Jorginho បង្ហើប​ថា​ ភ្នាក់ងារ​ធ្លាប់​ធ្វើ​ស៊ី​លុយ​កាក់​របស់​ខ្លួន

  • 2019-06-17 11:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Chelsea កីឡាករ​ Jorginho បាន​ប្រាប់​គេហទំព័រ​ក្លឹប​របស់​ខ្លួន​ថា​ ភ្នាក់ងារ​របស់​ខ្លួន​ធ្លាប់​កេងប្រវ័ញ្ច​លុយកាក់​របស់​ខ្លួន កាល​នៅ​ជា​យុវជន។

Jorginho ជា​កីឡាករ​អ៊ីតាលី តែ​ធំធាត់​ដឹងក្ដី​នៅ​ប្រទេស​ប្រេស៊ីល។ កាល​នៅ​ជា​យុវជន​រូប​គេ​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ដែល​ធ្វើ​ឲ្យ​ភ្នាក់ងារ​បាល់ទាត់​ម្នាក់​នាំ​រូប​គេ​ទៅ​លេង​នៅ​អ៊ីតាលី កាល​ពី​អាយុ​ ១៥​ឆ្នាំ។

ពេល​លេង​នៅ​ទឹកដី​អ៊ីតាលី Jorginho បាន​លេង​ឲ្យ​ក្លឹប​យុវជន Berretti ដែល​ជា​ផ្នែក​មួយ​នៃ​ក្លឹប​ Verona។ នៅ​ពេល​រូប​គេ​លេង​នៅ​ទីនោះ គេ​បាន​ជួប​កីឡាករ​ប្រេស៊ីល ហើយ​ក៏​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក លុះ​ដល់​និយាយ​រឿង​លុយកាក់ Jorginho បាន​ប្រាប់​ថា​ ខ្លួន​រក​បាន ២០អឺរ៉ូ (ជាង ២២​ដុល្លារ) មួយ​សប្ដាហ៍ កីឡាករ​ប្រេស៊ីល​នោះ​ក៏​ប្រាប់​ថា​ មាន​រឿង​មិន​សូវ​ស្រួល​ហើយ។

កីឡាករ​ប្រេស៊ីល​នោះ​សួរ​ចុះ​សួរ​ឡើង​ បាន​ដឹង​ថា​ ភ្នាក់ងារ​របស់ Jorginho នោះ​ ធ្វើ​ស៊ី​សោះ ពេល​នោះ​ខ្សែ​បម្រើ​អ៊ីតាលី​រូប​នេះ ក៏​ទូរស័ព្ទ​ប្រាប់​ម្ដាយ​របស់​ខ្លួន​ពី​ដំណើរ​រឿង​ទាំង​អស់​នេះ ហើយ​ខ្លួន​ចង់​បោះបង់​បាល់ទាត់​ចោល ប៉ុន្តែ​ម្ដាយ​របស់ Jorginho បាន​ប្រាប់​ឲ្យ​ទ្រាំ​បន្តិច​ទៀត​សិន។

រហូត​មក​ដល់​ឆ្នាំ​២០១៤ Jorginho បាន​ចូល​មក​លេង​ឈុត​ធំ Verona រួច​ក្លឹប​ Napoli ក្រោម​ការដឹកនាំ​របស់​ Maurizio Sarri ក៏​ទិញ​មក ហើយ​ឆ្នាំ​២០១៨​ រូប​គេ​ក៏​បាន​មក​លេង​នៅ​ក្លឹប​ Chelsea៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី