គ្រូ​បង្ហាត់​សុនខដ៏​ល្បី​របស់​កម្ពុជា ហ៊ិន រតនា លេច​មុខ​ក្នុង​រឿង​ខ្នាត​ធំ "The Prey”?

  • 2019-09-14 05:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​វាយ​ប្រហារ​របស់​ខ្មែរ រឿង "The Prey” ឬ "វាល​ប្រមាញ់" កាន់​តែ​ជិត​ដល់​ថ្ងៃ​បញ្ចាំង ស្រប​ពេល​ម្សិលមិញគេ​ឃើញ​លោក ហ៊ិន រតនា ដែល​គេ​ស្គាល់​ថា​ជា​គ្រូ​បង្វឹក​សុនខ​ដ៏​ល្បី​របស់​កម្ពុជា បាន​បង្ហាញ​មុខ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ពី​សន្និសីទ​នៃ​ភាពយន្ត​ខាង​លើ។

លោក ហ៊ិន រតនា ត្រូវ​បាន​ក្រុម​ផលិតភាពយន្ត​អញ្ជើញ​ឲ្យ​ឡើង​លើ​វេទិកា​កិត្តិយស​ក្នុង​សន្និសីទ​ម្សិលមិញ មុន​ពេល​បញ្ចេញ​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​​សុនខ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​សំខាន់​នៅ​ក្នុង​រឿងដែរ​នេះ​ដែរ។ លោក ចាងហ្វាង​ផលិតកម្ម កងចក្រ​ភាពយន្ត បាន​ឲ្យ​ដឹង​ថា លោក រតនា មិន​បាន​ចូល​រួម​ស្ដែង​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​លោក​ជា​អ្នក​បញ្ជា​សុនខ​ដោយ​ផ្ទាល់។

សុនខ​ឈ្មោះ Tommy ជា​សត្វ​បង្ខឹក​ដោយ​លោក ហ៊ិន រតនា ហើយ​គេ​គឺ​ជា​តួ​អង្គ​សំខាន់​មួយ​ក្នុង​រឿង​បែប​វាយ​ប្រហារ​កក្រើក​ព្រៃ​ខាង​លើ។ តាម​លោក​គ្រូ​បង្វឹក គឺ​ជា​លើក​ទី​១​សម្រាប់ Tommy ក៏​ដូច​ជា​លោក​ផ្ទាល់​សម្រាប់​ការ​សម្ដែង​ភាពយន្ត ហើយ​ថា វា​ពិត​ជា​មាន​ការ​លំបាក​ខ្លះ​សម្រាប់​ពិសោធន៍​ដំបូង​នេះ។

"ការ​បញ្ជា​សុនខ​តាម​ធម្មតា មិន​មែន​ជា​រឿង​លំបាក​របស់​​ខ្ញុំ​ឡើយ ប៉ុន្តែ​បញ្ជា​គេ​នៅ​ក្នុង​ការ​សម្ដែង​គឺ​ពិត​ជា​មិន​ងាយ​ស្រួល ព្រោះ​គេ​អ្នក​សម្ដែង ខ្ញុំ​អ្នក​បញ្ជា​ពី​ខាង​ក្រៅ ការ​លំបាក គឺ​ត្រង់​ថា ខ្ញុំ​មិន​អាច​នៅ​ជិត​គេ គឺ​ខ្ញុំ​ត្រូវ​ឈរ​បញ្ជា​ពី​ខាង​ក្រៅ ដែល​មាន​ចម្ងាយ​ឆ្ងាយ។ ដំបូង​អ្នក​ដឹក​នាំ​គាត់​បារម្ភ​ដែរ គាត់​សួរ​ខ្ញុំ​ថា នៅ​ឆ្ងាយ​អីចឹង អាច​បញ្ជា​បាន​អត់ ខ្ញុំ​ប្រាប់​ថា​បាន!"។ លោក ហ៊ិន រតនា ថ្លែង។

យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា ពិបាក​ជាង​នៅ​ជិត​បញ្ជា​ផ្ទាល់។ ប៉ុន្តែ​ដោយ​ការ​ព្យាយាម Tommy របស់​លោក ដែល​ជា​សត្វ​ដ៏​ឆ្លាត​វ័យ​មួយ​អាច​សម្ដែង​បាន។ តាម​គ្រូ​បង្វឹក​ដដែល Tommy បាន​ចូល​រួម​ថត​ជា​ច្រើន​ប្លង់ ប៉ុន្តែ​ភាព​ជាក់​ស្ដែង​នៅ​ក្នុង​​សាច់​​រឿង ក្រោយ​ការ​សម្រួល​បច្ចេកទេស លោក​មិន​ច្បាស់​ថា មាន​ប៉ុន្មាន​ប្លង់​​នោះ​ទេ។

“វាលប្រមាញ់" ឬ "The Prey” ផលិត​ដោយ​ផលិតកម្ម "កងចក្រ​ភាពយន្ត" ដែល​និពន្ធ និង​ដឹក​នាំ​ដោយ​លោក Jimmy Henderson អ្នក​ដឹកនាំ​រឿង​ជនជាតិ​អ៊ីតាលី ។ រឿង​នេះ ត្រូវ​ទម្លាយ​ឲ្យ​​ដឹង​ថា បាន​​ចំណាយ​ទុន​យ៉ាង​មហាសាល​ដល់​ទៅ ១លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​ផលិត ដែល​ជា​តួលេខ​ដ៏​ខ្ពស់​បំផុត​មួយ​ក្នុង​​សិល្បៈ​ភាពយន្ត​ក្នុង​ស្រុក។ ភាពយន្ត​បាន​នាំ​តារា​សម្ដែង​បរទេស​ជា​ច្រើន​មក​ចូល​រួម​សម្ដែង​ក្នុង​នោះ មាន​ទាំង​ជនជាតិ​ខ្មែរ ថៃ និង​ចិន​ជា​ដើម។ លោក Gu Shangwei តារា​សម្ដែង​ជំនាញ​ក្បាច់​គុន​ចិន ត្រូវ​បាន​​រើស​ឲ្យ​​សម្ដែង​ជា​តួឯក​ក្នុង​រឿង​នេះ។

Jimmy Henderson បាន​ពន្យល់​ថា លោក​បាន​ជ្រើសរើស​លោក Gu Shangwei ជា​ជន​ជាតិ​ចិន មក​ធ្វើ​តួឯក​សំអាង​លើ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន។ ម្យ៉ាង​ក៏​ដើម្បី​ពង្រីក​ទីផ្សារ​ទៅ​កាន់​ប្រទេស​ចិន ដែល​ជា​ទី​ផ្សារ​ធំ​បំផុត​របស់​ពិភព​លោក​ផង។ ព្រោះ​ថា "វាល​ប្រមាញ់" ក្រោយ​ពី​​បញ្ចាំង​ចប់​នៅ​កម្ពុជា គ្រោង​នឹង​យក​ទៅ​បញ្ចាំង​នៅ​ថៃ ដើម​ខែ​តុលា និង​បន្ត​ទៅ​ចិន អង់គ្លេស អាមេរិក ជា​ដើម​ថែម​ទៀត។

ក្រៅ​ពី​តួ​អង្គ​ជន​ជាតិ​ចិន តារា​ក្នុង​ស្រុក​មាន កញ្ញា ឌី សូនីតា លោក អ៊ូ តារា ដែល​ជា​​តារា​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ និង​សិល្បករ​ជា​ច្រើន​ទៀត។ខ្សែ​ភាពយន្ត​នេះ នឹង​ចេញ​បញ្ចាំង​ជូន​ប្រិយមិត្ត​ទស្សនា​ចាប់​ពី​​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ២០១៩ នេះ​ត​ទៅ៕

អត្ថបទ៖ ទារិកា