ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង ៧ ក្នុងជុំ​ទី១ នៃ​លីគកំពូល​កម្ពុជា​រដូវកាលនេះ

  • 2019-07-03 07:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​កម្ពុជា បាន​បញ្ចប់​ជើង​ទី១ ហើយ កាលពីចុងសប្ដាហ៍​កន្លងទៅ។ មុន​ចាប់​ផ្ដើម​ជើង​ទី២ (សប្ដាហ៍ទី១៤) នា​ចុង​សប្ដាហ៍​នេះ [Sabay] សូម​លើក​យក​រឿងរ៉ាវ ឬស្ថិតិ​គួរ​ឲ្យ​ចាប់អារម្មណ៍ មក​បង្ហាញ​ប្រិយមិត្ត​ដូចខាងក្រោម៖

១. ក្រុម​ដែល​មិន​ទាន់​ចាញ់៖

ព្រះខ័នរាជស្វាយរៀង ជាក្រុម​តែមួយគត់ ដែល​មិន​ទាន់​ស្គាល់ពាក្យថា "ចាញ់"។ ក្រោយ​ឆ្លង​កាត់​ ១៣ប្រកួត​ក្នុងជើងទី១ ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​មួយនេះ ឈ្នះ ១០ និង ស្មើ ៣ មាន ៣៣ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ១ ដោយ​លើស​ក្រុម​លេខ​២ ណាហ្គាវើល ចំនួន ៥ពិន្ទុ។ ក្រុម ៣ ដែល​បាន​ស្មើ​ព្រះខ័នរាជស្វាយរៀង រួមមាន អង្គរថាយហ្គ័រ (១-១), បឹងកេត (២-២) និងណាហ្គាវើល (០-០)។

ក្រុមព្រះខ័នរាជស្វាយរៀង

**២. ក្រុម​ដែល​របូត​គ្រាប់​បាល់ច្រើនជាងគេ**

កំពង់ចាម បាន​របូង​គ្រាប់​បាល់​ដល់ទៅ ១៣១គ្រាប់ ក្នុង ១៣ប្រកួត​នៃ​ជើង​ទី១ ច្រើន​ជាងក្រុម ១៣ផ្សេងទៀត។ ក្រុម​ដែល​របូង​គ្រាប់​បាល់​ច្រើន​លំដាប់​ទី២ គឺ​ក្រុមយុវជន​បាទី (របូត ៤៥គ្រាប់)។ មានតែ​ក្រុម​តែ​១​ប៉ុណ្ណោះ ដែលស៊ុត​មិន​ចូល​កំពង់ចាម គឺក្រុម​អគ្គិសនី​កម្ពុជា (ចាញ់​កំពង់ចាម ០-១)។ ចំណែក​ក្រុម​ ១២ ផ្សេងទៀត បានស៊ុត​ចូល​កំពង់ចាម មាន​ដូចជា៖ ណាហ្គាវើល (១៨គ្រាប់), ភ្នំពេញក្រោន (១៧គ្រាប់), វិសាខា (១៤គ្រាប់), អគ្គស្នងការដ្ឋាន​នគរបាលជាតិ (១៤គ្រាប់), ព្រះខ័នរាជស្វាយរៀង (១៣គ្រាប់), គិរីវង់សុខសែនជ័យ (១២គ្រាប់), អង្គរថាយហ្គ័រ (១១គ្រាប់), ក្រសួងការពារជាតិ (១១គ្រាប់), បឹងកេត (៧គ្រាប់), សូលទីឡូ (៦គ្រាប់}, អាស៊ីអឺរ៉ុប (៥គ្រាប់), យុវជន​បាទី (៣គ្រាប់)។

ក្រុមបាល់ទាត់​ខេត្តកំពង់ចាម

៣. មានតែក្រុម ៣ ប៉ុណ្ណោះ ដែល​បាន​ឡើង​ឈរ​កំពូល​តារាង

ក្រុមទាំង ៣នោះ រួមមាន ព្រះខ័នរាជស្វាយរៀង (១០សប្ដាហ៍) ណាហ្គាវើល (២សប្ដាហ៍) និងគិរីវង់សុខសែនជ័យ (១សប្ដាហ៍)។ គិរីវង់សុខសែនជ័យ ឈរ​​កំពូល​តារាង បាន​តែ​១សប្ដាហ៍​ដំបូង ក្រោយ​ឈ្នះ​យុវជនបាទី ៤-១ ក៏​ត្រូវ​ព្រះខ័នរាជស្វាយរៀង ​ឡើង​ឈរ​ជំនួស​វិញ ពី​សប្ដាហ៍​ទី២ រហូត​ដល់​សប្ដាហ៍​ទី៧។ ចូលសប្ដាហ៍ទី៨ ​​ណាហ្គាវើល បានឡើង​ឈរ​ជំនួស​ព្រះខ័នរាជស្វាយរៀង។ យ៉ាងណាក្ដី បានតែ ២សប្ដាហ៍ ក៏ត្រូវ​ព្រះខ័នរាជស្វាយរៀង វ៉ាដាច់​វិញ រហូត​ដល់​ចប់​ជើង​ទី១តែម្ដង។ តំណែង​លេខ១ របស់​ព្រះខ័នរាជ​ស្វាយរៀង នឹង​ត្រូវ​បន្ត​ទៀត ដោយសារ​បច្ចុប្បន្ន ក្រុម​នេះ លើស​ណាហ្គាវើល ដល់ទៅ ៥ពិន្ទុ។

៤. ក្រុម​ដែល​ឈរ​បាត​តារាង ក៏​មានតែ ៣ដែរ

កំពង់ចាម របូត​គ្រាប់បាល់ច្រើនជាងគេ ប៉ុន្តែ​ក្រុម​នេះ មិន​មែន​ជា​ក្រុម​ដែល​ស្ថិត​នៅ​តារាង​ផ្ដាច់​មុខ​ពី​សប្ដាហ៍​ដំបូង​នោះទេ។ ៤សប្ដាហ៍​ដំបូង គឺ​ក្រុម​យុវជន​បាទី ជា​អ្នក​ឈរ​នៅ​ចំណាត់ថ្នាក់​ក្រោម​គេ (លេខ ១៤)។ ឈាន​សប្ដាហ៍​ទី ៥ សូលទីឡូអង្គរ បាន​ធ្លាក់​ទៅ​បាត​តារាង ជំនួស​យុវជន​បាទី។ ចាប់​ពី​សប្ដាហ៍​ទី ៦ មក ទើប​កំពង់ចាម បន្ត​វេន រហូត​ដល់​បញ្ចប់​ ១៣ប្រកួត​នៃ​ជុំទី១។ បច្ចុប្បន្ន មានតែ​កំពង់ចាម និងយុវជនបាទី​ប៉ុណ្ណោះ ដែល​នៅដាច់ឆ្ងាយ​ពីក្រុមដទៃ ពោលគឺ​មាន ៣ពិន្ទុ​ដូចគ្នា (កំពង់ចាម ជំពាក់​គ្រាប់​បាល់ច្រើនជាង) ចាញ់​ក្រុម​លេខ ១២ អគ្គិសនី​កម្ពុជា ចំនួន ៧ពិន្ទុ។

ក្រុមណាហ្គាវើល

៥. ក្រុម​ដែល​ឈ្នះ​ជាប់​គ្នា​ និង​ចាញ់​ជាប់គ្នា ច្រើនសប្ដាហ៍​ជាងគេ

ណាហ្គាវើល ជា​ក្រុម​ឈ្នះ​ជាប់​គ្នា​ច្រើន​សប្ដាហ៍​ជាង​គេ គឺ​ចំនួន ៧សប្ដាហ៍ ពីសប្ដាហ៍ទី ៣ ដល់​សប្ដាហ៍​ទី ៩។ ក្រុម​ដែល​បញ្ចប់​កំណត់ត្រារបស់​ណាហ្គា គឺ បឹងកេត ដែល​បាន​ឈ្នះ​ណាហ្គា ២-០ ក្នុង​សប្ដាហ៍ទី ១០។ ចំណែក​ក្រុម​ព្រះខ័នរាជស្វាយរៀង ដែល​មិន​ទាន់​ស្គាល់​ពាក្យថា "ចាញ់៉ នោះ បាន​ឈ្នះ​ជាប់គ្នាបានត្រឹម​ ៥សប្ដាហ៍​ដំបូង រួច​ក៏ស្មើ​អង្គរថាយហ្គ័រ។ ពីសប្ដាហ៍​ទី ៩ ដល់ទី ១២ ក្រុម​នេះ​បាន​ឈ្នះជាប់គ្នា បាន ៤សប្ដាហ៍ រួច​ក៏​បាន​ស្មើណាហ្គាវើល​ទៀត។ បច្បុប្បន្ន ក្រុម​ដែលកំពុង​ឈ្នះ​ជាប់​គ្នា​ច្រើន​ជាង​ប្រកួត គឺភ្នំពេញក្រោន គឺ​ឈ្នះ ៥ប្រកួត​ជាប់គ្នា​ ពី​សប្ដាហ៍​ទី ៩ ដល់ ទី ១៣។ ប្រសិន​បើ​ក្រុម​នេះ ឈ្នះ​បាន ៣ប្រកួត​ជាប់​គ្នា​ទៀត ក្នុង​ជុំទី២ នេះ នឹងអាច​បំបែក​កំណត់ត្រា​ណាហ្គាវើល​បាន។

ចំណែក​ក្រុម​ចាញ់​ច្រើនប្រកួត​ជាងគេ គឺកំពង់ចាម (១២សប្ដាហ៍) ចាប់ពីសប្ដាហ៍ទី ២ រហូត​មក។ ចំនួននេះ​ អាច​នឹង​បង្កើន​ថែមទៀត ប្រសិន​បើ​ក្រុមនេះ បន្ត​ចាញ់​ពីប្រកួតដំបូងនៃជុំទី២។

៦. ការប្រកួត​ដែល​មាន​ការ​ស៊ុត​បញ្ចូលទី​គ្នា ច្រើន​គ្រាប់​បំផុត

ការប្រកួត​ក្នុង​សប្ដាហ៍ទី ១៣ រវាង​ភ្នំពេញក្រោន និងកំពង់ចាម មានការ​ស៊ុត​បញ្ចូលទីដល់ទៅ ១៩គ្រាប់ ពោល​គឺ​ភ្នំពេញក្រោន ឈ្នះ កំពង់ចាម ១៧-២។ ប្រកួត​មួយទៀត ដែល​មាន​ការបំប៉ោង​សំណាញ់ទីច្រើនលំដាប់ទី ២ (១៨គ្រាប់) គឺ​ណាហ្គាវើល ឈ្នះ កំពង់ចាម ១៨-០ ក្នុង​សប្ដាហ៍ទី ៩។

ក្រុមភ្នំពេញក្រោន

៧. គ្រូបង្គោល​ ៣រូប ត្រូវ​បាន​បញ្ចប់​កុងត្រា

ក្នុង​ជុំដំបូង នៃលីគ​កំពូល​កម្ពុជា​រដូវកាល​នេះ មាន​គ្រូបង្គោល ៣រូប ត្រូវ​បាន​បញ្ចប់​កុងត្រា ដែល​មុន​គេ គឺ​លោក Leonardo Vitorino (ភ្នំពេញក្រោន), លោក ភា សុភក្រ្ដា (ក្រសួងការពារជាតិ) និងចុងក្រោយ គឺលោក ហុក សុជីវ័ន (វិសាខា)។

លោក ហុក សុជីវ័ន

សូមបញ្ជាក់ថា ការប្រកួត​ជើងទី ២ (សប្ដាហ៍ទី ១៤) នឹង​ចាប់ផ្ដើម​នា​ថ្ងៃ​សៅរ៍ អាទិត្យ ចុង​សប្ដាហ៍​នេះ។ តើប្រិយមិត្ត មាន​ស្ថិតិ​អ្វី ចង់​​បន្ថែម​ដែរឬទេ?

រូបភាព៖ MCL

អត្ថបទ៖ សុខ សុវត្ថិ