កីឡដ្ឋាន​ចំណាស់​បំផុត​​ទាំង​១០​ក្នុង​លោក​ដែល​នៅ​តែ​បន្ត​ដំណើរ​ការ

  • 2019-07-21 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Stamford Bridge ឬ Anfield នៅ​តែ​ស្ថិត​ក្នុង​ចំណោម​និមិត្តរូប​ស្ថាបត្យកម្ម​ជា​កីឡដ្ឋាន​ចំណាស់​បំផុត​​​ក្នុង​លោក​​ បាន​ទ្រ​ទម្ងន់​អ្នក​គាំទ្រ​ជិត​១៥០​ឆ្នាំ​មក​ហើយ។

Parc Des Princes, Santiago Bernabeu, San Siro , Old Trafford និង​ក្រុម​ជា​ច្រើន​ទៀត​បន្ត​ភាព​ជោគជ័យ​របស់​ពួកគេ​អស់​ជា​ច្រើន​ទសវត្ស ខណៈ​​ដែល​ក្លឹប​មួយ​ចំនួន​ទៀត​បាន​លិច​បាត់​ភាព​ជោគជ័យ​របស់​ពួកគេ​ទៅ​តាម​ពេលវេលា។

ខាង​ក្រោម​នេះ​គឺ​ជា​កីឡដ្ឋាន​ដែល​ចាស់​ជាង​គេ​បំផុត​​ទាំង​១០​លើ​លោក ដែល​នៅ​តែ​បន្ត​ដំណើរ​ការ​រហូត​មក​ដល់​សព្វថ្ងៃ៖

១០ កីឡដ្ឋាន Hillsborough របស់​ក្លឹប Sheffield Wednesday (១៨៩៩)

កីឡដ្ឋាន Hillsborough ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ Liverpool ៩៦ នាក់​​ស្លាប់

កសាង​ឡើង​នៅ​ឆ្នាំ ១៨៩៩ Hillsborough អាច​ផ្ទុក​អ្នកទស្សនា​បាន ៣៩,៧៣២ នាក់​នៅ​តែ​​​បន្ត​ដំណើរ​ការ​រហូត​មក​ដល់​បច្ចុប្បន្ន។ កីឡដ្ឋាន​របស់ ​​​​​ Sheffield Wednesday ក៏​ធ្លាប់​បើក​ទ្វារ​សម្រាប់​ការ​ប្រកួត​ World Cup នៅ​ឆ្នាំ ១៩៦៦។

កីឡដ្ឋាន Hillsborough

ប៉ុន្តែ​​អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​សោកនាដកម្ម​ឆ្នាំ ១៩៨៩ ពោល​គឺ​៩០​ឆ្នាំ​បន្ទាប់​ពី​ស្តាត​នេះ​សាងសង់​រួច អ្នកគាំទ្រ Liverpool ចំនួន ៩៦ នាក់​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ FA Cup ឆ្នាំ​១៩៨៩​ រវាង Liverpool និង Nottingham Forest គឺ​ស្លាប់​ដោយសារ​ប្រជ្រៀត​គ្នា​ណែនណាន់​តាន់តាប់​ខ្លាំង​ពេក នៅ​ពេល​ក្រុម​អ្នកគាំទ្រ​បាន​​ផ្លោះ​​​យ៉ាង​អានាធិបតេយ្យ​កក​​ហៀរ​កៅអី​អង្គុយ។

៩ កីឡដ្ឋាន Parc Des Princes របស់​ក្លឹប PSG (១៨៩៧)

កីឡដ្ឋាន Parc Des Princes

Parc Des Princes បាន​កសាង​និង​​​បាន​ក្លាយ​ទៅ​ជា​កីឡដ្ឋាន​អាជីព​តាំង​ពី​ឆ្នាំ​១៨៩៧​មក​ម្ល៉េះ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧២​វា​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ដោយ​ប្រើ​ពេល​១​ឆ្នាំ ហើយ​ចាប់​ពី​ពេល​នោះ​មក​វា​នៅ​តែ​ជា​ទីលាន​ក្នុង​ដី​របស់​ក្លឹប PSG ​រហូត​មក​ដល់​សព្វថ្ងៃ ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​ ៤៧,៩២៩ នាក់។

កីឡដ្ឋាន Parc Des Princes

៨ កីឡដ្ឋាន Villa Park របស់​ក្លឹប Aston Villa (១៨៩៧)

កីឡដ្ឋាន Villa Park នៅ​អំឡុង​ដើម​ឆ្នាំ ១៩០០

Villa Park បាន​ក្លាយ​ទៅ​ជា​កីឡដ្ឋាន​ផ្លូវការ​សម្រាប់ Aston Villa ចាប់​តាំង​ពី​ឆ្នាំ ១៨៩៧ មក​ម្ល៉េះ។ បន្ទាប់​ពី​កែលម្អ និង ជួសជុស​ជា​បន្តបន្ទាប់ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៤២,៦៨២ នាក់។

បច្ចុប្បន្ន​កីឡដ្ឋាន​ Villa Park ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៤២,៦៨២ នាក់

៧ កីឡដ្ឋាន Goodison Park របស់​ក្លឹប Everton (១៨៩២)

Goodison Park បាន​ក្លាយ​ទៅជា​ទឹកដី​របស់ Everton នៅ​ឆ្នាំ ១៨៩២

នៅ​ពេល​និយាយ​ដល់​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស​ គេ​មិន​អាច​មិន​និយាយ​ដល់​ក្លឹប Everton បាន​ទេ។ Everton គឺ​ជា​ក្លឹប​បាល់ទាត់​ដ៏​ចំណាស់​បំផុត​មួយ បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៨៧៨។ ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ Liverpool មួយ​នេះ​បាន​ប្រើប្រាស់​កីឡដ្ឋាន Anfield ពី​ឆ្នាំ ១៨៨៤ រហូត​ដល់​ឆ្នាំ ១៨៩២។

Goodison Park ទឹកដី​របស់ Everton

Goodison Park អាច​ផ្ទុក​អ្នកទស្សនា​បាន ៣៩,៥៧២ នាក់​និង​ធ្លាប់​បើកទ្វារ​សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៦៦។

៦ កីឡដ្ឋាន Celtic Park របស់​ក្លឹប Celtic (១៨៩២)

កីឡដ្ឋាន Celtic Park ក្នុង​ឆ្នាំ ១៨៩២

កីឡដ្ឋាន Celtic Park របស់​ក្លឹប Celtic ក្នុង​ប្រទេស​ស្កុតឡែន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៨៩២ អាច​ផ្ទុក​អ្នក​ទស្សនា​បាន ៦០,០០០ នាក់។

Celtic Park អំឡុងការប្រកួត Champions League រវាង Celtic និង Benfica

៥ កីឡដ្ឋាន St. James Park របស់​ក្លឹប Newcastle United (១៨៩២)

ការប្រកួតរវាងក្រុម Sunderland និងក្រុម Newcastle ក្នុងឆ្នាំ 1905

St. James Park បាន​ក្លាយ​ទៅ​ជា​ទឹកដី​របស់ Newcastle United ចាប់​តាំង​ពី​ឆ្នាំ ១៨៩២ មក​ម្ល៉េះ។ បច្ចុប្បន្ន​វា​អាច​ផ្ទុក​អ្នកទស្សនា​បាន ៥២,៤០៥ នាក់។

St. James Park បច្ចុប្បន្ន​គឺ​ជា​កីឡដ្ឋាន​ធំ​លំដាប់​ទី​៥​នៅ​អង់គ្លេស

៤ កីឡដ្ឋានAnfield របស់​ក្លឹប Liverpool (១៨៨៤)

កីឡដ្ឋាន Anfield បាន​ក្លាយ​ទៅ​ជា​ទឹកដីរបស់ Everton រហូត​ដល់​ឆ្នាំ ១៨៩១

​អ្នកគាំទ្រ​របស់​ក្លឹប​២​នៅ​ក្នុង​ក្រុង​ Liverpool តែ​១​គឺ Everton និង Liverpool មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​​របស់​ក្លឹប​រួម​ទីក្រុង​ទាំង​២​នេះ។ Everton និង Liverpool ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្លឹប​ចំណាស់​ដែល​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង។

Anfield

តាមពិត​កីឡដ្ឋាន Anfield ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៨៨៤ គឺ​ជា​កីឡដ្ឋាន​របស់​ម្ចាស់​ផ្ទះ Everton ដែល​បង្កើត​តាំង​ពី​ឆ្នាំ ១៨៧៨ មក​ម្ល៉េះ។

ប៉ុន្តែ ទំនាស់​​ផ្ទៃ​ក្នុង​រវាង​ក្រុម​ប្រឹក្សាភិបាល​​ក្លឹប​ Everton​ និង លោក John Houlding បាន​កើត​ឡើង ហើយ​លោក​ Houlding ដែល​​ក៏​បាន​បង្កើត​ក្លឹប​ Liverpool ក្នុង​ឆ្នាំ ១៨៩២ ខណៈ​ដែល Everton ក៏​បាន​ផ្លាស់​ចេញ​ពី Anfield ទៅ​បង្កើត​កីឡដ្ឋាន Goodison Park ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចាប់ពី​ពេល​នោះ​រហូត​មក​ដល់​បច្ចុប្បន្ន។

៣ កីឡដ្ឋាន Stamford Bridge របស់​ក្លឹប Chelsea (១៨៧៧)

មុន Chelsea កីឡដ្ឋាន Stamford Bridge ត្រូវ​បាន​ប្រើប្រាស់​ដោយ London Athletic

ខណៈ​ដែល​ក្រុម​អ្នកគាំទ្រ​របស់​ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​សើច​ចំអក ​​នៅ​ពេល​និយាយ​ពី​សមិទ្ធផល​របស់​ពួកគេ ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​​ដឹងថា Stamford Bridge គឺជា​កីឡដ្ឋាន​ចាស់​ជាង​គេ​បំផុត​លំដាប់​ទី​៣​ក្នុង​លោក និង ជា​ទឹកដី​​ដែល​មាន​ប្រវត្តិ​យូរលង់​ជាង​គេ​បំផុត​ក្នុង​ចំណោម​ក្លឹប​កំពូល។

កីឡដ្ឋាន​ដែល​មាន​មូលដ្ឋាន​នៅ​ភាគខាង​លិច​ទីក្រុង​ឡុង បាន​បើក​ទ្វារ​ដំណើរ​ការ​ក្នុង​ឆ្នាំ ១៨៧៧ ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្លឹប London Athletic រហូត​ដល់​ឆ្នាំ ១៩០៥ នៅ​ពេល​ដែល​ Chelsea ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Gus Mears ហើយ តោខៀវ​ក៏​បាន​ក្លាយ​ទៅ​ជា​ម្ចាស់​ផ្ទះ Stamford Bridge ចាប់តាំង​ពី​ពេល​នោះ​មក។

​​​​២ កីឡដ្ឋាន Sandygate របស់​ក្លឹប Hallam FC (១៨៦០)

កីឡដ្ឋាន Sandygate ផ្ទុក​អ្នកទស្សនា​បាន​ត្រឹម ៧០០ នាក់​

កីឡដ្ឋាន Sandygate របស់​ក្លឹប Hallam FC ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​លីគ​លំដាប់​ទី​៩​ក្នុង​ប្រទេស​អង់គ្លេស ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៨៦០​ មក​ម្ល៉េះ ពោល​​គឺ​តាំង​ពី ១៥៩ ឆ្នាំ​មុន។

កីឡដ្ឋាន​នេះ​នៅ​តែ​ត្រូវ​បាន​ប្រើប្រាស់​មក​ដល់​បច្ចុប្បន្ន ប៉ុន្តែ​វា​អាច​ផ្ទុក​អ្នកទស្សនា​បាន​ត្រឹម ៧០០ នាក់​ប៉ុណ្ណោះ។

១ កីឡដ្ឋាន Bramall Lane របស់​ក្លឹប Sheffield United (១៨៥៥)

Bramall Lane របស់​ក្លឹបSheffield United គឺ​ជា​កីឡដ្ឋាន​​ដំបូង​គេ​បង្អស់​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី ១៦៤ ឆ្នាំ​មុន និង នៅ​តែ​បន្ត​​ប្រើប្រាស់​ជា​កីឡដ្ឋាន​អាជីព​រហូត​មក​ដល់​បច្ចុប្បន្ន។

​​​ Bramall Lane គឺ​ជា​ផ្ទះ​រួម​គ្នា​របស់ Sheffield United និង Sheffield Wednesday រហូត​ដល់​ឆ្នាំ ១៨៩៩ នៅ​ពេល​ដែល Sheffield United ក្លាយ​ទៅ​ជា​ម្ចាស់​ផ្ទះ​ផ្តាច់​មុខ​តែ​ឯង។

កីឡដ្ឋាន Bramall Lane បង្កើត​ឡើង​ដំបូង​គេ​បង្អស់

កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន ៣២,៧០២ នាក់។ Sheffield United គឺ​ជា​ក្លឹប​របស់​ព្រះអង្គម្ចាស់​អារ៉ាប់រួម ដែល​ជាប់​ខ្សែស្រឡាយ​​ជាមួយ​នឹង​ម្ចាស់​ក្លឹប​ Man City។

រដូវ​កាល​នេះ Sheffield United បាន​ឡើង​មក​លេង​នៅ Premier League ហើយ​អ្នក​នឹង​បាន​ឃើញ​កីឡដ្ឋាន Bramall Lane និង ក្លឹប​ចំណាស់​បំផុត​បង្ហាញ​វត្តមាន​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​​៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ សុខ លាងហ៊ត