រោង​ចក្រ​កែ​ច្នៃ ​និង​​ផលិត​ទឹក​ដោះ​គោ​ស្រស់​​ នៅ​ខេត្ត​​ព្រះវិហារ​​អាច​ផលិត​ ​៥០០​លីត្រ​ ក្នុង​មួយ​ថ្ងៃ

  • 2019-09-02 07:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោងចក្រ​កែច្នៃ​ និង​ផលិត​ទឹក​ដោះ​គោ​ស្រស់​​​ ដែល​ផ្ដួច​ផ្ដើម​ដោយ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា​​​​គិត​ត្រឹម​ដើមខែ​កញ្ញា​​ ឆ្នាំ​២០១៩ នេះ​អាច​ផលិត​បាន ៥០០​លីត្រ​ ក្នុង​មួយ​ថ្ងៃ​។​ នេះ​បើ​តាម​ប្រសាសន៍ ​លោក​បណ្ឌិត​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែង​ប្រាប់ ​​sabay។

លោក​បណ្ឌិត​​ឱ្យ​ដឹង​ថា ​កាល​ពី​ខែ​មុន​ការ​ផលិត​ទឹក​ដោះ​គោ​ស្រស់​បាន​រង្វង់​ ២០០លីត្រ​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ​ ក្នុង​​ចំនួន​គោ​ទឹកដោះ​​​ ២៧​ក្បាល​ ​តែ​ដល់​ខែ​​កញ្ញា​នេះ​ អាច​ផលិត​បាន​កើន​ដល់​ ៥០០​លីត្រ។ កាល​ពី​ថ្ងៃ​ទី​ ២៥​ ខែ​ឧសភា ​ឆ្នាំ​​នេះ គោ​​ទឹកដោះ​ប្រមាណ​ ១០០​​ក្បាល​​ត្រូវ​បាន​ដឹក​ចូល​មក​កម្ពុជា​តាម​ច្រក​​ព្រំដែន​កម្ពុជា-ថៃ ​​​​ទៅ​កាន់​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា ​តេ​ជោសែន​​​ឫស្សី​ត្រឹប​ ដើម្បី​ផលិត​ទឹក​ដោះ​គោ​​។

​យ៉ាង​ណា​មិញ​​លោក​បណ្ឌិត​​បន្ថែម​ថា ទឹកដោះស្រស់ ដែល​ផលិត​បាន​អាច​រក្សា​ទុក​​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ ដោយ​សារ​​តែ​ទឹក​ដោះ​គោ​ផលិត​បាន​​មិន​មាន​ឧបករណ៍​បំបែក​ខ្លាញ់​។ រាជបណ្ឌិត​សភា​កំពុង​បញ្ជា​ទិញ​​ឧបករណ៍​នេះ​ពីក្រៅ​ប្រទេស​ និង​ថា បើ​ឧបករណ៍​នេះ​មក​ដល់​ទឹក​ដោះ​គោ​ស្រស់​នឹង​អាច​រក្សាទុក​រហូត​ដល់​ទៅ​១០​ថ្ងៃ។ ពេល​នោះ​ហើយ ​លទ្ធ​ភាព​ហក់​ចូល​ទី​ផ្សារ ពិសេស​តាម​ផ្សារ​ទំនើប​​នានា​ដើម្បី​លក់​ជូន​អតិថិជន​ នឹង​ត្រូវ​ចាប់​ផ្តើម​ផង​ដែរ​។​   

លោក​បណ្ឌិត​​ឱ្យ​ដឹង​ទៀត​ថា​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​​ ដើម្បី​ឆ្លើយ​តប​នឹង​សង្វាក់​ផលិត​កម្ម​​ក៏​កំពុង​ធ្វើ​ជា​បន្ត​បន្ទាប់​ដូច​ជា​ ក្រោល​គោ ​ឧបករណ៍​រឹត​​ទឹក​ដោះ​ ម៉ាស៊ីន​វេច​ខ្ចប់ ​និង​ផ្លូវ​ធ្វើ​ដំណើរ​ជាដើម​​ កំពុង​ដំណើរ​កា​រ​ និង​ចំណាយ​អស់​ថវិកា​ច្រើន។ ប៉ុន្តែ​លោក​នឹង​ជម្នះ​ធ្វើ​កិច្ច​ការងារ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​ ព្រោះ​ថា​ ប្រទេស​ជិត​ខាង​កម្ពុជា​សុទ្ធ​សឹង​មាន​រោង​ចក្រ​វេច​ខ្ចប់​​ និង​ផលិត​ទឹក​ដោះ​គោ​ស្រស់​។ លោក​បណ្ឌិត​មាន​ចក្ខុវិស័យ​ ការ​ប្តេជ្ញា​ចិត្ត និង​ការ​គាំទ្រ​ថវិកា ​ពី​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ការងារ​​នេះ​ឱ្យ​ទទួល​ជោគជ័យ​។ នៅ​​ឆ្នាំ​២០២០ ​ខាង​មុន​​រាជបណ្ឌិត​សភា​កម្ពុជា​នឹង​នាំ​គោ​ចូល​​ចំនួន ៥០០​ក្បាល​បន្ថែម​ទៀត។

​​​​លោក​បណ្ឌិត​ សុខ​ ទូច​ បាន​មាន​ប្រសាសន៍​ថា ​ប្រើ​សិន​គម្រោង​សាកល្បង​ផលិត​ទឹក​ដោះ​ស្រស់​ចែក​ចាយ​លើ​ទីផ្សារ​ទទួល​បាន​​ជោគជ័យ​ រាជបណ្ឌិត្យសភា​ គ្រោង​នឹង​បង្កើត​​ធនាគារ​គោ ដោយ​បង្កាត់​ពូជ​ និង​ទិញ​មេ​គោ​ជា​ច្រើន​មក​ប្រវាស់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​ជា​អ្នក​ចិញ្ចឹម រីឯ​ក្រុម​ហ៊ុន​ជា​អ្នក​ដើរ​ប្រមូល​ទិញ​ទឹកដោះគោ​ស្រស់​ពី​កសិករ ​ហើយ​វេច​ខ្ចប់​សម្រាប់​នាំ​យក​ទៅ​លក់​នៅ​ទីផ្សារ​បន្ត ។ បន្ថែម​លើ​នេះ​​វា​ក៏​​ជា​ជ្រុង​មួយ​ ដែល​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ​ស្រប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​កំណត់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ​ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ចំណូល​មធ្យម​កម្រិតខ្ពស់។

ការ​​ផលិត​​ និង​វេច​ខ្ចប់​ទឹក​ដោះ​​គោ​​​​ស្រស់ ​ដែល​​​ផ្ដួច​​ផ្ដើម​ ដោយ​​រាជបណ្ឌិត្យសភា​កម្ពុជា ​គឺ​មាន​ទំហំ​ទឹក​ប្រាក់ ២,៥ លាន​ដុល្លារ​អាមេរិក​ ខណៈ​គម្រោង​នេះ​ទទួល​បាន​​ការ​គាំទ្រ​ពី​សម្ដេច​​​​តេជោ​​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ហើយ​សម្ដេច​ថែមទាំង​បាន​ផ្ដល់​ជា​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ក្នុង​ការ​ចូល​រួម​ទិញ​មេ​គោ​ដើម្បី​ចិញ្ចឹម​​ផង​ដែរ​៕ ​  

អត្ថបទ៖ សុផល