ធ្វើម៉េចបើគេមិនព្រមស្រឡាញ់ – មេរៀនពីស្យុពេញឺ ភាគ 1/2

  • 2019-06-26 10:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

ចាក់ដោតណាស់! អាណិតប៉ិ (ឬចែ) ក្នុងរូបខាងលើណាស់ គេលេងឡើងបាក់ចង្កេះតែម្តង! តែទោះយើងមិនធ្លាប់ត្រូវបានគេបដិសេធដោយបោះស៊ីមចោលតាមផ្លូវ (ឬកុហកថាខ្លួនជាមីងសយដែលរើសបានស៊ីមតាមផ្លូវ)ខ្ញុំជឿថា មកដល់អាយុប៉ុណ្ណេះៗហើយ យើងសុទ្ធតែធ្លាប់ទទួលបរាជ័យរឿងស្នេហា សុំស្រឡាញ់គេមិនបានតាមចិត្តយ៉ាងហោចណាស់ក៏ម្តងដែរ!

មិនងាយមានទេ ពេលដែលសារភាពស្នេហ៍ទៅគេព្រមទទួលយើង ដោយសារគេលួចស្រឡាញ់យើងដែរនោះ! ទោះយើងជាមនុស្សជោគជ័យ ស្អាតសង្ហារ ចិត្តល្អ ឬកំប្លែងប៉ុណ្ណាក៏ដោយ យើងនៅតែអាចត្រូវបានគេបដិសេធជាដរាបអញ្ចឹង។

ហើយមិនបាច់បញ្ជាក់ក៏យើងម្នាក់ៗដឹងដែរ ពេលគេបដិសេធមិនទទួលយកស្នេហាយើងម្តងៗ ទ្រូងពឺតឈឺផ្សាខ្លាំងណាស់។ ហាក់ដូចជាគេយកញញួរមកកំទេចជំនឿចិត្តរបស់យើងអញ្ចឹង។ គ្រាន់តែគេនិយាយទេភ្លាម យើងចាប់ផ្តើមគិតពិចារណារកចំណុចអាក្រក់របស់ខ្លួនភ្លាម ព្រោះថាប្រសិនបើយើងល្អគ្រប់គ្រាន់ មានមុខមាត់ស្អាតជាងនេះ ឆ្លាតជាងនេះ មានលុយ ពូកែកំប្លែង​ ឬចិត្តល្អជាងនេះនោះ ប្រហែលជាគេព្រមស្រឡាញ់យើងបាត់ទៅហើយ មិនបាច់ឲ្យយើងមកអង្គុយចំបែង លួចយំសោកតែម្នាក់ឯងអស់ជាងបីខែនេះមកហើយនោះទេ។

ទោះយើងបានចំណាយពេលតាមស្រឡាញ់គេអស់បីខែ ឬបីឆ្នាំក្តី ពេលដែលគេមិនព្រមស្រឡាញ់យើងម្តងៗ យើងរមែងឈឺចាប់ខ្លាំងណាស់។ អញ្ចឹងពេលគេបដិសេធមិនព្រមទទួលយកបេះដូងយើងម្តងៗ យើងគួរធ្វើយ៉ាងណាទៅ?

អ្នកខ្លះព្យាយាមបំភ្លេចគេដោយឲ្យកំហឹងជំរុញចិត្តឲ្យខំធ្វើខ្លួនឯងឲ្យល្អ ឲ្យជោគជ័យជាងមុន។ «មិនព្រមស្រឡាញ់យើងផងហ្អេ? ចាំមើលខំទៅហាត់ប្រាណ រកលុយ ហើយខំរៀនជាងមុន។ ឲ្យសមមុខ ស្តាយក្រោយទៅថ្ងៃមុខ!» អ្នកនិពន្ធផ្ទាល់ក៏ធ្លាប់ធ្វើដូច្នេះដែរ ហើយនិយាយត្រង់ វិធីនេះមានប្រសិទ្ធិភាពខ្លាំងណាស់ក្នុងការជំរុញឲ្យយើងធ្វើខ្លួនឲ្យល្អជាងមុន (ពេលត្រូវគេសុំបែកម្តង ខ្ញុំស្រកអស់ ៥ គីឡូឯណោះ!)។ តែទោះជាវាមានប្រសិទ្ធិភាពក្តី វាមិនអាចធ្វើឲ្យយើងបំភ្លេចការឈឺចាប់ពីដើមមកនោះទេ។ នឹកដល់ម្នាក់ហ្នឹងម្តងៗ តែងមានអារម្មណ៍តូចចិត្ត ខឹង និងគុំគេដដែល។ ប្រើវិធីនេះ ប៉ុន្មានឆ្នាំក្រោយមក ស្នាមរបួសផ្លូវចិត្តមិនទាន់ជាសះនៅឡើយទេ។

រូបភាពបានមកពី៖ ហេន គីម (hennkim)

