ហេតុអ្វី​​ប្រទេស​ជាច្រើន ទៅដាក់​មូលដ្ឋាន​ទ័ព នៅ​ប្រទេស​ដ៏​តូចមួយ​នេះ?

  • 2019-08-14 01:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីប៊ូទី (Djibouti) ជា​ប្រទេស​មួយ​នៅ​ទ្វីប​អាហ្រ្វិក ដែលមាន​ផ្ទៃដីតែជាង ២ម៉ឺន​គីឡូម៉ែត្រ​ការ៉េ (តូចជាង​កម្ពុជា ជិត ៨ដង)។ ប្រទេសនេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​មាន​មូលដ្ឋាន​កងទ័ពបរទេស​​តាំង​នៅ ច្រើន​ជាងគេ។

តើ​កត្តា​អ្វី ដែល​ធ្វើ​ឲ្យ​ប្រទេស​ធំៗ​ក្នុង​លោក ងាក​ទៅ​ដាក់​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​ប្រទេស​ដ៏​តូច​មួយនេះ?

ចម្លើយ​យ៉ាង​ខ្លី គឺ​កត្តា​ភូមិសាស្រ្ដ​។ ប្រទេស​តូចជាង​គេលំដាប់​ទី៣ ប្រចាំ​ទ្វីប​អាហ្រ្វិក​នេះ មាន​ព្រំប្រទល់​ភាគខាងជើង​ជាប់​ប្រទេស​អ៊ីរីទ្រា (Eritrea) ខាងលិច​ និងខាងត្បូង​ជាប់​អេព្យូពី, ភាគអាគ្នេយ៍​ជាប់​សូម៉ាលី និង​ខាងកើត ជា​ដែនទឹក ជាប់សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ​អេដេន។ មិនត្រឹម​តែជិត​សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ​អេដេននោះទេ ប្រទេស​នេះ ក៏​មាន​ច្រក​សមុទ្រ​ដ៏​សំខាន់ សម្រាប់​ពាណិជ្ជកម្មផងដែរ (Bab el Mandeb Strait) ដូច​ប្រិយមិត្ត​ឃើញ​ក្នុង​ផែនទី​ខាងក្រោម​នេះស្រាប់។ ច្រក​នេះ ភ្ជាប់​ទៅ​កាន់​ព្រែកជីក Suez Canal ដែល​ជា​ផ្លូវដឹកជញ្ជូន​តាម​សមុទ្រ​ដ៏​មមាញឹកបំផុត​មួយ។

លើស​ពីនេះ​ទៅទៀត ប្រទេស​នេះ ស្ថិត​ក្នុង​តំបន់​ Horn of Africa និង​ឧបទ្វីប​អារ៉ាប់ ដែលនៅ​ជាប់​​តំបន់​ក្ដៅ​មួយចំនួន ដូចជា​ប្រទេស​សូម៉ាលី និង​យ៉េមែន ជាដើម។

ដោយសារ​តែ​ធនធាន​ធម្មជាតិ​មិន​អំណោយផល ដូច្នេះ​គ្មាន​ហេតុផល​អ្វី​ដែល​ប្រទេស​នេះ ត្រូវ​ប្រកែក​មិន​ឲ្យ​ប្រទេស​ផ្សេង ដាក់​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹកដី​របស់​ខ្លួននោះទេ ព្រោះ​វា​ជា​ប្រភព​ចំណូល​ជាតិ ដ៏​សំខាន់​មួយ។

ប្រទេសណាខ្លះ តាំងមូលដ្ឋានទ័ពនៅ​ជីប៊ូទី?

-សហរដ្ឋ​អាមេរិក៖ អាមេរិក​មាន​មូលដ្ឋាន​ទ័ព​នៅ​ប្រទេស​ជាច្រើន ប៉ុន្តែ​មាន​តែមួយ​ប៉ុណ្ណោះ​នៅ​អាហ្រ្វិក គឺ​នៅ​​​ប្រទេស​ជីប៊ូទី​នេះឯង។ ក្នុងមូលដ្ឋាន​ទ័ព​អាមេរិក​នេះ ក៏មាន​កងទ័ព​ចក្រភព​អង់គ្លេស​ផងដែរ។

ទ័ពអាមេរិក នៅជីប៊ូទី (រូបភាព៖ Aljazeera)
  • ជប៉ុន៖ ជប៉ុន​មាន​មូលដ្ឋាន​​ទ័ព​​​ក្រៅប្រទេស​ តែមួយប៉ុណ្ណោះ​​ គឺ​នៅ​ប្រទេស​ជីប៊ូទី។ ប្រទេស​នេះ បាន​បើក​មូលដ្ឋាន​ទ័ព​ការពារខ្លួន (Japan Self-Defence Forces) នៅ​ប្រទេសនេះ កាលពីខែកក្កដា ឆ្នាំ២០១១ ដែល​មាន​ទាហាន​ជើងទឹក ប្រមាណ ៦០០នាក់។

