ចេញពីតុ ចូលព្រៃ

  • 2019-06-21 08:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Vayo
  • សហការជាមួយ wapatoa.com

ខ្ញុំធ្លាប់បានប្រាប់មិត្តម្នាក់ឲ្យប្រើប្រាស់កម្មវិធី ណយស្លុី (Noisli) ហើយគាត់ប្រាប់ខ្ញុំថា ដោយសារវា គាត់មានចិត្តស្ងប់ជាងមុន ដែលជាហេតុនាំឲ្យខ្ញុំចង់ចែករំលែកកម្មវិធីនេះ ទៅអ្នកទាំងអស់គ្នាដែរ!

តាមពិតទៅ ពេលយើងចង់ផ្ចង់អារម្មណ៍ វត្ថុដែលនៅជុំវិញខ្លួនយើងមានសារៈសំខាន់ខ្លាំងណាស់។ ពេលខ្លះមិត្តយើងព្យាយាមចង់និយាយជាមួយយើង ពេលខ្លះទៅមានគេស្វានជញ្ជាំងនៅជាប់ផ្ទះមិនឈប់មិនឈរ។

អ្នកអាចព្យាយាមបើកបង្អួចដើម្បីលឺសម្លេងចាបយំ ឬដើរចេញក្រៅប៉ុន្មានជុំដើម្បីស្រូបខ្យល់បរិសុទ្ធ។

តែកន្លែងដែលយើងធ្វើការមិនមែននៅក្នុងគិរីរម្យនោះទេ។ ពេលយើងបើកបង្អួចមក លឺតែសំឡេង​ឡានជិះកាត់ ពេលយើងឈាន​ជើង​ចេញពីការិយាល័យ នៅខាងក្រៅមិនមែនជាព្រៃនៅមណ្ឌលគិរីនោះទេ។

ការបំពល់សម្លេង គឺជាបញ្ហាធំមួយ (នេះរឹតតែធំសម្រាប់អ្នកដែលងាយលឺសម្លេងជាងអ្នកផ្សេង)។ ការបំពល់សម្លេងហ្នឹង អាចមានឥទ្ធពលដល់ខួរក្បាល និងជីវិតរបស់អ្នក ដូចជាតម្លើងអរម៉ូនស្ត្រេសក្នុងខ្លួនអ្នកជាដើម។

តាមពិតទៅ ក៏សមដែរ ដោយសារយើងបានចាកចេញពីជម្រកធម្មជាតិរបស់យើងទៅហើយ។ ពេលគេយកសត្វព្រៃមកដាក់ក្នុងទ្រុងសួនសត្វដែលមានព្រៃតិចនោះ ពួកវាតែងបញ្ចេញរោគសញ្ញាស្ត្រេសតាមផ្លូវកាយ និងផ្លូវចិត្ត។ ពេលមនុស្សយើងធ្វើការនៅកន្លែងដែលមិនមានធម្មជាតិ នោះយើងក៏ដូចគ្នាដែរ ដោយសារយើងមានភាព biophilla (ស្រឡាញ់ធម្មជាតិ)។ ជាតិជាមនុស្ស ពួកយើងកើតមក តែងមានចិត្តចង់នៅជាមួយធម្មជាតិ ដោយសារវាធ្វើឲ្យយើងមានអារម្មណ៍ល្អ! ដោយសារហេតុនេះហើយ មានវិធីច្នៃម៉ូដមួយដែលគេហៅថា biolphilia design (ម៉ូដស្រឡាញ់ធម្មជាតិ) ដែលគេព្យាយាមបញ្ចូលធម្មជាតិ ចូលទៅក្នុងផ្ទះ ឬកន្លែងការងារយើង ដើម្បីឲ្យយើងមានអារម្មណ៍ល្អ និងរស់នៅ ធ្វើការល្អជាងមុន។

ទោះខ្ញុំមិនអាចប្រាប់អ្នកឲ្យដឹកដើមឈើដាក់ចូលក្នុងកន្លែងការងារអ្នកក្តី ក៏អ្នកនៅអាចនាំព្រៃចូលក្នុងការិយាល័យអ្នកជានិច្ច! ធ្វើម៉េចទៅ?

ប្រើ ណយស្លុី (Noisli) ទៅ!

នេះជាវីដេអូខ្លីមួយប្រាប់អ្នកថាប្រើវារបៀបម៉េច។

សម្រាប់ខ្ញុំ ពេលបានលឺសម្លេងចាបយំ និងខ្យល់បក់ ខ្ញុំតែងមានអារម្មណ៍ស្ងប់ និងអាចផ្ចង់គំនិតបានជានិច្ច។ អ្នកខ្លះវិញចូលចិត្តសម្លេងភ្លើងឆេះ ឬភ្លៀងធ្លាក់។ សំខាន់ អ្នកអាចបង្កើត និងបញ្ចូលសម្លេងធម្មជាតិដែលអ្នកស្រឡាញ់ចូលគ្នាយ៉ាងស្រួល។

សាកធ្វើ ឌីជេធម្មជាតិម្តងមើល៎!

ខ្ញុំដឹងតែម្តង ថាអ្នកនឹងចូលចិត្តកម្មវិធីនេះ!


នៅតែពិបាកផ្ចង់អារម្មណ៍ដោយសារទូរសព្ទរបស់អ្នកមែន? ធម្មជាតិអាចជួយអ្នកបានម្តងទៀតហើយ! អ្នកអាចដូរទូរសព្ទរបស់អ្នកទៅជាព្រៃឈើបាន ហើយខ្ញុំបានសរសេរពីវានៅអត្ថបទមួយផ្សេងទៀតម្តងហើយ។ ចុចទីនេះដើម្បីអានវាណា៎!

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Vayo

អត្ថបទពេញនិយម