ទៀន​មាន​ប្រវត្តិ​ជាង​ ៥ ០០០ ឆ្នាំ​មក​ហើយ មនុស្សភាគច្រើនមិនសូវបានដឹង

  • 2019-08-25 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទៀន​មាន​ដើម​កំណើត​ដ៏​យូរ​លង់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។ វា​ជា​ការ​ច្នៃ​បង្កើត​មួយ​ក្នុង​ចំណោម​ការ​បង្កើត​របស់​ប្រើប្រាស់​ដំបូងៗ​បង្អស់​របស់​មនុស្ស។ ទៀន ត្រូវ​បាន​ប្រើប្រាស់​អស់​រយៈពេល​ជាង ៥ ០០០ ឆ្នាំ​មក​ហើយ ខណៈ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​បាន​ដឹង​អំពី​ប្រវត្តិ​របស់​វា។​

ទៀន​ត្រូវ​បាន​ផលិត​តាម​របៀប​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រទេស​នីមួយៗ​។ ក្នុង​សម័យ​បុរាណ ពន្លឺ​សិប្បនិម្មិត​នេះ​មាន​មុខងារ​ចម្បង​នៅ​ក្នុង​ការ​អុជ​បំភ្លឺ ឬ ប្រើប្រាស់​នៅ​ក្នុង​ពិធី​តាម​បែប​សាសនា។ 

ទៀន ដែល​គេ​ស្គាល់​ដំបូង​បំផុត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រជាជន​អេហ្ស៊ីប។ កាល​ណោះ ទៀន​បង្កើត​ចេញ​ពី​ខ្លាញ់​រាវ​របស់​សត្វ។ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទៀន​ពិតប្រាកដ​រហូត​ដល់​ឆ្នាំ ៣ ០០០ មុន​គ.ស នៅ​ពេល​ដែល​ទៀន​របស់​អ្នក​ស្រុក​អេហ្ស៊ីប​បង្កើត​ឡើង​ដោយ​លាយ​ជាមួយ​ក្រមួន​ឃ្មុំ។

ទៀន​បុរាណ​របស់​អ្នក​ស្រុក​អេហ្ស៊ីប

ដោយឡែក ជន​ជាតិ​ចិន​បាន​បង្កើត​ទៀន​ដំបូង​របស់​ខ្លួន​នៅ​ដើម​ឆ្នាំ ២២១ មុនគ.ស ដោយ​ធ្វើ​ឡើង​ពី​ខ្លាញ់​ត្រី​បាឡែន។ ក្រោយមក ក្រមួន​ទៀន​របស់​ជនជាតិ​ចិន និង ជប៉ុន ធ្វើ​ឡើង​ពី​ខ្លាញ់​សត្វ និង គ្រាប់​ធញ្ញជាតិ ស្រោប​ជុំវិញ​ក្រដាស​ដើម្បី​ដុត។ 

នៅ​ក្នុង​ប្រទេស​ឥណ្ឌា ទៀន​ផលិត​ចេញ​ពី​ផ្លែ​ឈើ និង សំបក​ឈើ។ បន្ទាប់​មក ទៀន​ត្រូវ​បាន​គេ​យក​ប្រើប្រាស់​នៅ​ក្នុង​ពិធី​តាម​បែប​សាសនា។

នៅដើមគ.ស ទី១​ជនជាតិ​ដើម​ភាគតិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ពាយ័ព្យ​បាន​ផលិត​ទៀន​ធ្វើ​ពី​ត្រី ដែល​ជា​ប្រភព​ពន្លឺ​របស់​ពួកគេ។ ទៀន​របស់​ពួកគេ ធ្វើ់​ឡើង​តាម​វិធី​ដ៏​សាមញ្ញ​បំផុត ដោយ​យក​ត្រី​ដោត​នឹង​ឈើ​ហាល​ឲ្យ​ស្ងួត​ ហើយ​ទុក​ដុត​ដើម្បី​បំភ្លឺ​ជា​ការ​ស្រេច។

ចក្រភពរ៉ូម គឺ​ជា​អ្នក​ដំបូង​គេ​ដែល បាន​បន្សល់​នូវ​គំនិត​ផលិត​ទៀន​រហូត​មក​ដល់​បច្ចុប្បន្ន ជា​ទៀន​ដែល​ធ្វើ​ពី​ខ្លាញ់​សត្វ ជា​ខ្លាញ់​គោ ឬ ខ្លាញ់​ចៀម ហើយ វា​បាន​ក្លាយ​ទៅ​ជា​ស្តង់ដារ​សម្រាប់​ផលិត​ទៀន​នៅ​ទ្វីប​អឺរ៉ុប។ មក​ដល់​ឆ្នាំ ១៤១៥ ទៀន​ខ្លាញ់​សត្វ​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ដុត​បំភ្លឺ​នៅ​តាម​ដង​ផ្លូវ។ 

ការ​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​នេសាទ​ត្រី​បាឡែន​នៅ​ចុង​សតវត្ស​ទី​ ១៨ បាន​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ផលិត​ទៀន​ចាប់​តាំង​ពី​ឆ្នាំ ១៧៥៩​មក៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សុខ លាងហ៊ត