ភាពជាដៃគូដ៏រឹងមាំដើម្បីលើកកម្ពស់ការយល់ដឹង អំពីតម្រូវការសកម្មភាពដ៏ចាំបាច់ដើម្បីបរិស្ថាន

  • 2019-06-21 07:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពជាដៃគូរវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា និងអង្គការស្ទីមកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បានប្រព្រឹត្តទៅជាផ្លូវការកាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ តាមរយៈអនុស្សរណៈ នៃការយោគយល់។

អង្គការទាំង២ស្ថាប័ននេះ មានបំណងបណ្ដុះស្មារតីយុវជនកម្ពុជាឱ្យស្រឡាញ់ និងចូលចិត្តវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម សិល្បៈ និងគណិតវិទ្យា ដើម្បីអនាគតកម្ពុជាដ៏ត្រចះត្រចង់ តាមរយៈកម្មវិធី ព្រឹត្តិការណ៍ ឬមហោស្រពពិព័រណ៍នានា។

អនុស្សរណៈ នៃការយោគយល់នេះផ្ដល់នូវឱកាសដ៏មានតម្លៃក្នុងការអនុវត្តសកម្មភាពរបស់អង្គការ ដែលស្របទៅនឹងគោលដៅរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ដើម្បីរួមគ្នាបង្កើតសកម្មភាពដ៏ល្អប្រសើរ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានបញ្ហាក់ថា ៖ «កិច្ចសហប្រតិបត្តិការបែបនេះ គឺជាជំហានដ៏ត្រឹមត្រូវស្របទៅតាមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងវិស័យបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព និងបម្រើដល់ផលប្រយោជន៍រួម ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពនៃប្រទេសកម្ពុជា ជាពិសេសជំរុញ និងលើកកម្ពស់ការសា្រវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបៃតង ការប្រើប្រាស់ដោយចីរភាព ការគ្រប់គ្រង និងកាត់បន្ថយសំណល់។»

ឯកឧត្តម អ៊ាង សុផល្លែត

នាយិការអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា លោកស្រីបណ្ឌិត Una McCarthy-Fakhry ក៏បានលើកឡើងដែរថា ៖ «តម្រូវការការអប់រំស្ដីពីបរិស្ថាន គឺកាន់តែច្រើនឡើង។ យុវជននាពេលបច្ចុប្បន្ននឹងប្រកបការងារផ្សេងៗនៅថ្ងៃអនាគត ហើយការដែលពួកគាត់គាំទ្រដល់ការអនុវត្តការងារដើម្បីបរិស្ថានបៃតងនៅរាល់ទិដ្ឋភាពទាំងអស់នៃជីវិត គឺជាប្រការមួយដ៏សំខាន់។»

ដើម្បីបង្ហាញនូវការគោរព ក៏ដូចជាការប្ដេជ្ញាចំពោះអនុស្សរណៈនេះ លោកស្រីបណ្ឌិត Una McCarthy-Fakhry បានប្រកាសថា មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា ខាងមុខនេះ នឹងប្ដេជ្ញាលើកកម្ពស់ការអប់រំបរិស្ថាន ហើយព្រឹត្តិការណ៍នេះនឹងរៀបចំឡើងដោយមានទម្រង់ជាបរិស្ថានបៃតង និងជាលើកដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក លោក សេង រតនា ប្រធាននាយកអង្គការស្ទីមកម្ពុជា ក៏បានថ្លែងផងដែរថា ៖ «យើងខ្ញុំមានសេចក្ដីសោមនស្សរីករាយ ចំពោះការសហការជាមួយក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការយល់ដឹងអំពីតម្រូវការសកម្មភាពដ៏ចាំបាច់ ជុំវិញបញ្ហាបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។»

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ អង្គការពិព័រណ៌វិទ្យាសាស្រ្តកម្ពុជា តាមរយៈអ៊ីមែល

  • wro@stemcambodia.ngo
  • ទូរស័ព្ទ 023 72 72 62
  • វិបសាយ៖ http://www.stemcambodia.ngo/world-robot-olympiad/

អត្ថបទ៖ Sponsor

អត្ថបទពេញនិយម