រួមគ្នាដាំកូនឈើ ដើម្បីអនាគតជំនាន់ក្រោយរបស់យើង
- 2019-08-14 03:51:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រួមគ្នាដាំកូនឈើ ដើម្បីអនាគតជំនាន់ក្រោយរបស់យើង
ចន្លោះមិនឃើញ
បម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមមួយ ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់នៅកម្ពុជា ក៏ដូចជាទូទាំងសាកលលោក។ ជាការពិតណាស់ ព្រៃឈើ គឺជាចលករទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ និងថែរក្សាភពផែនដីបានយ៉ាងល្អប្រសើរ ព្រមទាំងផ្តល់នូវភាពស្រស់បំព្រង ដល់ជីវិតក្នុងលោកយើងទាំងអស់ផងដែរ។
ហេតុនេះហើយ ទើបធនាគារ ស៊ី អាយ អិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានសម្រេចរួមចំណែក ដល់កម្មវិធីដាំកូនឈើ នៅវិទ្យាល័យ ឧដុង្គ ដោយមានការចូលរួមពីគណៈគ្រប់គ្រង រួមមានប្រធាននាយកប្រតិបត្តិ និងបុគ្គលិកធនាគារទាំងមូល កាលពីថ្ងៃទី២០ កក្កដា ២០១៩ កន្លងទៅនេះ។
ក្រោមប្រធានបទ «ដាំកូនឈើ ដើម្បីអនាគតជំនាន់ក្រោយរបស់យើង» ក្រៅពីការដាំដើមឈើជាង ២០០ដើម ធនាគារ CIMB ក៏បានរៀបចំការលែងកូនត្រីជាង ៣០០ក្បាល ទៅក្នុងស្រះរបស់វិទ្យាល័យ ឧដុង្គ និងបរិច្ចាគសម្ភារកសិកម្ម សម្រាប់ថែទាំកូនឈើ និងប្រើប្រាស់ផ្សេងៗ រួមមានម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកាត់ស្មៅជាដើម។
ថ្លែងក្នុងឱកាសនោះ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ CIMB បានមានលើកឡើងថា៖ « កម្មវិធីនៃការទទួលខុសត្រូវចំពោះសង្គម របស់ធនាគារ CIMB រួមមានសកម្មភាពចូលរួមចំណែកការកសាងជាមួយមូលដ្ឋាន នូវវិស័យនានា ដូចជា ការសិក្សាអប់រំ សុខុមាលភាព សង្គមកិច្ច និងបរិស្ថាន។ យើងខ្ញុំជ្រើសយកវិទ្យាល័យ ឧដុង្គ សម្រាប់សកម្មភាពដាំកូនឈើនេះ ដោយយើងចង់បានកូនឈើទាំងនេះ នឹងបានការបីបាច់ថែរក្សា ពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងឡាយ ដើម្បីធានាឲ្យដើមឈើទាំងនេះនឹងគង់វង្សស្ថិតស្ថេរចេរកាល»។
ជាផ្នែកមួយរបស់ ស៊ី អាយ អិម ប៊ី គ្រុប ដែលមានវត្តមាននៅទូទាំងតំបន់អាស៊ាន ធនាគារ CIMB ដែលត្រូវបានដឹកនាំ និងបម្រើការងារ ដោយជនជាតិខ្មែរ ១០០% តែងតែរួមចំណែក ដល់ការអភិវឌ្ឍ ក្នុងកម្ពុជា។
លោក ប៊ុន យីន បានបន្ថែមទៀតថា ស្របតាមចក្ខុវិស័យរបស់ ស៊ី អាយ អិម ប៊ី គ្រុប ចំពោះការជួយត្រឡប់ ទៅកាន់សហគមន៍ ដែលខ្លួនកំពុងប្រកបអាជីវកម្ម ធនាគារមានគោលដៅបរិច្ចាគទឹកប្រាក់ ១% នៃប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន សម្រាប់កម្មវិធីទំនួលខុសត្រូវ ជារៀងរាល់ឆ្នាំ។
ដើម្បីសម្រេចនូវកម្មវិធីទំនួលខុសត្រូវសង្គមរបស់យើងនេះ ធនាគារនឹងបន្តសហការជាមួយវិទ្យាល័យ ឧដុង្គ ក្នុងការពិនិត្យទៅលើការថែរក្សា និងប្រើប្រាស់ជំនួយឧបត្ថម្ភរបស់យើង ហើយធនាគារនឹងបន្តឧបត្ថម្ភបន្ថែមទៀត នាពេលអនាគត ទៅលើភាពចាំបាច់ផ្សេងៗរបស់សាលា។
ក្នុងទឹកមុខរីករាយស្រស់ស្រាយ លោក ឡៃ គួង នាយកវិទ្យាល័យ ឧដុង្គ បានមានប្រសាសន៍ថា៖ «សកម្មភាពសប្បុរធម៌របស់ធនាគារ CIMB នាពេលនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍសាលាមួយកម្រិតទៀត។ ដោយសារសាលារបស់ខ្ញុំ ផ្តោតលើការថែរក្សាបរិស្ថាន ដូច្នេះសកម្មភាពដាំកូនឈើរបស់ធនាគារ CIMB បានជួយឲ្យសាលារបស់យើង កាន់តែមានភាពស្រស់បំព្រងបន្ថែមទៀត និងជំរុញឲ្យសិស្សានុសិស្សរបស់យើង បានស្គាល់ និងយល់ដឹង ពីដើមឈើប្រណីត ដែលបានដាំនាថ្ងៃនេះ។ ហើយការបរិច្ចាគសម្ភារៈកសិកម្ម ក៏បានផ្តល់នូវមធ្យោបាយកាន់តែប្រសើរ ឲ្យពួកយើងអាចប្រើប្រាស់ ដែលជាប្រយោជន៍ នៅក្នុងវិទ្យាល័យ ឧដុង្គទាំងមូល។ តាងនាមឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណ ដល់គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ CIMB ដែលបានធ្វើដំណើរមកដោយផ្ទាល់ និងឧបត្ថម្ភ ដល់សាលាយើងខ្ញុំ»។
លោក ហ៊ូ នីរ៉េម៉ូ ជាបុគ្គលិករបស់ធនាគារ CIMB ដែលបានចូលរួមក្នុងកម្មវិធីនេះផ្ទាល់ បានបង្ហាញពីមតិយោបល់របស់ខ្លួនថា៖ «ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ដែលបានជួយដល់បរិស្ថាននាថ្ងៃមុខ។ យើងតែងតែគិតថា២០ឆ្នាំមុន យើងដាំដើមឈើ ទើបថ្ងៃនេះបានផល ប៉ុន្តែមិនទាន់យឺតពេលទេ យើងអាចដាំថ្ងៃនេះ ដើម្បីបានផលទៅថ្ងៃក្រោយ ដែលជួយដល់បរិស្ថាន បង្កើនភាពបៃតង ទាំងក្នុងការរស់នៅ និងក្នុងសាលារៀន ហើយផ្តល់សុខភាព និងសោភណភាព ដល់សិស្សសាលា និងក្មេងជំនាន់ក្រោយ។ ហើយខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នា ដាំកូនឈើឲ្យបានច្រើន មិនថាថ្ងៃនេះ ឬថ្ងៃស្អែក ច្រើន ឬក៏តិចឡើយ»។
ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា នៅចុងឆ្នាំ ២០១០ ហើយបច្ចុប្បន្នធនាគារមានសាខាចំនួន ១៣ តាមបណ្តារាជធានី និងខេត្តសំខាន់ៗ នៅក្នុងប្រទេសក្នុងរយៈពេលជិត ១០ឆ្នាំកន្លងមកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាលនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ដល់និស្សិតសិក្សានៅក្រៅប្រទេស វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម និងឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យបង្អែកបាទីជាដើម វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅវិទ្យាល័យ ឧដុង្គជាដើម៕