មកមើល​ក្រដាស​ដាក់ពិន្ទុប៉ាក់គីអៅ និង Thurman របស់​ចៅក្រម​ទាំង ៣

  • 2019-07-22 02:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao បាន​ដណ្ដើម​ខ្សែក្រវាត់ WBA (Super) welterweight ពី​អ្នកប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក Keith Thurman កាលពីថ្ងៃអាទិត្យ​កន្លងទៅ ក្រោយ​យកឈ្នះពិន្ទុ​មិន​ឯកច្ឆ័ន្ទ (២-១)។

ចៅក្រម​២នាក់ បាន​ដាក់​ពិន្ទុ​ឲ្យ​ប៉ាក់គីអៅ ឈ្នះ ១១៥ ទល់​នឹង ១១២ ប៉ុន្តែ​ចៅក្រម​ម្នាក់ទៀត បាន​មាន​ឈ្មោះថា Glenn Feldman បាន​ដាក់​ពិន្ទុ​ឲ្យ​ Thurman ឈ្នះ ១១៤ ទល់ ១១៣។

សូម​មើល​ក្រដាស​ដាក់​ពិន្ទុ ខាងក្រោមនេះ៖

យោងតាមក្រដាស​ដាក់ពិន្ទុ​ខាងលើ ចៅក្រម Glenn Feldman (Blue) បាន​ដាក់​ពិន្ទុ​ឲ្យ​ប៉ាក់គីអៅ ឈ្នះ តែ ៥ទឹកប៉ុណ្ណោះ (ទឹកទី១, ២, ៤, ៥ និង ១០) ចំណែក ៧ទឹកទៀត គឺទឹកទី៣, ៦, ៧, ៨, ៩, ១១, ១២ គឺឲ្យ Thurman ឈ្នះ។

ចំណែក​ចៅក្រម ២រូបទៀត គឺ Dave Moretti (White) និង Tim Cheatham (Pink) បាន​ដាក់​ពិន្ទុ​ឲ្យ​ប៉ាក់គីអៅ ឈ្នះ ៧ទឹក​ដូចគ្នា ខណៈ Thurman បានតែ ៥ទឹក​ប៉ុណ្ណោះ។

ការ​ដាក់​ពិន្ទុ​ឲ្យ Thurman ឈ្នះនេះ បាន​បង្ក​ឲ្យ​មាន​មតិ​រិះគន់​ជាច្រើន ដោយ​មាន​ទាំង​ការ​ទាមទារ​ឈប់​ឲ្យ​ចៅក្រម​រូបនេះ កាត់​សេចក្ដី នា​ការប្រកួត​ក្រោយៗ​ទៀត​ ថែមទៀតផង។

ជាក់ស្ដែង អ្នកអត្ថាធិប្បាយ​ប្រដាល់​មួយរូប ដែល​មានឈ្មោះថា Ray Flores បាន​និយាយថា៖ "ពិត​ជា​មិន​គួរ​ឲ្យជឿ ដែល​គាត់​ដាក់​ពិន្ទុ​បែបនេះ។ តើ​គាត់​មើល​ការ​ប្រកួត​នោះ យ៉ាង​ដូចម្ដេច? ចៅក្រម​ដែល​ឲ្យ​ពិន្ទុ Keith Thurman នោះ មិន​គួរ​ឲ្យ​ធ្វើ​ជា​អ្នកកាត់​សេចក្ដី នាការប្រកួត​អាជីព​ម្ដង​ទៀត​នោះទេ។ អរគុណ​ចៅក្រម​២រូបទៀត ដែល​ដាក់​ពិន្ទុ​ត្រឹមត្រូវ"។

Pacman វាយ​មុខ Thurman (រូបភាព AP)

អត្ថបទ៖ ឈិន មិថុនា