កុំឲ្យស្តាយក្រោយគួរគិតដល់ចំណុចនេះ ចំពោះអ្នកទុកកូនឲ្យម្តាយឪពុកមើលថែជំនួស
- 2019-07-21 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យស្តាយក្រោយគួរគិតដល់ចំណុចនេះ ចំពោះអ្នកទុកកូនឲ្យម្តាយឪពុកមើលថែជំនួស
ចន្លោះមិនឃើញ
ប្រទេសកម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់មួយចំនួនទៀតដែរ ដោយសារកត្តាសេដ្ឋកិច្ចបានបង្ខំឲ្យឪពុកម្តាយមួយចំនួនទុកកូនឲ្យនៅជាមួយជីតាជីដូនមើលថែជំនួសហើយខ្លួនចំណាកស្រុកទៅកាន់បរទេសឬទីក្រុង។
បើនិយាយដល់ចំណុចនេះ គ្រាន់តែលើកពីកម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមានចំនួនប្រហែលជា៧សែននាក់ បានចំណាកស្រុកមកធ្វើការនៅទីក្រុង ឬតាមបណ្តាខេត្តមួយចំនួនជិតៗរាជធានី។ ក្នុងចំណោមអ្នកទាំងនោះប្រាកដណាស់ពិតជាមានអ្នកទុកកូននៅផ្ទះឲ្យឪពុកម្តាយវ័យចំណាស់របស់ខ្លួនជាអ្នកមើលថែជំនួស។
អ្នកស្រី មាន ភុំ វ័យ៦០ រស់នៅខេត្តតាកែវ ទទួលចិញ្ចឹមចៅចំនួនប្រាំនាក់ជាកូនរបស់កូនៗទាំងបីរបស់អ្នកស្រី។ អ្នកស្រីថា ដោយសារជីវភាពខ្វះខាត កូនៗចំនួនបីគ្រួសារទាំងប្តីទាំងប្រពន្ធបានទៅរកការងារធ្វើនៅប្រទេសថៃ។
ការណ៍ដែលលំបាកសម្រាប់អ្នកស្រីមិនត្រឹមតែត្រូវចំណាយពេលច្រើនមើលថែចៅតូចៗប៉ុណ្ណោះទេ តែត្រូវធ្វើស្រែចម្ការ និងលក់ដូរបន្តិចបន្តួចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផង។
អ្នកស្រីបន្តថា៖ «ការមើលថែចៅទាំងបីគ្រួសារនេះគ្មានចង់បានអ្វីក្រៅពីសង្ឃឹមកូនស្រីព្រមទាំងកូនប្រសារទាំងបីគ្រួសារអាចរកលុយយកមកកសាងជីវភាពនៅលើទឹកដីកំណើតវិញទេ...ប៉ុន្តែពិបាករំពឹងណាស់ព្រោះជួនកាលរយៈពេល២ខែ...ផ្ញើមកឲ្យ១០ម៉ឺនរៀលយកមកសងបំណុលគេ»។
ការណ៍ទុកកូនឲ្យនៅជាមួយជីតា ឬជីដូននេះទំនងជាអាចផ្តល់ឱកាសឲ្យឪពុកម្តាយរកចំណូលបានច្រើនដោយសារធ្វើការទាំងពីរនាក់។ ប៉ុន្តែរឿងមួយដែលអាណាព្យាបាលគួរដឹងដែរនោះគឺផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរាងកាយរបស់ក្មេង។
សម្រាប់អ្នកធ្វើការលើផ្នែកចិត្តសាស្ត្រកុមារ លោក ហឿ សេធុល លើកឡើងថាតាមការសិក្សាដែលលោកធ្លាប់ធ្វើកន្លងមកនៅខេត្តសៀមរាប កូនៗដែលមានឪពុកម្តាយចំណាកស្រុក និងមើលថែទាំដោយជីតាឬជីដូននោះ មានអត្រាបោះបង់កាសិក្សាខ្ពស់ជាងក្មេងដែលនៅផ្ទាល់ជាមួយឪពុកម្តាយ។ មួយវិញទៀតលោកថា ឥរិយាបទល្អរបស់កូនទាំងនោះចំពោះមនុស្សវ័យចំណាស់ ឬគ្រូបង្រៀនក៏មានទាបបើធៀបទៅនឹងកូនដែលនៅជាមួយឪពុកម្តាយដូចគ្នា។
លោកពន្យល់ថាក្មេងដែលចិញ្ចឹមដោយជីតា ឬជីដូនទទួលបានការអប់រំទៅតាមវិធីសាស្រ្តដែលជីតាឬជីដូនបានទទួលកាលជំនាន់របស់ពួកគាត់ ខណៈដែលឪពុកម្តាយបង្កើតវិញលោកថានឹងអប់រំកូនទៅតាមបរិបទសង្គមដែលអ្នកទាំងនោះបានឆ្លងកាត់ថ្មីៗ។
លោកបន្ថែមថា៖«អាហ្នឹងគេនិយាយដល់ Generation Gap មានគម្លាតឆ្ងាយពេក បើសិនជាយើងយកចាស់ៗមានអាយុ៦០ឆ្នាំមកមើលថែក្មេងតូចអាយុ៣ឆ្នាំ ៥ឆ្នាំ ឬ១០ឆ្នាំ គាត់មើលថែរបៀបគាត់កាលសម័យ៣០ឆ្នាំ៤០ ឆ្នាំមុន គាត់មើលរបៀបហ្នឹង...ខុសពីឪពុកម្តាយមានគម្លាត២០ឆ្នាំ ឬ៣០ឆ្នាំពីពេលយើងកើត តែយាយតាវិញគម្លាតដល់៥០ទៅ៦០ឆ្នាំក៏មាន អ៊ីចឹងផ្នត់គំនិត របៀបអប់រំក៏ខុសគ្នាឆ្ងាយដែរ...ការព ការឱបការថើប វាជាតម្រូវការមូលដ្ឋានរបស់ក្មេង ដែលចង់ឲ្យម្តាយឪពុកឱប ថើប ការលួងលោម...ក្មេងអាចបាត់អាទាំងអស់ហ្នឹងពេលនៅជាមួយយាយតា»។
លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) ទទួលស្គាល់ថាកូនដែលនៅឆ្ងាយពីឪពុកម្តាយពិតជាបាត់បង់ភាពកក់ក្តៅ អាចបោះបង់ការសិក្សា ឬមានចរិតរឹងរូសពិតមែន។ ប៉ុន្តែលោកថាវាជារឿងពិបាកមួយបើនិយាយដល់សេដ្ឋកិច្ចគ្រួសារ ដោយថាពលរដ្ឋដែលធ្វើការជាកម្មករ ឬនៅតាមក្រុមហ៊ុនមួយចំនួនមិនអាចធ្វើការតែម្នាក់ឯងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទាំងមូលបាននោះទេ។ ចង់មិនចង់លោកថាដើម្បីបំពេញតម្រូវការក្នុងគ្រួសារគឺឪពុកម្តាយត្រូវទុកកូនជាមួយម្តាយឪពុកចាស់ ហើយទៅធ្វើការទាំងពីរនាក់។
ទំនោររបៀបនេះលោកថានៅប្រទេសដទៃក៏មានដែរ ការធ្វើការទាំងប្តីប្រពន្ធ និងនៅប្រទេសខ្លះលោកថាធ្វើឲ្យកំណើនប្រជាជនមានអត្រាទាប ដោយសារស្រ្តី និងបុរសរវល់នឹងការងារមិនងាយនឹងបង្កើតគ្រួសារ។
និយាយដល់ អ្នកស្រី មាន ភុំ វិញឲ្យដឹងថាអ្នកស្រីពិតជាអាណិតចៅៗរបស់អ្នកស្រី ដែលពេលខ្លះយំរកឪពុកម្តាយរបស់ខ្លួនដែលនៅឆ្ងាយ។ អ្នកស្រីឲ្យដឹងថា៖«ខ្ញុំខ្លោចចិត្តអាណិតចៅណាស់...ពេលខ្លះដើម្បីលួងចៅឲ្យបាត់យំសុខចិត្តខ្ចីលុយពីអ្នកជិតខាងឬសាច់ញាតិទៅទិញទឹកដោះគោឲ្យពួកគេបៅក៏មាន...ការតស៊ូចិញ្ចឹមចៅទាំងប្រាំនាក់នេះពិតជាមានការលំបាកខ្លាំងណាស់ដោយសារតែគ្រួសារខ្ញុំមានជីវភាពក្រីក្រម៉្យាងទៀតពួកគេមានអាយុតិចជាពិសេសចៅស្រីម្នាក់ដែលអាយុត្រឹមតែ២ឆ្នាំនោះ រិតតែធ្វើឲ្យលំបាកនៅពេលពួកគេនឹកឪពុកម្តាយម្តងៗតែងតែស្រែកយំរកតែម៉ាក់ប៉ា»។
ទំនងជាយ៉ាងនេះហើយ ទើបលោក ហឿ សេធុល លើកឡើងថាក្មេងដែលរស់នៅផ្ទាល់ជាមួយឪពុកម្តាយមានការលូតលាស់ទាំងផ្នែករាងកាយ និងផ្លូវចិត្តល្អជាងរស់នៅជាមួយជីតាឬជីដូន។
លោកពន្យល់ថា៖ «ពេលទុកកូនចោល ចង់មិនចង់វានឹងប៉ះពាល់ដល់កូន ក្មេងអាចទទួលបានចំណងប្រតិព័ន្ធជីដូនជីតាខ្លះដែរមិនអត់ទេ តែវាមិនដូចឪពុកម្តាយទេ...ចំណងប្រតិព័ទ្ធរវាងឪពុកម្តាយនិងកូនមានសារសំខាន់សម្រាប់ការលូតលាស់របស់កូនទាំងផ្នែកផ្លូវចិត្ត និងរាងកាយ ពិសេសផ្នែកផ្លូវចិត្ត ពាក្យសាមញ្ញបានន័យគាត់បាត់បង់ភាពកក់ក្តៅ បាត់បង់ទំនុកចិត្តខ្លួនពេលគាត់ធំឡើង»។
ចំពោះឪពុកម្តាយដែលចំណាកស្រុកឆ្ងាយចោលកូន អ្នកចិត្តសាស្រ្តខាងលើផ្តល់ជាយោបល់ថាគួរតែព្យាយាមទៅលេងកូនឲ្យបានញឹកញាប់ ឬក៏ទូរសព្ទទៅលេងកូនឲ្យបានច្រើនដងក្នុងមួយខែៗ ដោយថាដើម្បីភ្ជាប់ទំនាក់ទំនងល្អរវាងកូន និងឪពុកម្តាយដែលនៅឆ្ងាយគ្នា។ ធ្វើរបៀបនេះលោកថាអាចជួយបានមួយផ្នែកក្នុងការបង្កើតចំណងប្រតិព័ទ្ធ និងភាពកក់ក្តៅរវាងកូន និងឪពុកម្តាយផងដែរ៕