ស្នងការនគរបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមន្រ្តីនគរបាលណាម្នាក់យាមតាមក្លិបកម្សាន្តឡើយ
- 2019-07-15 09:50:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នងការនគរបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមន្រ្តីនគរបាលណាម្នាក់យាមតាមក្លិបកម្សាន្តឡើយ
ចន្លោះមិនឃើញ
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាមិនអនុញ្ញាតឲ្យមន្រ្តីនគរបាលណាម្នាក់ទៅបំពេញការងារផ្សេងក្រៅពីការងារនគរបាលឡើយ ដោយសារកន្លងទៅមានមន្រ្តីនគរបាលមួយចំនួនតូច បានឆ្លៀតទៅបំពេញការងារ និងយាមតាមក្លិបកម្សាន្ត។
ថ្លែងទៅកាន់កងកម្លាំងនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ពេលគោរពទង់ជាតិដូចសព្វមួយដងដែលមានមន្រ្តីជាង៨០០នាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា មន្រ្តីនគរបាលមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន ហើយកន្លងទៅមានមន្រ្តីនគរបាលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ក៏បានចាត់ការតាមនីតិវិធី ហើយនៅតាមក្លិបកម្សាន្ត នឹងមិនអនុញ្ញាតអោយមានវត្តមានមន្រ្តីនគរបាលទៅយាម ឬការពារក្លិបណាមួយឡើយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានណែនាំឲ្យកម្លាំង នគរបាលរបស់យើង ត្រូវមកគោរពទង់ជាតិឲ្យបានជាងនេះទៀត ពិសេសត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវ តាមឯកសណ្ឋានរបស់នគរបាល។
ជាមួយគ្នានេះ ឯកឧត្តម បានណែនាំឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវកាត់សក់ខ្លី ហើយដំបូងនេះគឺកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងនគរបាលទេសចរណ៍ ត្រូវកាត់មុនគេ។ ម្យ៉ាងទៀត ឯកឧត្តម ក៏បញ្ជាក់ជាថ្មីទៀត ថា កងកម្លាំងនគរបាលអន្តរាគមន៍ ត្រូវតែនាំគ្នាហាត់ប្រាណជាប្រចាំ នៅពេលល្ងាច ដើម្បីសុខភាពផង និងដើម្បីឲ្យរាងកាយមាំមួនផង។
ប្រភពព័ត៌មាន និងរូបភាព ពីស្នងការនគរបាលរាជធានីភ្នំពេញ