សិស្ស​ពូកែ​រូប​វិទ្យា​លេខ​ ៥​ ទូ​ទាំង​ប្រទេស​ ប្ដេជ្ញាចិត្ត​យកនិទ្ទេស A និង វិធីសាស្រ្តត្រៀមប្រឡង​​បាក់ឌុប ២០១៩

  • 2019-07-10 03:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​ ៣៨ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នឹង​មក​ដល់​ ស្រប​ពេល​ដែល​សិស្សានុសិស្ស​ថ្នាក់​ទី​ ១២ ក៏​កំពុង​ខិត​ខំ​ប្រឹង​រៀន​យ៉ាង​មមា​ញឹក​ ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​ចុង​ប៊ិច​។

មិន​ខុស​ពី​សិស្ស​ថ្នាក់​ទី​ ១២​ ផ្សេង​ទៀត​ សិស្ស​ពូកែ​រូប​វិទ្យា​លំដាប់​លេខ​ ៥ ទូ​ទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​ ២០១៩ លី​ សុវណ្ណឡេង  កំពុង​ដុត​ដៃ​ដុត​ជើង​ រំលឹក​មេរៀន​សម្រាប់​ការ​ប្រលង​នៅ​ថ្ងៃ​ខាង​មុខ​នេះ​។

សុវណ្ណឡេង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​មិន​ព្រួយ​បារម្ភ​ចំពោះ​មុខ​វិជ្ជា​រូប​ឡើយ​ ព្រោះ​មាន​ភាព​ស្ទាត់​ជំនាញ​ចំពោះ​មុខ​វិជ្ជា​នេះ​ស្រាប់។​ ចំណែកមុខ​វិជ្ជា​ផ្សេង​ៗ​ទៀត​ កញ្ញា​រៀន​គួរ​បន្ថែម​ផង​ និង​រៀន​ខ្លួន​ឯង​ផង​។

កញ្ញា​លើក​ឡើង​ថា​៖ «សម្រាប់​ការ​រៀន​គួរ​ គឺ​ពួក​ខ្ញុំ​រៀន​ធ្វើ​វិញ្ញាសា​ចាស់​ៗ ដោយ​សារ​តែ​មេរៀន​ផ្សេង​ៗគឺ​ពួក​ខ្ញុំ​រៀន​ចប់​អស់​ហើយ​ ហើយ​ការ​ធ្វើ​វិញ្ញាសា​ចាស់​ហ្នឹង​ គឺ​ចង់​សាក​ល្បង​សមត្ថភាព​របស់​យើង​ ថា​តើ​យើង​អាច​ធ្វើ​វា​បាន​អស់​អត់​។ យើង​ខ្វះ​កន្លែង​ណា​ ត្រូវ​បំពេញ​បន្ថែម​កន្លែង​ហ្នឹង​ និង​ស្វ័យ​សិក្សា​ខ្លួន​ឯង​»

ដោយ​សារ​តែ​ សុវណ្ណឡេង​ រៀន​គួរ​ផង​ រៀន​រដ្ឋ​ផង​ ដូច្នេះ​កញ្ញា​មាន​ពេល​ស្វ័យ​សិក្សា​តែ​ពេល​យប់​ និង​ពេល​ព្រឹក​ប៉ុណ្ណោះ។​ ពេល​យប់កញ្ញា​ធ្វើ​លំហាត់​ និង​ពេល​ព្រឹក​ទន្ទេញ​មេរៀន​។ ចំណែក​ថ្ងៃ​ សៅរ៍-អាទិត្យ​ គឺ​ចំណាយ​ពេល​រៀន​ជា​មួយ​មិត្តភ័ក្ដិ​។

នៅ​ពេល​សួរ​ដេញ​ដល់​ពី​វិធីសាស្ត្រ​ក្នុង​ការ​រៀន​គួរ​ សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ម្នាក់​នេះ​បាន​ប្រាប់​ថា​ ខ្លួន​មិន​ចូល​ចិត្ត​ចំលង​តាម​អ្វី​ដែល​គ្រូ​កែ​លើ​ក្តារ​ខៀន​ឡើយ​ ពោល​គឺ​យក​វិញ្ញាសា​ ដែល​គ្រូ​ចែក​ឲ្យ​ មក​អង្គុយ​ធ្វើ​ខ្លួន​ឯង​។ បន្ទាប់​មក កញ្ញា​ផ្ទៀង​ចម្លើយ​ជា​មួយ​គ្រូ​ ដោយ​ចង់​ដឹង​ថា​តើ​ របៀប​ធ្វើ​លំហាត់​របស់​ខ្លួន​ធ្វើ​បាន​គ្រប់​ជ្រុង​ជ្រោយ​ហើយ​ឬ​នៅ​ ធ្វើ​អស់​ឬ​ក៏​អត់​ លឿន​ឬ​មួយ​ក៏​យឺត​។

សម្រាប់​មុខ​វិជ្ជា​ចាប់​ឆ្នោត​វិញ​ យុវតី​រូប​នេះ​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​មុន​ពេល​ចាប់​ឆ្នោត​ទៅ​ទៀត​ ពី​ព្រោះ​កញ្ញា​ និង​មិត្ត​រួម​ថ្នាក់​ដទៃ​ទៀត​ជឿ​ជាក់​ថា​ មុខ​វិជ្ជា​ប្រវត្តិ​នឹង​ត្រូវ​ចាប់​ឆ្នោត​បាន​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ​ ដូច​ឆ្នាំ​មុន​ៗ​ដែរ​។

កញ្ញា​លើក​ឡើង​ថា​ ៖ «ខ្ញុំ​បាន​ត្រៀម​ប្រវត្តិ​វិទ្យា​តាំង​ពី​ដើម​ឆ្នាំ​មក​ម្ល៉េះ​។ អ៉ីចឹង នៅ​ពេល​ចាប់​ឆ្នោត​បាន​ប្រវត្តិ​វិទ្យា​ ខ្ញុំ​ដូច​អត់​មាន​បញ្ហា​អី​ធំ​ដុំ​ទេ​ ព្រោះ​បាន​ផ្តោត​លើ​វា​តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ​ ដោយ​សារ​តែ​ពួក​ខ្ញុំ​ទស្សន៍​ទាយ​ផ្អែក​លើ​ហេតុ​ផល​ថា​ ប្រទេស​មួយ​មិន​អាច​ចោល​ប្រវត្តិសាស្ត្រ​ខ្លួន​ឯង​បាន​ឡើយ​»។

ងាក​ទៅ​ចំណេះ​ដឹង​ភាសា​អង់គ្លេស​វិញ​ យុវតី​វ័យ​ ១៨ ឆ្នាំ​រូប​នេះ​ មិន​បាន​បោះ​បង់​ចោល​ភាសា​អង់គ្លេស​ឡើយ​ ទោះ​បី​ជា​មិត្តភ័ក្ដិ​ជា​ច្រើន​របស់​កញ្ញា​ បាន​ឈប់​រៀន​ភាសា​អង់គ្លេស​ ហើយ​ងាក​រៀន​គួរ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​បន្ថែម​ក៏​ដោយ​។ ​កញ្ញា​គិត​ថា​ វា​ជា​មុខ​វិជ្ជា​បន្ថែម​ពិន្ទុ​នៅ​ពេល​ប្រលង​ ហើយ​វា​ក៏​មាន​ប្រយោជន៍​នៅ​ពេល​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ដែរ​។

ចំពោះ​ការ​ត្រៀម​ខ្លួន​ប្រលង​ កញ្ញា​មិន​អាច​និយាយ​បាន​ថា​ ​ត្រៀម​ខ្លួន​រួច​រាល់​នោះ​ទេ​ ប៉ុន្តែ​កញ្ញា​ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់​ការ​ប្រលង​ ហើយ​ប៉ង​យក​និទ្ទេស​ A ឲ្យ​បាន​ និង​មាន​គម្រោង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ វិស្វកម្ម​មេកានិច​៕

អត្ថបទ៖ អ៊ឹង ម៉េងគង់

អត្ថបទពេញនិយម