  • ចិន៖ ចិន បាន​បើក​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅ​ជីប៊ូទី នាឆ្នាំ​២០១៧ ដោយ​ចំណាយ​ការ​សាងសង់​ ៥៩០លាន​ដុល្លារ។

កងទ័ព​ប្រជាជន​ចិន ចូលរួម​បើក​មូលដ្ឋាន​ទ័ព​នៅ​ជីប៊ូទី កាលពីឆ្នាំ២០១៧ (រូបភាព៖ Voice of America)
  • បារាំង៖ បារាំងជាប្រទេស​ដែល​ដាក់​អាណានិគម​លើ​ប្រទេស​ជីប៊ូទី។ ក្រោយ​ជីប៊ូទី បានឯករាជ្យ នាឆ្នាំ ១៩៩៧ បារាំង​មិន​បាន​ដកទ័ព​ទាំងអស់នោះទេ ពោល​គឺ​នៅ​មានទាហានប្រមាណ ១៥០០នាក់ តាំងនៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ ក្នុង​មូលដ្ឋាន​ទ័ព​បារាំង​នេះ ក៏មានទ័ព​អាល្លឺម៉ង់ និង​អេស្ប៉ាញផងដែរ។

  • អ៊ីតាលី៖ ចាប់ពីឆ្នាំ ២០១៣ មក ទាហាន​អ៊ីតាលី តាំង​នៅ​ក្នុង​ប្រទេស​ជីប៊ូទី គឺមានប្រមាណ ៣០០នាក់។

នាវាយោធាអេស្ប៉ាញ ចត​នៅ​មូលដ្ឋានទ័ព​បារាំង (រូបភាព៖ Getty Images

ក្រៅពីប្រទេសទាំង ៥ នេះ ប្រទេស​អារាប៊ីសាអូឌីត ក៏បាន​ព្រមព្រៀង​​សាងសង់​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​នៅជីប៊ូទីផងដែរ។ ចំណែក​ឥណ្ឌា ក៏​​នឹង​មាន​មូលដ្ឋានទ័ព​ផ្ទាល់ខ្លួន​នៅប្រទេស​នេះ នា​ពេល​អនាគត​ផងដែរ (បច្ចុប្បន្ន​ឥណ្ឌា មាន​កិច្ច​ព្រមព្រៀង​ដាក់​ទ័ព​ក្នុង​មូលដ្ឋាន​ទ័ព​ជាមួយជប៉ុន)។

ចំណូល​ដែល​ជីប៊ូទី បាន​ពី​ការ​ដាក់​មូលដ្ឋាន​ទ័ព​បរទេស

ជីប៊ូទី អាច​រក​ចំណូល​បានយ៉ាង​ហោច​ណាស់ ៣០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។ ក្នុង​នោះ សហរដ្ឋអាមេរិក បាន​ចំណាយ​មួយឆ្នាំ ៦៣លាន​ដុល្លារ ដើម្បី​ជួល​ទីតាំង​មូលដ្ឋាន​ទ័ព​របស់ខ្លួន។ មិនត្រឹមតែចំណូល​នោះទេ ជីប៊ូទី​ក៏​ទទួល​បាន​ការ​ការពារ​សន្តិសុខ​ផ្លូវទឹក និង​ការ​គំរាម​កំហែង​ពីក្នុង​តំបន់​ផងដែរ។ ចំណែក​ចិន បាន​ចាត់ទុក​ប្រទេស​នេះ ជា​ប្រទេស​សំខាន់​មួយដ៏សំខាន់​​ក្នុង​គម្រោង «ខ្សែ​ក្រវាត់ និង​ផ្លូវ (Belt and Road)» របស់ខ្លួនផងដែរ។

ប្រភេទ​កងកម្លាំងបរទេស ដែលតាំងនៅ​ប្រទេស​ជីប៊ូទី

  • ​កងកម្លាំង​ប្រឆាំង​ចោរសមុទ្រ នៅ​ក្នុង​សមុទ្រ​ក្រហម ឈូង​សមុទ្រ​អេដេន និង​សមុទ្រ​អារ៉ាប់។

  • កងកម្លាំង​រក្សា​សន្តិភាព​ក្នុង​តំបន់

  • កងកម្លាំង​យុទ្ធសាស្រ្ដ

  • កង​ទ័ព​ជើងទឹក

  • កងទ័ព​ជើង​អាកាស

  • កងកម្លាំង​ប្រឆាំង​ភេរវកម្ម

  • និងកងកម្លាំង​ស៊ើបអង្កេត​ជាដើម៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម