំណែក​ឯ​ក្រសួង​មហាផ្ទៃ​ម៉ាឡេស៊ី​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ជនជាតិ​វៀតណាម​ទាំង​អស់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន នឹង​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ក្រោម​ច្បាប់​ជលផល​ក្រោយ​ពួកគេ​ធ្វើ​ការ​នេសាទ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ក្នុង​ដែន​ទឹក​ម៉ាឡេស៊ី។

ប្រភព​ដដែល​បន្ដ​ថា "យុទ្ធនាការ Op Naga នឹង​ត្រូវ​បន្ដ​ធ្វើ​ឡើង​ដើម្បី​ធានា​ថា​​មិន​មាន​ការ​រំលោភ​បំពាន​ក្នុង​ដែន​ទឹក​ម៉ាឡេស៊ី និង​ដើម្បី​ធានា​ថា​អ្នក​នេសាទ​ក្នុង​ស្រុក​អាច​ធ្វើ​ការ​នេសាទ​ដោយ​គ្មាន​ការ​រំខាន និង​ការ​ប្រកួត​ប្រជែង​ពី​អ្នក​នេសាទ​បរទេស។”

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៨​មក ទូក​វៀតណាម​បាន​ចូល​ទៅ​នេសាទ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​ដទៃ​ចំនួន ១០១​ករណី​ហើយ ដោយ​ក្នុង​នោះ​ទូក​ចំនួន ១៦៣​គ្រឿង និង​ជនជាតិ​វៀតណាម ១ ២៥៨​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន និង​រក្សា​ទុក៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ រ័ត្ន