នាយក​សាលា​ភូមិន្ទ​រដ្ឋបាល៖ "​អ្នក​ល្មើស​វិន័យ​មិន​អាច​ចរចា​បាន​ ហើយ​ប្រឈម​បញ្ឈប់​ពីការ​សិក្សា" (វីដេអូ)

  • 2019-06-27 04:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ការ​មិន​មក​គោរព​ទង់ជាតិ និង​ការ​មក​រៀន​យឺត​ម៉ោង​តាម​កាល​កំណត់​របស់​សាលា​ នឹង​ប្រឈម​មិន​បាន​សញ្ញាបត្រ ឬ​ត្រូវ​បញ្ឈប់​​ពី​ការ​សិក្សា ឲ្យ​ត្រឡប់​ទៅ​ក្រសួង​ស្ថាប័ន​វិញ ឯ​សិស្ស​និស្សិត​បញ្ចប់​ការ​សិក្សា​តែម្ដង"។ នេះ​ជា​ការ​លើក​ឡើង​របស់​ ឯកឧត្ដម យក់ ប៊ុនណា នាយក​សាលា​ភូមិន្ទ​រដ្ឋបាល ដែល​លើក​ឡើង​នៅ​កិច្ច​សម្ភាសន៍​ពិសេស​ជា​មួយ​ក្រុម​ការងារ​ Sabay កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​មិថុនា ឆ្នាំ ២០១៩។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយកសាលាភូមិន្ទ​រដ្ឋបាល

ឯកឧត្ដម​បាន​លើកឡើង​ទៀត​ថា "**វិន័យ​សាលា​មិន​អាច​ចរចា​បាន ចឹង! ​បាន​ថា​ថ្នាក់​ដឹកនាំ​ណា​ក៏​ដោយ មន្ត្រី​ជាន់​ខ្ពស់​ណា​ក៏​ដោយ​ បើ​អវត្តមាន​លើស​ពី​ ១០% នៃ​មុខ​វិជ្ជា​ ត្រូវ​លុប​​ឈ្មោះ​ចោល គឺ​អត់​ចរចា​ត្រូវ​តែ​លុប​​ឈ្មោះ ហើយ​បើ​ចង់​រៀន​ទៀត​ដាក់​ពាក្យ​ប្រលង​ ចូល​រៀន​លើក​ក្រោយ​បាន**"។

ជាទូទៅ​គេ​សង្កេត​ឃើញ​ សិស្ស​ដែល​កំពុង​រៀន​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល គឺ​រៀងរាល់​ម៉ោង​៧ព្រឹក គ្រប់​សិស្ស​ទាំង​អស់​តែងតែ​ជួបជុំ​គ្នា​នៅ​ដង​ទង់​ជាតិ ដើម្បី​គោរព​ទង់ជាតិ​ផង និង​ច្រៀង​ចម្រៀង​ភ្លេង​ជាតិ​ផង។ ក្រោយ​គោរព​ទង់​ជាតិ សិស្ស​ទាំង​អស់​នៅ​ពេល​ចូល​រៀន​មាន​ការ​ស្កេន​ក្រយៅដៃ ដើម្បី​កត់​វត្តមាន​ផង​ដែរ ដែល​បង្ហាញ​ពី​វិន័យ​តឹងរ៉ឹង​សម្រាប់​អ្នក​ដែល​ចង់​រៀន​នៅ​សាលា​រដ្ឋ​មួយ​នេះ។

ការគោរព​ទង់ជាតិ និង​ច្រៀង​ចម្រៀង​ជាតិ មុន​ចូលរៀន
ស្កេនក្រយៅដៃ កត់អវត្តមាន

​សាលា​​ភូមិន្ទ​រដ្ឋបាល​ត្រូវ​បាន​គេ​ចាត់​ទុក​ដា ជា​សាលា​ដែល​មាន​វិន័យ​ខ្ពស់​នៅ​ក្នុង​​ចំណោម​សាលា​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការ​និយាយ​ពី​វិន័យ​មិនមែន​តែ​ផ្ដោត​លើ​ការ​គោរព​ទង់ជាតិ​នោះ​ទេ តែ ការ​គោរព​ទង់​ជាតិ គឺជា​ចំណែក​មួយ​ ក្នុង​ក្របខ័ណ្ឌ​ទម្លាប់​ឲ្យ​មន្ត្រី​របស់​យើង​គោរព​ម៉ោង​ពេល និង​ការ​បំផុស​ឲ្យ​ស្រឡាញ់​ប្រទេស​ជាតិ។ ឯកឧត្ដម យក់ ប៊ុនណា មាន​ប្រសាសន៍។

ឯកឧត្ដម​បាន​​លើក​ទៀត​ថា ចំពោះ​វិន័យ​ គឺជា​ការ​គោរព​ពេល​វេលា គោរព​ការ​សិក្សា និង​បទដ្ឋាន​ផ្សេង​ៗ ដែល​បំផុស​ឲ្យ​មាន​ទម្លាប់​ល្អ និង​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ "អ្នក​ដែល​មាន​វិន័យ​ល្អ​ គឺជា​អ្នក​ដែល​ទទួល​បាន​ឱកាស​ជោគជ័យ​ខ្ពស់ ហើយ​ប្រសិន​បើ​គ្មាន​វិន័យ​យើង​មិន​អាច​សម្រេច​កិច្ច​ការ​ខ្ពស់​បាន​ទេ"៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម