ចងការចងចាំ

  • 2019-06-26 09:30:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

អត្ថបទនេះជាផ្នែកមួយនៃ គម្រោងអុីនធឺណែត ដែលជាក្រុមអត្ថបទមួយក្រុម ដែលយើងព្យាយាមស្វែងយល់ពីឥទ្ធពលរបស់ អុីនធឺណែតមកលើផ្នែកផ្សេងៗនៃជីវិតរបស់យើង!

បើគ្រាន់តែនិយាយពីការចងចាំភ្លាម ម្នាក់ៗនឹងគិតដល់ពេលខ្លួននៅសាលាបឋមសិក្សា ឈរនៅមុខតុគ្រូ ហើយកំពុងព្យាយាមសូត្រច្បាប់ស្រីឲ្យគ្រូស្តាប់។ កាលពីតូច យើងត្រូវបានគេបង្ខំឲ្យសូត្រ និងចាំមេលេខ កំណាព្យ និងចម្រៀង (អានេះមិនសូវមានគេបង្ខំទេ) ច្រើនណាស់ តែតាំងពីយើងមានអុីនធឺណែតមក ច្បាស់ណាស់យើងដូចជាមិនសូវឲ្យតម្លៃលើការសូត្រ និងការចងចាំទៀតទេ។ ចាំបាច់ខំសូត្រនាំតែធ្ងន់ក្បាលធ្វើអ្វី បើគ្រាន់តែចុចឆែកមួយភ្លែតឃើញហើយហ្នឹង? គួរយកខួរក្បាលទុកសម្រាប់ការគិត និងវែកញែកស៊ីជម្រៅវិញល្អជាង។ តែតើការគិតរបៀបនេះត្រឹមត្រូវដែរឬទេ? ឬក៏ពេលដែលយើងឈប់ប្រើប្រាស់ខួរក្បាលដើម្បីគិតទៅ យើងកំពុងតែយល់ព្រមលះបង់ផ្នែកមួយនៃខ្លួនយើងដែលមានតម្លៃបំផុតឥតគណនា?

មុននឹងយើងវែកញែកពីការចងចាំបច្ចុប្បន្ន តោះក្រឡេកក្រោយ ងាកមើលថាតើមនុស្សពីមុនៗមកគេគិតយ៉ាងដូចម្តេចចំពោះបញ្ហានេះ។

បើនៅអ៉ឺរ៉ុបវិញ ឃើញថាប្រវត្តិសាស្ត្ររបស់គេតែងបង្ហាញពីការគោរពស្រឡាញ់ដល់ការចងចាំជានិច្ច។ ឧទាហរណ៍ នៅប្រទេសក្រិច កាលពីសម័យមុន គេធ្លាប់ចាត់ទុកការចងចាំជាទេវតាទៀតផង! (នេះបើចង់អានពីចែនេះបន្ថែម អាចអាននៅទីនេះបាន។) ក៏សមដែរ ដែលពួកប្រជាជនក្រិចកាលពីជំនាន់នោះ គេឲ្យតម្លៃដល់ការចងចាំដល់ថ្នាក់នេះ នោះក៏ដោយសារពេលនោះ ការអប់រំរៀនសូត្ររបស់គេមិនទាន់មានការអានសរសេរច្រើនទេ ពោលគឺគេរៀនដោយការទន្ទេញ និងការនិទានអក្សរសិល្ប៍ល្បីៗតៗគ្នា។ តែដល់ពេលគេចាប់ផ្តើមអានសរសេរច្រើនជាងមុនទៅ​ មនុស្សមិនសូវជាទន្ទេញទៀតនោះទេ ដោយគិតថាអាចទៅរកមើលក្នុងសៀវភៅក៏បានដែរ។ ការដែលមនុស្សធ្វើដូចនេះ ធ្វើឲ្យសូក្រាត (Socrates) ដែលជាទស្សនវិទូក្រិចដែលមានឈ្មោះល្បីនៅជំនាន់នោះ បង្ហាញពីភាពភ័យខ្លាចរបស់ខ្លួន ដោយគាត់ខ្លាចថា សៀវភៅអាចធ្វើឲ្យមនុស្សលែងមានសមត្ថភាពចងចាំបាន។

«គាត់ [សូក្រាត]បាននិយាយថា ទូអែតអើយ… ការចងចាំគឺជាអំណោយដ៏អស្ចារ្យមួយ ហើយយើងគួរហ្វឹកហាត់វាជានិច្ចដើម្បីកុំឲ្យបាត់បង់វា។ ដោយសារការបង្កើតថ្មីរបស់អ្នក [ការសរសេរ] មនុស្សមិនត្រូវការហ្វឹកហាត់ការចងចាំរបស់គេទៀតទេ។ ពេលនេះ គេចាំរឿងអ្វីមួយ មិនមែនដោយសារការខិតខំពីខ្លួនគេទេ តែបែរជាត្រូវពឹងពាក់លើវត្ថុក្រៅខ្លួនទៅវិញ។» [ដកស្រង់ពីសៀវភៅ Phaedrus និពន្ធដោយ ផ្លាតូ (Plato) ]

តែតាមពិតទៅ សូក្រាតមិនគួរណាខ្លាចនោះទេ ដោយសារសៀវភៅមិនបានជំនួសឲ្យការចងចាំឡើយ។ ផ្ទុយទៅវិញ សៀវភៅក្លាយទៅជាវត្ថុសម្លៀងការចងចាំយើងទៅវិញ ដោយសារវាជួយពង្រីកឃ្លាំងចំនេះដឹងរបស់យើង ហើយជម្រុញឲ្យយើងគិតជ្រៅជាងមុន ហើយគិតពីប្រធានបទផ្សេងៗខុសគ្នាច្រើនជាងមុនផងដែរ។ ម៉្យាងទៀត ពេលនៅឆ្នាំមួយពាន់ជាង នៅអ៉ឺរ៉ុប ការសរសេរនិងអាន បានក្លាយទៅជាទម្លាប់ធម្មតារបស់ប្រជាជនគេ។ តែទោះជាយ៉ាងនេះក្តី គេនៅតែផ្តល់តម្លៃដល់ការចងចាំដដែល។ អេរ៉ាស់មូស (ហ្នឹងហើយ ជាឈ្មោះដែលកម្មវិធីអាហារូបករណ៍អេរ៉ាសមូសហ្នឹងឯង) បានសរសេរនៅក្នុងសៀវភៅ អំពីការចម្លងពាក្យ និងគំនិត (On Copia of Words and Ideas) ថា អ្នកប្រាជ្ញក្មេងៗគួរតែកត់ប្រយោគណាដែលទាក់អារម្មណ៍ខ្លួន ដោយសារន័យវាល្អក្តី ដោយសារគេសរសេរបានល្អក្តី ទៅក្នុងសៀវភៅសរសេរមួយក្បាល។ បន្ទាប់មកពួកគេគួរតែទន្ទេញប្រយោគទាំងនោះជារឿយៗ ដោយសារវាដូចជាផ្កាដែលយើងបេះចេញពីសៀវភៅ ហើយមកផ្តិតក្នុងការចងចាំរបស់យើងអញ្ចឹង។ មនុស្សជំនាន់នោះគេដឹងថា ការដែលយើងទន្ទេញដោយមិនយល់ន័យ វាខុសពីការទន្ទេញពេលយើងយល់។ ហើយពួកគេជឿផងដែរថា ក្រោយពេលយើងយល់អ្វីមួយហើយ យើងគួរទន្ទេញវា ដោយសារវានាំឲ្យអត្ថន័យរបស់អត្ថបទនោះ ជ្រាបចូលកាន់តែជ្រៅ ធ្វើឲ្យន័យរបស់វាកាន់តែមុត និងដក់ជាប់ក្នុងខួរក្បាលយើង។ ក្រោយពេលវាដក់ជាប់ក្នុងក្បាលយើងហើយ ទើបយើងអាចច្របល់វាជាមួយគំនិតផ្សេងៗ ដើម្បីបង្កើតអ្វីថ្មីមួយ ដូចដែលពាក្យរបស់ សេណេកា (Seneca) ដែលជាទស្សនវិទូល្បីរបស់ទីក្រុងរ៉ូមសរសេរក្នុងសំបុត្រគាត់៖

«ពួកយើងគួរតែធ្វើខ្លួនដូចជាសត្វឃ្មុំអញ្ចឹង ហើយទុកចំនេះដឹងដែលយើងបានរៀនពីប្រភពខុសៗគ្នា នៅក្នុងរន្ធខុសៗគ្នាផងដែរ […] បន្ទាប់មក យើងគួរច្របល់ទឹកដមទាំងនោះចូលគ្នា បូករួមជាមួយទេពកោសល្យពីកំណើតរបស់យើង ដើម្បីបង្កើតជាសមាសធាតុផ្អែមថ្មីមួយ។ ទោះជាយើងដឹងថាវាធ្វើចេញពីគ្រឿងផ្សំអ្វីខ្លះក៏ដោយ ក៏សមាសធាតុថ្មីនោះ មានសភាពខុសពីប្រភពដើមរបស់វាទាំងអស់់។» ~ សេណេកា (Seneca)។

រូបពី៖ ម៉ាត់ (Matt)

ការទន្ទេញ និងច្របល់បែបនេះក៏មិនខុសពីទំនៀមទម្លាប់របស់អ្នកប្រាជ្ញខ្មែរពីមុនដែរ។ ទោះជាយើងមិនសូវជាមានឯកសារបំភ្លឺក្តី ក៏យើងដឹងថា កាលពីជំនាន់មុន ការអប់រំរៀនសូត្រភាគច្រើនគឺឲ្យសិស្សយល់ និងទន្ទេញធម៌ព្រះពុទ្ធសាសនា។

ដល់ពេលដឹងថាគេឲ្យតម្លៃការទន្ទេញច្រើនអញ្ចឹង ខ្ញុំជឿថាអ្នកខ្លះកំពុងភ័យខ្លួន ដោយសារសម័យនេះ មិនសូវជាមានការទន្ទេញទៀតទេ។ ចាំបាច់ខំទន្ទេញហត់តែមាត់អត់ប្រយោជន៍ធ្វើអ្វី បើយើងគ្រាន់តែចុចទូរសព្ទតែ ២ វិនាទីបានចម្លើយហើយហ្នឹង?

ដើម្បីសម្រេចចិត្តថាយើងគួរឲ្យតម្លៃការចងចាំទៀតឬអត់ យើងគួរមើលបែរមកសួរខ្លួនឯងថា តើការចងចាំមនុស្ស និងការចងចាំឌីជីថលដូចគ្នាឬអត់?

បើសិនជាវាដូចគ្នា នោះយើងមិនចាំបាច់បង្ខំខ្លួនឲ្យសូត្រ ឲ្យទន្ទេញទៀតទេ ដោយសារអុីនធឺណែតដូចជាអណ្តូងដ៏ជ្រៅ ពោរពេញដោយពត៌មានគ្រប់យ៉ាងដែលយើងចង់បាន។ ពេលយើងមិនបាច់ហត់ខួរទន្ទេញ នោះយើងនឹងមានកន្លែងទំនេរ និងកម្លាំងដើម្បីធ្វើអ្វីដែលស្មុគស្មាញជាងនេះ។ ឧទាហរណ៍ ពេលដែលយើងចាប់ផ្តើមប្រើម៉ាស៊ីនគិតលេខអញ្ចឹង។ ពេលគេទើបបង្កើតវាដំបូង អាណាព្យាបាលសិស្សខ្លះនាំគ្នាស្លន់ស្លោរ ដោយសារពួកគាត់ជឿថា ពេលប្រើម៉ាស៊ីនគិតលេខយូរៗទៅ កូនគាត់ភ្លើទៅៗហើយ មិនចេះគិតលេខមាត់នោះទេ។ តែតាមពិតទៅ មានអ្នកវិទ្យាសាស្ត្រឈ្មោះ ហេមប្រ៊ី (Hembree) និង ដេសាត (Dessart) បានធ្វើការស្រាវជ្រាវមួយ ហើយបានរកឃើញថា តាមពិតទៅពេលយើងប្រើម៉ាស៊ីនគិតលេខ យើងឆ្លាតជាងមុននោះទេ។ ក្មេងដែលប្រើវា យល់ពីគណិតវិទ្យាបានច្រើនជាងក្មេងដែលគិតលេខមាត់។

តើយើងក៏ឆ្លាតជាងមុនដែរឬ ប្រសិនបើយើងចាប់ផ្តើមប្រើប្រាស់អុីនធឺណែតសម្រាប់ការចងចាំរបស់យើង? មុននឹងអាចឆ្លើយនឹងសំណួរនេះបាន ទាល់តែយើងដឹងពីប្រភេទនៃការចងចាំសិន។ (ដឹងហើយ ថាមើលទៅវាច្រើន តែខំអានទៅ ព្រោះវាសំខាន់សម្រាប់ការវែកញែករបស់យើង)

បើនិយាយឲ្យស្រួលស្តាប់ ការចងចាំមាន ៣ ប្រភេទ៖

  • ការចងចាំរយៈពេលខ្លី (short-term memory)៖ នេះវានៅក្នុងខួរយើងតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ។ វានៅបានយូរជាងនេះ ប្រសិនបើយើងព្យាយាមទន្ទេញវា។ ហើយការចងចាំរបៀបនេះមានកំណត់ ពោលគឺយើងអាចចងចាំពត៌មានចំនួន ៧ ប៊ីតតែប៉ុណ្ណោះក្នុងពេលតែមួយ។ ឧទាហរណ៍​​ ពេលយើងចាំថាយើងត្រូវបង់លុយ ៦ ដុល្លារមុនពេលចេញពីហាងមួយ។ យើងព្យាយាមទន្ទេញវាក្នុងចិត្ត ដើម្បីកុំឲ្យភ្លេច។ តែគ្រាន់តែបង់រួច ដើរចេញពីហាងបានបន្តិចក៏ភ្លេចពីវាបាត់ទៅហើយ។ តែប៉ុន្មានថ្ងៃក្រោយមក យើងមិនចាំសូម្បីតែចំនួន ៦ ដុល្លារ ឬថាយើងធ្លាប់បានទៅហាងនោះផង។

  • ការចងចាំការងារ (working memory)៖ ការចងចាំប្រភេទនេះក៏មានរយៈពេលខ្លីផងដែរ តែវាខុសពីការចងចាំរយៈពេលខ្លី ដោយសារវាមិនត្រឹមតែត្រូវការចាំពត៌មានទេ យើងត្រូវបំផ្លែងពត៌មាននោះទៀតផង។ ឧទាហរណ៍ថាយើងញ៉ាំអីជាមួយមិត្តភក្តិអស់ ៦ ដុល្លារដោយមានគ្នា ៤ នាក់។ ដូច្នេះ យើងមិនត្រឹមតែត្រូវចាំចំនួន ៦ ដុល្លារនោះទេ តែយើងត្រូវចែកវាជា ៤ ទៀតផង។ ពេលនេះហើយដែលយើងប្រើការចងចាំការងាររបស់យើង។ ហើយបើអ្នកធ្លាប់ព្យាយាមគិតលេខច្រើននោះ អ្នកនឹងដឹងថា ការចងចាំការងាររបស់យើងមិនអាចទទួលពត៌មានច្រើនពេកទេក្នុងពេលតែមួយ។ ដូចការចងចាំរយៈពេលខ្លីអញ្ចឹង វាអាចទទួលបានតែ ៧ ប៊ីតប៉ុណ្ណោះ។

  • ការចងចាំរយៈពេលវែង (long-term memory)៖ ពេលដែលការចងចាំការងាររបស់យើងស្រូបពត៌មានហើយនោះ វាអាចនឹងបន្តដំណើរក្លាយទៅជាការចងចាំរយៈពេលវែងរបស់យើង។ ពេលអ្នកគិតឃើញថា កាលមុនពេលអ្នកព្យាយាមទន្ទេញច្បាប់ស្រីនៅមុខគ្រូមិនចង់ចេញ ហើយចាំថាកាលនោះចិត្តអ្នកភ័យប៉ុណ្ណា (ភ័យខ្លាំងមែនទែនតែម្តង) នៅចាំពីសម្លេងគ្រូអ្នក ក៏ដូចជាបរិយាកាសក្នុងថ្នាក់ដែលពោរពេញដោយភាពស្ងប់ស្ងាត់ និងតក់ស្លុតដោយសារសិស្សផ្សេងៗកំពុងចាំវេនខ្លួនឡើងទន្ទេញ។ នេះហើយជាការចងចាំរយៈពេលវែងរបស់អ្នក ហើយអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញថាវាមានកំណត់ប៉ុណ្ណានោះឡើយ ពោលគឺវាគ្មានកំណត់នោះទេ។

អីលូវ ក្រោយពេលយើងដឹងច្បាស់ពីប្រភេទផ្សេងៗនៃការចងចាំហើយ សាកត្រឡប់ទៅមើលករណីម៉ាស៊ីនគិតលេខវិញទៅមើល។ ពេលសិស្សប្រើវា គេមិនបាច់គិតលេខមាត់ ដែលត្រូវការប្រើប្រាស់ការចងចាំការងារ ដែលមានកំណត់របស់គេទេ។ ពេលដែលម៉ាស៊ីនជួយគិតលេខ គេប្រើការចងចាំការងារ ទៅគិតពីគំនិតអរូបីនៃគណិតវិទ្យាវិញ ដែលនាំឲ្យពួកគេយល់ពីគណិតច្រើនជាងមុន។

រូបពី៖ ទីម៉ូ ខៀលដឺ (Timo Kuilder)

ចុះបើក្រឡេកមកមើលអុីនធឺណែតវិញ តើវាជួយផ្ទុកការចងចាំប្រភេទមួយណា? ត្រូវហើយ វាមិនជួយរំលែកការចងចាំខ្លី ឬការចងចាំការងាររបស់យើងទេ! វាជួយរំដោះការចងចាំរយៈពេលវែងរបស់យើងហ្នឹងឯង!

តើរឿងហ្នឹងល្អ ឬអាក្រក់?

អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយ​ផ្តោត​លើ​ចំណេះដឹង​ចិត្តវិទ្យា សិល្បៈ និង​ការ​អភិវឌ្ឍន៍ខ្លួន

ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!

អត្ថបទ៖ Sokcheng Seang