ផ្ទុយទៅវិញ អ្នកខ្លះមិនខំប្រឹងធ្វើឲ្យខ្លួនល្អជាងមុនទេ បែរជាទទួលស្គាល់ការពិតនេះទៅវិញ។ ពួកគាត់ក៏ចាប់ផ្តើមមើលងាយខ្លួនឯង ទទួលស្គាល់ថាខ្លួនមិនល្អគ្រប់គ្រាន់ ខ្វះសម្រស់ ខ្វះលុយ ខ្វះមន្តស្នេហ៍ សមនឹងគេមិនព្រមស្រឡាញ់អញ្ចឹងហើយ។ នេះក៏មិនមែនជាផ្លូវល្អដែរ ដោយសារយើងនៅមិនត្រឹមតែមិនបំភ្លេចការឈឺចាប់នេះបានទេ យើងថែមទាំងបញ្ចូលវានៅក្នុងចរិតរបស់យើង ដោយគិតថាវាជាផ្នែកមួយនៃចរិតធម្មជាតិរបស់យើងទៀតផង!

ហើយមានអ្នកខ្លះវិញ គឺមិនព្រមធ្វើអ្វីទាំងអស់ ទុកឲ្យពេលវេលាជាអ្នកព្យាបាល ពេលណាភ្លេចគេក៏ភ្លេចទៅ។ តាមពិតបើប្រៀបធៀបទៅ វិធីនេះជាវិធីដែលល្អជាងគេបង្អស់ ដោយសារពេលចុងក្រោយ យើងនឹងអាចបំភ្លេចគេ ដោយមិនមានពាំនូវអារម្មណ៍គុំគួន ឬអារម្មណ៍តូចចិត្តអាណិតខ្លួនអីទៀតទេ។

តែក្រៅពីវិធីទាំងបីនេះ​ នៅមានមួយទៀតដែលអាចជួយឲ្យអ្នកភ្លេចគេលឿន ហើយភ្លេចគេទាំងមិនមានកំហឹង និងការតូចចិត្តទៀតផង! វិធីនេះគឺបានមកពីលោក អថឺ ស្យុពេញឺ (Aurthus Schopenhauer) (1788 ដល់ 1860) ជាទស្សនិវិទូមួយរូបដែលមហាប្រកាន់ទុទ្ទិដ្ឋិនិយមហើយ!

និយាយមែនណា៎! គាត់មិនងាយនឹងមើលអ្វីឃើញក្នុងផ្លូវល្អទេ។ ឪពុករបស់គាត់គឺជាអ្នកជំនួញដ៏មានស្តុកស្តម្ភមួយរូប ឯម្តាយវិញជាស្រីស្អាតហើយក្មេង ដែលមិនសូវខ្វល់ពីកូនប្រុសគាត់ឡើយ។ ប្រហែលជាដោយសារពេលគាត់នៅក្មេង មិនសូវជាបានទទួលក្តីស្រឡាញ់ពីឪពុកម្តាយហើយ បានជាតាំងពីតូចក្រូចឆ្មាមកម៉្លេះ លោកចាប់ផ្តើមប្រកាន់ទុទ្ទិដ្ឋិនិយមរួចទៅហើយ។ នេះក្រោយមកគាត់បានរ៉ាយរ៉ាប់ថា៖ «ពេលខ្ញុំអាយុប្រាំមួយឆ្នាំ មានថ្ងៃមួយនោះ ប៉ាម៉ាក់ខ្ញុំមកពីដើរលេងវិញ ឃើញថាខ្ញុំកំពុងអង្គុយទុក្ខសោកយ៉ាងខ្លាំងដោយជីវិត។»

រូបភាពបានមកពី៖ណាណាលី (Nanali)

ពេលគ្រូយើងនេះធំបន្តិចទៅ ជីវិតគាត់ចាប់ផ្តើមពោរពេញទៅដោយទុក្ខសោកច្រើនទៅៗ។ ពេលដែលគាត់មានអាយុត្រឹម ១៥ ឆ្នាំគត់ ឪពុករបស់គាត់បានស្លាប់ដោយលង់ទឹកនៅជិតផ្ទះ (ដែលគេសង្ស័យថាជាករណីអត្តឃាត)។ ទោះជាកម្លោះស្យុពេញឺ បានទទួលមរតកដ៏ស្តុកស្តម្ភពីឪពុកគាត់ក៏ដោយ (ដល់ថ្នាក់គាត់មិនចាំបាច់ធ្វើការទេ អាចដេកស៊ីបានមួយជីវិត) ក៏គាត់នៅតែមិនសប្បាយចិត្តនឹងជីវិតដដែល។

អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយ​ផ្តោត​លើ​ចំណេះដឹង​ចិត្តវិទ្យា សិល្បៈ និង​ការ​អភិវឌ្ឍន៍ខ្លួន

ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!

អត្ថបទ៖ Sokcheng Seang

អត្ថបទថ្មី