វិស្វករ​ ស្ថាបត្យករ និង​អ្នក​ជំនាញ​បាន​ចំណូល​ខ្ទង់​ពាន់​ដុល្លារ​ តែ​កម្មករ​គ្មាន​ជំនាញ​​វិញ​ហៅ​លែង​លឺ

  • 2019-08-28 03:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​ថ្មី​មួយ​ប្រចាំ​ខែ​កក្កដា​ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​រៀប​ចំ​​ដែន​ដី​នគរ​រូបនីយកម្ម ​និង​សំណង់ នៅថ្ងៃទី៦ ខែ​សីហា​ ឆ្នាំ ២០១៩ កន្លងទៅនេះ​​បាន​ឱ្យ​ដឹង​ថា ​ចំណូល​របស់​វិស្វករ ​ស្ថាបត្យករ ​និង​អ្នក​ជំនាញ​បាន​ស្ថិត​ ក្នុង​ខ្ទង់​​ពាន់​ដុល្លារ​ពោល​គឺ​ក្នុង​ចន្លោះ​ពី ៤០០​ដុល្លារ​ទៅ​ ២ ៥០០​ដុល្លារ ក្នុង​មួយ​ខែ ខណៈ​កម្មករ​គ្មាន​ជំនាញ​បាន​ចំណូល​ចន្លោះ​ពី ៣ម៉ឺន​ទៅ​ ៦​ម៉ឺន​រៀល​ប៉ុណ្ណោះ។

របាយការណ៍​ដដែល​បាន​​ឱ្យ​ដឹង​ថា​ វិស័យ​សំណង់​បាន​បង្កើត​ការងារ​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៩ នេះ នេះ​គិត​ជា​មធ្យម​ប្រមាណ ​១៩០០០​ នាក់​ ទៅ​២១០០០នាក់ ក្នុង​មួយ​ថ្ងៃ​។ ដោយ​ឡែក​នៅ​រាជធានី​​ភ្នំពេញ​មាន​ចំនួន​កម្មករ​ប្រមាណ​ពី​២៨០០០​នាក់​ ទៅ​ ១២៥០០នាក់ ​ក្នុង​មួយ​ថ្ងៃ​ គឺ​មាន​ការ​ថយ​ចុះ​ចំនួន ​២៦,៣១%​។​

បន្ថែម​លើ​នេះ​តាម​រយៈ​​ការសិក្សា​ស្រាវ​ជ្រាវ ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៩ ​​នេះ  តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ក្នុង​មួយ​ថ្ងៃ​អាច​ទទួល​បាន​ពី៣ម៉ឺន​រៀល​ទៅ ៦ម៉ឺន​រៀល។ ចំពោះ​វិស្វករ ​ស្ថាបត្យករ​ និង​អ្នក​ជំនាញ​ផ្សេង​ទៀត ​ក្នុង​មួយ​ខែ​​អាច​ទទួល​បាន​ប្រាក់​បៀវត្ស​ពី​ ៤០០​ដុល្លារ​ទៅ ២ ៥០០​ដុល្លារ។ ប្រភព​ទិន្នន័យ​ថា ​ខាងលើ ​គឺ​បាន​មក​ពី​ការ​ចុះ​ផ្ទាល់​នៅ​តាម​ការដ្ឋាន​សំណង់។​ នៅ​​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ​វិស័យ​សំណង់​ ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សំគាល់ ជាហេតុ​ធ្វើ​ឱ្យ​មាន​តម្រូវការ​ធនធានមនុស្ស​ និង​កម្លាំង​ពលកម្ម​កើន​ឡើង​ រហូត​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​។​

កញ្ញា ប៉េង​ទី​​ សៅ​បូរី​ណា អ្នក​​​គ្រប់​​​គ្រង​​​ទូទៅ​​​​នៅ​​​ក្រុមហ៊ុន Phnomlist ​​ ដែល​ជា​ក្រុមហ៊ុន​មួយ​ផ្ដល់​​សេវាកម្ម​ផ្នែក​ជ្រើស​រើស​បុគ្គលិក (Recruitment) បាន​ប្រាប់​ sabay ថា ​របាយការណ៍​ក្រសួង​​រៀបចំ​ដែន​ដី​នគរ​រូប​នីយកម្ម និង​សំណង់​ ស៊ី​​គ្នា​ទៅ​​​នឹង​របាយការណ៍​របស់​ក្រុមហ៊ុន Phnomlist​​ កន្លង​មក​ដែរ។ ​ប្រាក់​ខែ​វិស្វករ​ ស្ថាបត្យករ និង​អ្នក​ជំនាញ​​ខ្លះ​អាច​ច្រើន​ជាង​នេះ ​ពោល​ គឺ​ចន្លោះ​ពី​ ១ ០០០ដុល្លារទៅ​៣ ០០​០​ដុល្លារ​។

កញ្ញា ប៉េង​ទី​​ សៅ​បូរី​ណា អ្នក​​​គ្រប់​​​គ្រង​​​ទូទៅ​​​​នៅ​​​ក្រុមហ៊ុន Phnomlist

កញ្ញា​ឱ្យ​ដឹង​ទៀត​ថា ​អ្នក​មាន​ជំនាញ​​ផ្នែក​រចនា និង​បកប្រែ​ភាសា​ មាន​ភាសា​ចិន ​កូរ៉េ និង​ជប៉ុន​ជាដើម​ ក៏​កំពុង​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ដែរ​បច្ចុប្បន្ន​នេះ។ កញ្ញា​ថា ​យុវជន​គួរ​ជ្រើស​រើស​ជំនាញ​ណា​ ដែល​មាន​តម្រូវ​ការ​ខ្ពស់​ ក្នុង​នោះ​មាន​ វិស្វករ ស្ថាបត្យករ​ វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​កសិកម្ម​។ ​

បន្ថែម​​លើ​មុខ​​ជំនាញ​ដូច​បាន​រៀប​រាប់​​​យុវជន​ក៏​គួរ​តែ​រៀន​​ជំនាញ​ទន់​មួយ​ទៀត ​ទាក់​ទង​នឹង​ភាព​ជា​អ្នក​ដឹក​នាំ​ ការ​គ្រប់​គ្រង​ក្រុម និង​ការ​ជំរុញ​ទឹក​ចិត្ត ដើម្បី​ងាយ​ស្រួល​នៅ​ពេល​កាន់​តំណែង​​ខ្ពស់៕

អត្ថបទ៖ សុផល