តូច​ៗ​ទេ ប៉ុន្តែ​បង្ហាញ​ស្នៀត​ការពារ​ខ្លួន​ ដោយ​ភាព​អង់អាច​ក្លាហាន​

  • 2019-08-20 07:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ បាន​រៀបចំ​ការ​ប្រកួត​ស្នៀត​ការពារ​ខ្លួន​លើក​ទី១​ ដោយ​មាន​កីឡាករ​ កីឡា​ការិនី​តូចៗ​ រួម​និង​ឈុត​ធំ​ចូលរួម​ប្រជែង​គ្នា​យកជ័យជម្នះ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ទី១៨​ សីហា​ ២០១៩​កន្លង​ទៅ។​

រូបភាពសហព័ន្ធហាប់គីដូ

ជា​ការ​ប្លែក​អារម្មណ៍​មួយ​ផង​ដែរ​ ដោយ​សារ​តែ​មាន​កីឡាករ​ កីឡា​ការិនី​តូច​ៗ​ក៏​ចូលរួម​ការ​ប្រកួត​នេះ​ ដែល​ពេល​ខ្លះធ្វើ​​ត្រូវ​ ពេល​ខ្លះធ្វើ​​យឺត​ ប៉ុន្តែ​ពួកគេ​នៅ​តែ​ខំប្រឹង​ប្រែង​បង្ហាញ​ និង​បញ្ចេញ​ស្នាម​ញញឹម​ជា​និច្ច។​

លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី១​ហើយ​ ដែល​សហព័ន្ធ​រៀបចំ​ការ​ប្រកួត​បង្ហាញ​ស្នៀត​ការពារ​ខ្លួន​នេះ​ឡើង។​ ការ​ប្រកួត​នេះ​ដែរ​ ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​រៀបចំ​ការ​ប្រកួត​ផ្សេងៗ​របស់​សហព័ន្ធ​ ដើម្បី​ទទួល​បាន​បទ​ពិសោធ​ការ​រៀបចំ​ និង​ជា​ការ​សម្លឹង​រក​មើល​កីឡាករ​ឆ្នើម​ផង​ដែរ។​ នៅ​ជំហាន​បន្ទាប់​ទៀត​នោះ​ ជា​ពិសេស​នៅ​ចុង​ឆ្នាំ​២០១៩​នេះ​ សហព័ន្ធ​នឹង​រៀបចំ​ការ​ប្រកួត​ឲ្យ​ធំ​ជាង​នេះ​ទៅ​ទៀត។​

រូបភាពសហព័ន្ធហាប់គីដូ

គ្រូ​បង្វឹក​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ ចំពោះ​ការ​ប្រកួត​ប្រជែង​លើក​ដំបូង​របស់​កីឡាករ​ កីឡា​ការិនី​ក្នុង​ពេល​នោះ​ គឺ​ឈុត​ធំ​ធ្វើ​បាន​ល្អ​រហូត​ដល់​ ៦៥%​ ចំណែក​ផ្នែក​តូចៗ​បាន​ប្រហែល​៥០%​ផង​ដែរ។​ ចំណុច​ខ្វះខាត​នោះ​លោក​មើល​ឃើញ​ថា​ កីឡាករ​មួយ​ចំនួន​បង្ហាញ​ដោយ​មិន​សូវ​មាន​ល្បឿន​ និង​មិន​សូវ​មាន​កម្លាំង។​ ល្បឿន​នៅ​យឺត​ ខណៈ​ដៃគូ​ប្រកួត​ជា​មួយ​មិន​សូវ​ស៊ីចង្វាក់​គ្នា​ ប៉ុន្តែ​សរុប​ជា​រួម​បាន​ល្អ​ហើយ​ ទោះ​ជា​លើក​ទី១​ក៏​ដោយ។​

រូបភាពសហព័ន្ធហាប់គីដូ

រំលឹក​ដែរ​ថា​ ពិធី​ប្រកួត​បង្ហាញ​ស្នៀត​ការពារ​ខ្លួន​នៃ​កីឡា​ហាប់គីដូ​ លើក​ទី១​នេះ​ ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី១៨​ ខែ​សីហា​ ២០១៩​ នៅ​ដំបូល​អគារ​សូហ្វតេនីស។​ កីឡាករ​ កីឡា​ការិនី​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​មាន​៥ក្លឹប​ និង​សរុប​កីឡា​ករ​ទាំងអស់ប្រហែល​ជាង​ ៦០នាក់៕​

រូបភាពសហព័ន្ធហាប់គីដូ
ទិដ្ឋភាពថតជុំគ្នា

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម