យ៉ាងណា​ហើយ​ Homeless World Cup ​កម្ពុជា ​ចេញ​ទៅ​ប្រកួត​នៅ​វែល​

  • 2019-08-01 09:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់ Homeless World Cup ​តំណាង​កម្ពុជា​បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​វែល​តាំង​ពី​ថ្ងៃ​ទី​២៧​ខែ​កក្កដា​ឆ្នាំ​២០១៩​កន្លង​ទៅ​ម្ល៉េះ ​ដោយ​បាន​ប្រកួត​ច្រើន​ប្រកួត​មក​ហើយ។

ការ​ប្រកួត​នេះ​ដែរ ​មាន​កីឡាករ​ចូល​រួម​ជាង​៥០០​នាក់ ​មក​ពី​បណ្ដា​ប្រទេស​ជាង​៥០​ទូទាំង​ពិភព​លោក។ ខណៈ​ដែល​នៅ​អាស៊ាន​មាន​តែ​២​ប្រទេស​ប៉ុណ្ណោះ​ចូល​រួម​គឺ ​កម្ពុជា ​និង​ឥណ្ឌូណេស៊ី។ ​សម្រាប់​ក្រុម​កម្ពុជា ​តាំង​ពី​ពេល​ទៅ​ដល់​រហូត​មក​ដល់​ពេល​នេះ ពួកគេ​លេង​បាន​៥​ប្រកួត​ហើយ ​ក្នុង​នោះ​ឈ្នះ​ក្រុម អូស្ត្រាលី ៤-១ ​ចាញ់​ក្រុម​ស្វីស ​៧-៤ ​ចាញ់​ក្រុម​មិកស៊ិក ​៦-០ ​ឈ្នះ​ដាណឺម៉ាក ​ដោយ​បាល់​ប៉េណាល់ទី ​ក្រោយ​ស្មើ ៣-៣ ​និង​ចាញ់​វេល​ ៧-១។

លោក ថុង គីមហុង ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​កម្ពុជា ​បាន​បញ្ជាក់​ថា​ក្រុម​កម្ពុជា​ទទួល​បាន​បទ​ពិសោធ​ល្អ​ច្រើន​ពី​ការ​ប្រកួត​កម្មវិធី​នេះ។ មាន​អ្នក​ចូល​រួម​មក​ពី​បណ្ដា​ប្រទេស​ជុំ​វិញ​ពិភព​លោក​នេះ គឺ​ជា​រឿង​មួយ​ដែល​ល្អ​សម្រាប់​ក្មេង​ៗ​បាន​ស្គាល់​និង​ទំនាក់ទំនង​គ្នា យល់​ពី​ការ​រស់​នៅ​គ្នា​ទៅ​វិញ​ទៅ​មក។ សម្រាប់​ការ​ប្រកួត​វិញ ​ក្រុម​កម្ពុជា​លេង​បាន​ល្អ​ជាង​ឆ្នាំ​មុន​ទៀត ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ​ខាង​ដៃ​គូ​ប្រកួត​ក៏​គេ​រឹត​តែ​មាន​កម្រិត​ល្អ​ថែម​ទៀត​ផង​ដែរ។

រំលឹក​ថា​កម្ពុជា​មាន​យុវជន​៨​នាក់​ចូល​រួម​ការ​ប្រកួត​ខាង​លើ​នេះ ​ដោយ​ក្នុង​នោះ​រួម​មាន យ៉េង សុខរ៉ា​, សុខ ប៉ុនតាន​, ទុំ វុត្ថា​, ផល វ៉ាន់ណេត​, សំ ដាំ​, គូ រ៉ាត់​, ស្រី មករា និង ជា សីមា។ ​ការ​ប្រកួត​នេះ​ដែរ ​គឺ​លេង​ក្នុង​ទីលាន Futsal ​ដោយ​ម្ខាង​មាន​៤​នាក់ ​១​ប្រកួត​មាន​១៤​នាទី ​ចែក​ជា​២​តង់ ​១​តង់​៧​នាទី៕

អត្ថបទ៖ ប្រុស យុទ្ធ