មិនធ្លាប់ដឹង! តែបៃតង ប្រសើបំផុតសម្រាប់សុខភាព ជួយទប់ស្កាត់ជំងឺសាហាវៗច្រើនយ៉ាង

  • 2019-09-08 01:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តែបៃតងជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់សុខភាពដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិរ៉ែសំខាន់ៗ រួមទាំងសារធាតុ polyphenols Epigallocatechin Gallate (EGCG) និង catechins ដែលជួយព្យាបាលការរលាក កម្ចាត់រ៉ាឌីកាល់សេរី ថែមទាំងទប់ស្កាត់ជំងឺមហារីកផងដែរ។ ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់តែបៃតងរួចមកហើយ ប៉ុន្តែបើទោះជាចូលចិត្ត ឬឧស្សាហ៍ទទួលទានយ៉ាងណាក៏ដោយ ក៏ប្រហែលមិនធ្លាប់ចាប់អារម្មណ៍ដឹងអំពីអត្ថប្រយោជន៍ដ៏ល្អប្រសើរនៃតែបៃតងចំពោះសុខភាពឡើយ។ ខាងក្រោមនេះ គឺជាឥទ្ធិពលវិជ្ជមានគួរអោយភ្ញាក់ផ្អើលនៃការទទួលទានតែបៃតងរាល់ថ្ងៃ ៖

១. ធ្វើអោយមុខងារខួរក្បាលកាន់តែប្រសើរឡើង

ជាតិកាហ្វេអ៊ីននៅក្នុងតែបៃតងអាចជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ ជម្រុញការចងចាំ និងបង្កើនមុខងារខួរក្បាល។ លើសពីនេះទៅទៀតតែបៃតងក៏ជាប្រភពនៃអាស៊ីតអាមីណូ L-theanine ដែលមានប្រសិទ្ធិភាពរារាំងបញ្ហាថប់អារម្មណ៍មិនអោយកើតមាន។ ការសិក្សាបានបង្ហាញថា ជាតិកាហ្វេអ៊ីន និងសារធាតុ L-theanine អាចមានឥទ្ធិពលបញ្ចូលគ្នា ក្នុងការពង្រឹងដល់មុខងាររបស់ខួរក្បាល។ ហើយដោយសារតែបរិមាណនៃសារធាតុ L-theanine និងជាតិកាហ្វេអ៊ីនមានកម្រិយសមល្មមទើបធ្វើអោយតែបៃតងអាចផ្តល់នូវឥទ្ធិពលល្អជាង និងខុសគ្នាពីកាហ្វេ។

២. កាត់​​​បន្ថយភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស

នោះក៏ព្រោះតែតែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងជំងឺអារម្មណ៍។ វាមានឥទ្ធិពលលើផ្លូវចិត្ត និងរាងកាយ ដោយការទទួលទានតែបៃតងជាប្រចាំ គឺអាចផ្ដល់នូវសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃភាពតានតឹងក្នុងអារម្មណ៍។ ប្រសិនបើអ្នកមិនចូលចិត្តតែបៃតង អ្នកអាចទទួលទានតែខ្មៅជំនួសវិញដោយវាមានឥទ្ធិពលល្អដូចគ្នា។ តែបៃតងជាជម្រើសនៃភេសជ្ជៈប្រសើរបំផុតសម្រាប់អ្នកជក់បារីនិងទទួលទានគ្រឿងស្រវឹង។

៣. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម

តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ catechins, polysaccharides និង epigallocatechin gallete ដែលជួយបញ្ចុះ ក៏ដូចជាគ្រប់គ្រងការស្រូបយកនូវជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ ដូច្នេះហើយទើបការទទួលទានតែបៃតងជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ បានដល់ទៅ ៤២ភាគរយ។

៤. កម្ចាត់ក្លិនមាត់មិនល្អ

តែបៃតងជាប្រភពដ៏ប្រសើរនៃសារធាតុ Catechins ដែលជួយកម្ចាត់បាក់តេរីក្នុងមាត់។

៥. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

សារធាតុ polyphenolic ក្នុងតែបៃតងជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អ រួមទាំងកម្រិតនៃជាតិខ្លាញ់មិនល្អទ្រីគ្លីសេរីដទប់ស្កាត់បញ្ហាស្ទះសសៃឈាមដែលកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺបេះដូង។

៦. បង្កើនសុខភាពថ្លើម

សារធាតុ catechins នៃតែបៃតងជួយធ្វើអោយមុខងារថ្លើមកាន់តែប្រសើរឡើង ហើយការពារថ្លើមពីផលប៉ះពាល់នៃសារធាតុពុលផ្សេងៗ រួមមាន ស្រា ជាដើម។

៧. សម្រាលរោគសញ្ញានៃជំងឺរលាកសន្លាក់

តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ epigallocatechin-3-gallate និង polyphenols ជួយកាត់បន្ថយការហើម ហើយប្រយុទ្ធប្រឆាំងការរលាកដែលជារោគសញ្ញានៃជំងឺរលាកសន្លាក់។

៨. ជួយអោយស្រកទម្ងន់

មានផ្ទុកសម្បូរទៅដោយវីតាមីន A B B5 D C E H និង K ព្រមទាំងម៉ង់កាណែសនិងជាតិរ៉ែដទៃទៀត រួមបញ្ចូលទាំង chromium ជាតិស័ង្កសី និងសេលេញ៉ូម ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដុតបំផ្លាញជាតិខ្លាញ់និងកាឡូរីបានឆាប់។

គួរទទួលទានតែបៃតងប៉ុន្មានពែងក្នុងមួយថ្ងៃទើបប្រសើរ?

ពិតណាស់លុះត្រាតែអ្នកទទួលទានក្នុងកម្រិតមធ្យមទើបតែបៃតងមិនបង្កផលប៉ះពាល់ផ្សេងៗចំពោះសុខភាពរាងកាយ។ យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland សហរដ្ឋ អាមេរិក ដើម្បីជាការប្រសើរមនុស្សម្នាក់គួរកម្រិតការទទួលទានតែបៃតងត្រឹមពី ២ ទៅ ៣ ពែងក្នុង មួយថ្ងៃបានហើយ៕

ប្រភព ៖ health.com.kh