ជនជាតិ​ជប៉ុន៖ គ្រាន់តែ​ដើរ​រើស​សំរាម​មាន​អ្វីត្រូវ​ខ្មាសអៀន

  • 2019-06-26 06:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ អ៊ីណូអ៊ី កូជី (INOUE Koji) ​ ហៅ​Aibikiបាន​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​កាលពីជាង​មួយឆ្នាំមុន ហើយ​លោក​បាន​ជ្រើស​យក​កន្លែង​ស្នាក់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ២ នៅ​ជាយ​រាជធានី​ភ្នំពេញ​។​

(លោក​ អ៊ីណូអ៊ី កូជី (INOUE Koji)ពេល​ផ្ដល់បទសម្ភាសន៍)

ដោយ​សារ​តែ​ឃើញ​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​បោះ​សំរាម​ពាស​វាលពាស​កាល​ក្នុង​សហគមន៍​ដែល​លោក និង​អ្នក​ទាំងនោះ​រស់​នៅ លោក Aibiki​ក៏បាន​សម្រេចចិត្ត​ដើរ​រើស​សំរាម​ទាំងនោះ​ច្រក​ថង់​ឲ្យ​បាន​ត្រឹម​ត្រូវ ទុក​ឲ្យ​បុគ្គលិក​ប្រ​មូល​សំរាម​ងាយ​យកទៅ​ចោល​។

មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក​ធ្វើ​ដូចនេះ​គឺ​ដោយសារ​តែ​លោក​បារម្ភពី​សុខភាព​របស់​ក្មេងៗ​រស់​នៅ​ក្នុង​សហគមន៍​នោះ។ លោក​ថ្លែង​ប្រាប់​Sabay ថា​លោក​មិន​ចង់​ឃើញ​ក្មេង​ៗមានជំងឺ​ដោយ​សារតែ​មេរោគ​ចេញពី​សំរាម​នោះទេ។​

លោក​បន្ថែមថា៖ «ជា​ដំបូង​ខ្ញុំ​បាន​មក​ទី​នេះ ឃើញ​ក្មេង​ៗ​លេងជាមួយ​សំរាម ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ជា​ខ្លាំង ហើយ​បើក្មេងៗលេងជាមួយ​សំរាម ហើយ​ទៅ​ហូបនំចំណី នោះ​ប្រាកដណាស់​ថា​មេរោគនឹង​ឆ្លង​ចូល​ក្នុង​ខ្លួន​ពួកគាត់ ដូច្នេះហើយ​បានជា​ខ្ញុំគិត​ថា​ខ្ញុំ​គួរ​តែ​ប្រ​មូល​សំរាម​ដាក់ឲ្យ​បាន​ស្រួល ដើម្បី​មាន​អនា​ម័យ​ដើម្បី​ឲ្យ​ក្មេង​ទាំង​នោះ​លេង​បាន​ស្រួល​បន្តិច»​។

(ចៅសង្កាត់ចោមចៅ២ ផ្ដល់​ថង់​សម្រាប់ដាក់​សំរាម​ដល់​លោក អ៊ីណូអ៊ី កូជី)

នៅ​ពេល​សួរ​ថា​តើ​លោក​មាន​អារម្មណ៍​ខ្មាសអៀន​ឬទេ​នៅ​ពេល​ដើរ​រើស​សំរាម​បែប​នេះនោះ? លោកAibiki​​ បាន​ឆ្លើយទាំង​ញញឹម​ថា​គ្មាន​អ្វី​ត្រូវ​ខ្មាសគេ​នោះទេ ព្រោះថា​នេះ​ជា​រឿង​ល្អ​។​ លោក​បញ្ជាក់ថា៖ «ខ្ញុំ​គិត​ថា​យើង​មិនបាន​ធ្វើ​រឿង​អាក្រក់ អ្វី​មួយ​ទេ ពេល​សំរាម​ពាស​វាលពាស​កាល យើង​សម្អាតទៅ​អារម្មណ៍​ល្អ អ៊ីចឹង​ដូច​ជា​គ្មាន​គំនិត​អ្វីត្រូវ​ខ្មាស​គេ​ទេ...នេះ​ជា​រឿង​ល្អ​ទៅ​វិញ​នេះ​បើ​តាម​ទស្សនៈ​របស់​ខ្ញុំ»។

ថ្វី​បើ​លោក​បាន​ដើរ​រើស​សំរាម​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយចំនួន​បោះចោល​ក៏ពិត​មែន​តែ​លោក​នៅ​តែ ឆ្លៀត​សរសើរ​ពល​រដ្ឋខ្មែរ​មួយចំនួន​ផ្សេង​ទៀតដោយ​ថា​បាន​យល់​ដឹង​ពី​ការ​ទុក​ដាក់​សំរាម និង​បាន​ធ្វើ​កិច្ច​ការ​ទាំងនេះ​រួច​ទៅ​ហើយ។

លោក​មាន​ប្រ​សាសន៍ថា៖ «បើ​តាម​ខ្ញុំ​គិត​ ប្រាកដ​ហើយ ប្រ​ជា​ពល​រដ្ឋខ្មែរ​ជា​ពល​រដ្ឋ​ឆ្លាត គ្រាន់តែ​ជួយ​ផ្ដល់​​យោបល់​ពួក​គាត់​បន្តិច​គាត់​នឹងចាម់អារម្មណ៍​​ធ្វើតាម...ឧទាហរណ៍​​​មានកម្មវិធីនាំកូន​សិស្ស ដើរ​រើស​សំរាម​តាម​ដង​ផ្លូវ ប៉ូលិស​រើសសំរាម​តាម​ដង​ផ្លូវ ខ្ញុំឃើញ​តាម​ហ្វេស​ប៊ុក អ៊ីចឹ​ង​ហើយ​បានខ្ញុំថា​ខ្មែរ​អាច​ធ្វើ​បាន ហើយ​កុំបារម្មណ៍​អី ពួកគាត់​នឹង​អាច​ធ្វើ​បានទៅ​ថ្ងៃក្រោយ ទាក់ទង​នឹង​ការ​សម្អាតបរិស្ថាន»។

(សកម្មភាព​លោក អ៊ីណូអ៊ី កូជី កំពុង​ប្រមូល​សំរាម​)

ជាមួយ​គ្នានេះ​​ដែរ​លោក​បាន​ផ្ដល់ជា​អនុសាសន៍ថា​ការដែល​ជួ​យ​គ្នា​អប់​រំកុមារ​ និង​បណ្ដុះ​ស្មារតី​​ស្រឡាញ់ទីក្រុង​ស្អាតនៅតាម​សាលារៀន​ជា​រឿង​ល្អ​មួយ ហើយ​លោក​ថា​ជប៉ុនបាន​ធ្វើ​ដូច្នេះ​មិន​តិច​ជាង​៣០​ទេ ទើបប្រ​ទេស​ជប៉ុន​ត្រូវ​គេ​មើល​ឃើញថា​ស្អាតដូច​សព្វ​ថ្ងៃ​។

គួរ​បញ្ជាក់ថា​លោកអ៊ីណូអ៊ី កូជី ជា​សាស្រ្តាចារ្យ​ជនជាតិជប៉ុន​មាន​ឯកទេស​ខាង​គ្រប់​គ្រង​សុវត្ថិភាព​ចំណី​អាហារ​ ហើយ​លោក​ធ្លាប់​បាន​បង្រៀន​នៅ​សាកល​វិទ្យាល័យ​នៅ​កម្ពុជាផង​ដែរ ហើយ​ពេលនេះ​លោក​ជា​អ្នក​ឯកទេស​បង្រៀន​ទាក់ទង​នឹង​ការ​រក្សា​​អនាម័យ​នៅ​តាម​ក្រុម​ហ៊ុន​ផ្សេងៗ​​​​៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម