តាំងពី Pep ចេញទៅ Barca ប្ដូរគ្រូប៉ុន្មានហើយ?
- 2019-07-18 13:33:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំងពី Pep ចេញទៅ Barca ប្ដូរគ្រូប៉ុន្មានហើយ?
ចន្លោះមិនឃើញ
មជ្ឈដ្ឋានបាល់ទាត់ទូទៅប្រាកដជាជ្រាបហើយថា លោក Pep Guardiola បានដឹកនាំជោគជ័យខ្លាំងមែនទែននៅក្លឹប Barcelona ដោយបានឈ្នះពាន UEFA Champions League ចំនួន ២ដង (២០០៩ និង ២០១១) តែអ្វីដែលពិសេសនោះគឺ ឈ្នះពាន ៦ ក្នុងមួយរដូវកាល (២០០៩)។
ទោះជាយ៉ាងណាក៏ដោយ លោកក៏បានចាកចេញពីក្លឹប Barcelona នៅឆ្នាំ២០១២ ហើយបន្តដំណើរទៅដឹកនាំនៅអាល្លឺម៉ង់ រួចក៏មកដល់អង់គ្លេសនៅឆ្នាំ២០១៦។ ក្រោយពីលោកចេញពី Barcelona ក្លឹបកាតាឡាន់មួយនេះបានប្ដូរគ្រូបង្វឹកចំនួន ៤រូបហើយ។
ក្រោយ Pep ចេញភ្លាម ក្លឹបបានតែងតាំងលោក Francesc Tito Vilanova ប៉ុន្តែដោយសារមានជំងឺប្រចាំកាយ លោកក៏បានលាលែងនៅឆ្នាំ២០១៣ ហើយលោកក៏ទទួលមរណភាពមួយឆ្នាំក្រោយ ដោយជំងឺមហារីក។ បន្ទាប់មក Gerardo Tata Martino ក៏ឡើងមកបន្ត ប៉ុន្តែលោកក៏បានចែកផ្លូវជាមួយក្លឹប ក្រោយបរាជ័យក្នុងពានធំៗទាំង ៣ នៅរដូវកាល ២០១៣/១៤។
បន្តមកទៀតគឺលោក Luis Enrique ដែលដឹកនាំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។ លោកបានជួយឲ្យក្លឹបឈ្នះពានចំនួន ៥ នៅរដូវកាលដំបូងរបស់លោក។ លោកលាលែងពីតំណែងនៅឆ្នាំ២០១៧ ក្រោយពីបរាជ័យក្នុង UEFA Champions League។
ពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន លោក Ernesto Valverde បានឡើងមកបន្ត។ ការដឹកនាំក្លឹបរបស់លោក ហាក់បីដូចជាជោគជ័យខ្លាំងនៅក្នុងស្រុក ប៉ុន្តែក្នុងកម្មវិធីទ្វីបអឺរ៉ុបវិញ លោកបានដឹកនាំត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុណ្ណោះ៕