ទីក្រុង​បុរាណ​អាយុ​ជាង ​១​១ ០០០ ឆ្នាំ​នឹង​បន្សល់​ត្រឹម​ការ​ចងចាំ​ក្រោម​គម្រោង​អភិវឌ្ឍ​មួយ

  • 2019-05-25 04:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​ហាសាន់ឃីហ្វ (Hasankeyf) ប្រទេស​ទួរគី​នឹង​រលាយ​បាត់​រូប​រាង​ពី​ផែនដី​នេះ ហើយ​នៅ​សល់​​​​ត្រឹម​ជា​អ្នក​ចងចាំ​ប៉ុណ្ណោះ។ នេះ​បើ​តាម Business Insider ចុះ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ។

រាប់​ចាប់​ពី​ខ្លោងទ្វារ​មុខ​របស់​ទីក្រុង​បុរាណ មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ដើម​ឈើ​ហូបផ្លែ​ ប្រាសាទ​ប្រវត្តិសាស្ត្រ និង ផ្ទាំង​ថ្ម​រដឹក​រប៉ាត់រប៉ាយ​នៅ​តាម​បណ្តោយ​ស្ទឹង​ទីគ្រីស (Tigris) នៅ​ភូមភាគ​អាគ្នេយ៍​ប្រទេស​ទួរគី។

បុរាណ​វិទូ​ជឿថា​ប្រវត្តិសាស្ត្រ​របស់ ហាសាន់ឃីហ្វ ចាប់ផ្តើម​តាំង​ពី​ ១១ ០០០ ឆ្នាំ​មក​ហើយ ដោយ​ផ្អែក​លើ​សំណល់​លោហៈ​​ដែល​សល់​តាំង​ពី​សម័យ​យុគថ្ម​បំបែក ហើយ​រូងភ្នំ​ជា​ច្រើន​មិន​ត្រូវ​បាន​គេ​ប៉ះពាល់​រហូត​ដល់​ឆ្នាំ ១៩៧០។

អស់​ជា​ច្រើន​សតវត្ស​ទន្លេ​ទីគ្រីស​របស់​ទីក្រុង​ហាសាន់ឃីហ្វ​បាន​ដើរ​តួនាទី​ដ៏​សំខាន់​សម្រាប់​​ផ្លូវ​ជំនួញ​សូត្រ (Silk Road) ដើម្បី​ឆ្លង​កាត់​ទៅ​កាន់ អាស៊ីរៀន អាយូប៊ីដ និង ចក្រភព​អូតូម៉ង់។ ​នៅ​សតវត្ស​ទី ១៣ វា​​ក៏​ធ្លាប់​ត្រូវ​បាន​ត្រួតត្រា​ដោយ​ពួក​ម៉ុងហ្គោល។

បច្ចុប្បន្ន ទំនប់​វារីអគ្គិសនី​​​អ៊ីលីស៊ូ (Ilisu) ប្រមាណ​៤០​គីឡូម៉ែត្រ​ត្រូវ​បាន​សាងសង់​រួចរាល់​ហើយ ដែល​អាច​ទប់​ទឹក​រហូត​ដល់​កម្ពស់​ ១២៦ ម៉ែត្រ។ បើតាម​រដ្ឋាភិបាល​ទួរគី​បាន​ឱ្យ​ដឹងថា​គម្រោង​នេះ​ត្រូវ​ចាយ​លុយ​ប្រមាណ ១,៣ ពាន់​លាន​ដុល្លារ ដែល​អាច​ផលិត​អគ្គិសនី ៣,៨០០ ជីហ្គា​វ៉ាត់ ជា​រៀង​រាល់​ឆ្នាំ។

ទំនប់​វារីអគ្គិសនី​​​អ៊ីលីស៊ូ

​​ប្រជាជន​តិច​ជាង ២,៥០០ នាក់​ដែល​កំពុង​បន្ត​រស់នៅ​ ហាសាន់ឃីហ្វ ប៉ុន្តែ​​ពួកគេ​អាច​នឹង​ត្រូវ​​តម្រូវ​ឲ្យ​ផ្លាស់​លំនៅ​ថ្មី​ដោយសារ​​តែ​ការ​បារម្ភ​ខ្លាច​មាន​ជំនន់​ដែល​កាច​សាហាវ​ខ្លាំង​ព្រោះ​តែ​ទំនប់​នេះ​​អាច​ផ្ទុក​ទឹក​រហូត​ដល់​កម្ពស់​​រាប់​រយ​ម៉ែត្រ៕

អាន៖ ចង់​មាន​អារម្មណ៍​ថា​ត្រលប់​ទៅ​អតីត​កាល​ជាង ២៣០០​ឆ្នាំ​មុន? ក្រុង​បុរាណ Langzhong របស់​ចិន​នឹង​ធ្វើ​ឲ្យ​អ្នក​​​មាន​អារម្មណ៍​នេះ

អាន៖ កោះ​១០ បើ​អ្នក​ដែល​បាន​ទៅ​ដល់​​ទីនោះ​ច្បាស់​ជា​ស៊យ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខ លាងហ៊ត