ស្លាប់យ៉ាងហោច ១២នាក់ និងរបួសរាប់រយនាក់ ក្រោយគ្រោះរញ្ជួយដីវាយប្រហារនៅចិន (មានវីដេអូ)

  • 2019-06-19 02:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ១២​នាក់ ត្រូវ​បាន​ស្លាប់ និង​ជាង ១០០​នាក់​ផ្សេង​ទៀត​រងរបួស​ក្រោយ​ពេល​ដែល​គ្រោះ​រញ្ជួយ​ដី​កម្រិត​ខ្លាំង​វាយ​ប្រហារ​ភាគ​និរតី​ប្រទេស​ចិន​ក្នុង​ខេត្ត Sichuan។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ចិន​ឲ្យ​ដឹង​ថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,០​វ៉ិចទ័រ ​បាន​វាយ​ប្រហារ​នៅ​តំបន់ Yibin កាល​ពី​យប់​ថ្ងៃ​ចន្ទ​កន្លង​ទៅ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៤​ពាន់​នាក់ ត្រូវ​ជម្លៀស​ខ្លួន​ដោយ​សារ​ផ្ទះ​សម្បែង​របស់​ពួកគេ​ត្រូវ​បំផ្លិចបំផ្លាញ។ ទូរទស្សន៍​រដ្ឋ​ចិន បាន​បង្ហាញ​ពី​ទិដ្ឋភាព​ក្រោយ​គ្រោះ​រញ្ជួយ​ដី​ដែល​អ្នក​ជួយ​សង្គ្រោះ​ព្យាយាម​ទាញ​អ្នក​ជាប់​ក្រោម​គំនរ​អគារ ក៏​ដូច​ជា​ផ្លូវ​ជា​ច្រើន​ត្រូវ​រាំង​ស្ទះ​ដោយ​ការ​បាក់​ដី​ផង​ដែរ។ ចំណែក​ឯ​នៅ Chengdu ប្រព័ន្ធ​ប្រកាស​អាសន្ន​ បាន​បន្លឺ​ឡើង​ពេញ​ទីក្រុង​រយៈ​ពេល​មួយ​នាទី មុន​ពេល​ដែល​គ្រោះ​រញ្ជួយ​ដី​វាយ​ប្រហារ។

ក្រោយ​កើតហេតុ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ជាង ៥០០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​រងគ្រោះ​ដើម្បី​ជួយ​ជម្លៀស​ប្រជាជន​ដែល​រង​គ្រោះ និង​ផ្ដល់​ជម្រក​បណ្ដោះ​អាសន្ន៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម