លេច​ធ្លោ​ខ្លាំង​ កូន​ប្រុស​តារា​សម្តែង​ខ្មែរ​នៅហូលីវូដជាប់ជម្រើសតំបន់នៅបារាំង

  • 2019-06-13 23:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ខ្មែរ​-បារាំង​ Maurice CHAN ​​ដែល​ធ្លាប់​សម្ដែង​ជាមួយ​​តារា​ក្បាច់​គុន​ចិន​ដ៏​ល្បីល្បាញ​​ លី លានជា (Jet Li)​ច្រើន​ឆ្នាំ​ហើយ​នោះ​ ពេល​នេះ​កូន​ប្រុស​សំណព្វ​ចិត្ត​របស់​លោក​កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន ហើយ​ចុង​ក្រោយ​បំផុត​បាន​ជាប់​ក្រុម​ប្រចាំ​តំបន់​​​ដែល​ត្រូវ​​លេង​ទូទាំង​ប្រទេស​បារាំង។

យុវជន Loic Chan (រូបថត៖ ផ្តល់​ឲ្យ)

លោក​ Maurice Chan បាន​ប្រាប់​ថា​ ឥឡូវ​នេះ​កូន​របស់​លោក​ជាប់​ជម្រើស​ក្រុម​​​អាយុ​១៤​ឆ្នាំ​ប្រចាំ​តំបន់​ Occitanie U14។ ក្រុម​តំបន់​នេះ​នឹង​ចូល​រួម​ប្រកួត​ពាន​រង្វាន់​​ Interligues Espoirs du Foot U14​ដែល​ចូល​រួម​ប្រកួត​ពី​​ក្រុម​ផ្សេង​ៗ​​ក្នុង​ប្រទេស​បារាំង​ពី​ថ្ងៃ​ទី​១៨​ ដល់​​ទី​២០​ ខែ​មិថុនា ឆ្នាំ​២០១៩។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ​គឺ​កុមារា​Loic Chan ជា​យុវជន​តែ​ម្នាក់​គត់​របស់​ក្លឹប​ Balma Sport Club ដែល​ត្រូវ​បាន​ជ្រើស​រើស​​ចូល​រួម​ជា​មួយ​ក្រុម​តំបន់​ Occitanie U14។

បញ្ជី​ឈ្មោះ​ក្រុម​តំបន់ Occitanie U14 (រូបថត៖ ផ្តល់​ឲ្យ)

យុវជន​ Loic CHAN ​អាយុ​​១៤​​ឆ្នាំ​​​មាន​ចំណង់​​ចំណូល​ចិត្ត​ និង​​ហ្វឹកហាត់​បាល់ទាត់​តាំង​ពី​​អាយុ​៥​ឆ្នាំ។ ​ដើម​ឡើយ​ រូប​គេ​​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​ Castelnaudar ​៤​ឆ្នាំ​មុន​ពេល​​បន្ត​ចូល​ក្រុម​ Revel បាន​​៣​ឆ្នាំ​ ហើយ​ចុង​ក្រោយ​នេះ​ជា​យុវជន​របស់​ក្លឹប​ Balma Sporting Club ​ឆ្នាំ​​២០១៨។ សព្វ​ថ្ងៃ​នេះ​ជា​យុវជន​​អាយុ​១៤​ឆ្នាំ​របស់​ក្លឹប​ Balma Sporting Club។

តាម​ព័ត៌មាន​​ ladepeche បាន​ផ្សាយ​​ថា Loïc មាន​ចំណូល​ចិត្ត​ខុស​ពី​ឪពុក​ដែល​ជា​អ្នក​លេង​ក្បាច់​គុន។ កុមារា​នេះ​ចាប់​ផ្តើម​លេង​បាល់​តាំង​ពី​​តូច​​ដែល​បាន​ហ្វឹកហាត់​ជា​មួយ​ Castelnaudar។ ពេល​នោះ​មាន​ក្មេង​ចំនួន​​៦៣​នាក់​បាន​ទៅ​ធ្វើ​តេស្ត​ ប៉ុន្តែ​មាន​តែ​១៣​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជ្រើស​រើស​​ក្នុង​នោះ​មាន​កុមារ​ Loïc ម្នាក់​ដែរ។

លោក​ Maurice Chanនិយាយ​ថា​ លោក​ពិត​ជា​​រំភើប​​ណាស់​ដែល​កូន​មាន​ដុង​ខាង​កីឡា។ លោក​ចង់​ជំរុញ​កូន​ឲ្យ​ក្លាយ​ជា​កីឡាករ​អាជីព​លំដាប់​ពិភព​លោក​ ប៉ុន្តែ​អាស្រ័យ​លើ​ចំណង់ចំណូល​ចិត្ត​របស់​កូន​ជា​មុន​សិន។

លោក​​​មាន​អារម្មណ៍​មោទនភាព​ បើ​ថ្ងៃ​ណា​មួយ​កូន​ប្រុស​បាន​ជួយ​ដល់​បាល់ទាត់​កម្ពុជា។ លោក​ធ្លាប់​បាន​និយាយ​ពី​​បាល់ទាត់​កម្ពុជា​ឲ្យ​កូន​ដឹង​ ហើយ​កូន​ពិត​ជា​ចង់​ជួយ​កម្ពុជា។ ជា​ពិសេស​កូន​ប្រុស​របស់​លោក​ស្គាល់​ ធារី ចន្ថាប៊ីន ​មក​ពី​បារាំង​ រូប​គេ​ចង់​​​ជួយ​កម្ពុជា​ដូច​ ចន្ថាប៊ីន​ដែរ។ តាម​ពិត​ទៅ​លោក​ធ្លាប់​យក​កូន​កម្ពុជា​ម្តង​កាល​ពី​ឆ្នាំ​២០១៦​ និង​ធ្លាប់​បាន​ហ្វឹកហាត់​ជា​មួយ​យុវជន​ភ្នំពេញ​ក្រោន​ទៀត​ផង។

យុវជន Loic Chan ស្ថិត​ក្នុង​ក្រុម U14 Balma S.C (រូបថត៖ ផ្តល់​ឲ្យ)

លោក​ Maurice Chan ដែល​មាន​ឪពុក​ម្តាយ​ជា​ខ្មែរ​បាន​ហាត់​ក្បាច់​គុន​តាំង​ពី​អាយុ​១៧​ឆ្នាំ។ ​ការ​ហ្វឹកហាត់​នេះ​​​ជំរុញ​ចិត្ត​​​ដោយ​​សារ​រូប​គេ​ ​មាន​តារា​ជា​និមិត្តរូប​​ជាច្រើន​ដូចជា​​ ឈិន ឡុង​ (Jacky Chan), ​លី ស៊ាវឡុង ​(Bruce Lee)​ ​លី លានជា (Jet Li) ​និង​ Jean-Claude Vandamme។ ​លោក​មាន​គ្នា​​២៥ ​នាក់​ដែល​បាន​​ក្លាយ​ជា​ក្រុម​ Stunt ​​​លេខ ១ ​នៅ​អឺរ៉ុប។ ​ក្រុម​របស់​លោក​បាន​ដើរ​សម្ដែង​ Show ​នៅ​ជុំវិញ​ពិភពលោក​​តាំងពី​កាណាដា ​​ធ្លាយ​ដល់​អឺរ៉ុប​ គុយវ៉ែត ​អាហ្វ្រិក ​​និង​​ថែម​ទាំង​បាន​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​ Britain's Got Talent ​ក្នុង​ឆ្នាំ ​២០១២​ ​ទៀត​ផង។ ​​​​​​​​​​

លោក Maurice Chan (រូបថត៖ ផ្តល់​ឲ្យ)

លោក​ ​Maurice ​ចាប់​ផ្ដើម​​ធ្វើ​ជា​តួ​​វាយតប់​ ​(Stunt) ​​ក្នុង​ប្រទេស​បារាំង​តាំងពី​ឆ្នាំ​ ២០០០ ​មក​ ដោយ​ធ្វើ​ការ​ជាមួយ​អ្នក​រៀបចំ​ប្លង់​វាយ​តប់​ ​និង​ឈុត​គ្រោះថ្នាក់​មួយ​ចំនួន​​ដូចជា​ Alain Figlarz, ​Olivier Schneider, ​Phlippe Guegan,​ Laurent Demianoff។ ​ដោយសារ​​​មើល​ឃើញ​សមត្ថភាព ​​​​និង​ជឿជាក់​​ថា ​គេ​អាច​ធ្វើ​បាន​ ​​ទើប​​ ​Maurice ​​ត្រូវ​ផ្ដល់​​​ឱកាស​ឲ្យ​​ថត​រឿង​ជា​ហូរហែ​ឥត​ដាច់។ ​​រឿង​ហូលីវូដ​ដែល​រូប​គាត់​សម្ដែង​​ដំបូង​មាន​ចំណង​ជើង​ថា​ "Unleashed”​ ឬ​ “Danny the Dog” ​ជា​ភាសា​បារាំង​ ដែល​សម្ដែង​ជាមួយ​ លី លានជា (Jet Li) ​និង​ Morgan Freeman​ ក្នុង​ឆ្នាំ ២០០២ ​មុន​នឹង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ ​២០០៥។ ​​រឿង​ហូលីវូដ​ដែល​គាត់​ធ្លាប់​សម្ដែង​ផ្សេង​ទៀត​​រួម​មាន ​"From Paris with Love (2010)”, ​”District 13 Ultimatum (2009)” ​និង​ "Lucy (2014)”។ ​ក្រៅ​ពី​នេះ​ នៅ​មាន​ភាពយន្ត​បារាំង ​និង​ឥណ្ឌា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​លោក​​បាន​ចូលរួម​សម្ដែង៕

លោក Maurice Chan ថត​ជា​មួយ​​មិត្ត​រួម​អាជីព (រូបថត៖ ផ្តល់​ឲ្យ)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី