មិនធ្លាប់ដឹង! ស្លឹកអំពិលព្យាបាលជំងឺទឹកនោមផ្អែម, គ្រុនក្ដៅ និងបញ្ហាសុខភាពដទៃជាច្រើនទៀត

  • 2019-09-15 01:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្លឹកអំពិល អាចថាពេញនិយមណាស់ដែរនៅក្នុងប្រទេសកម្ពុជាដោយអាចយកមកធ្វើជាម្ហូប ឬបន្ថែមក្នុងអាហារផ្សេងៗបាន។ ទោះបីជាភាគច្រើននៃពួកយើងស្គាល់ និងធ្លាប់ទទួលទានស្លឹកអំពិលក៏ពិតមែន ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា ស្លឹកអំពិល អាចផ្ដល់អត្ថប្រយោជន៍ល្អៗគួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាព។ ជាពិសេស ការទទួលទានស្លឹកអំពិលជួយព្យាបាលជំងឺទឹកនោមផ្អែម, គ្រុនក្ដៅ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វា ៖

១. ព្យាបាលជំងឺទឹកនោមផ្អែម

ស្លឹកអំពិល មានផ្ទុកសមាសធាតុដែលអាចជួយបង្កើនមុខងារ និងដំណើរការនៃថ្លើម។ អ្នកដែលទទួលរងជំងឺទឹកនោមផ្អែម ឬកំពុងជួបប្រទះបញ្ហានៃកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់អាចប្រើប្រាស់ស្លឹកអំពិលដើម្បីបង្កើនកម្រិតអាំងស៊ុយលីននៅក្នុងរាងកាយ។ លើសពីនេះទៅទៀត ស្លឹកអំពិល ក៏អាចជួយបង្កើនការផលិតទឹកប្រមាត់នៅក្នងឈាម ដូច្នេះអ្នកនឹងអាចជៀសផុតពីជំងឺខាន់លឿន។

២. ព្យាបាលក្អកស្ងួត

សម្រាប់ព្យាបាលជំងឺក្អកស្ងួត អ្នកអាចប្រើប្រាស់ស្លឹកអំពិល និងស្លឹកជី sage (ជីម៉្យាងដែលស្រដៀងនឹង ជីអង្កាម តែមានទងវែងជាង ហើយអាចរកទិញបាននៅផ្សារទំនើប)។ អ្វីដែលអ្នកត្រូវធ្វើ គឺ យកស្លឹកអំពិល និងស្លឹកជី sage ចំនួន កន្លះក្ដាប់ដៃ ដាំឱ្យពុះជាមួយទឹកធម្មតាចំនួន ៤ ពែង។ បន្តដាំរហូតដល់សល់ទឹកត្រឹម ១ ពែង សឹមស្រងយកកាកស្លឹកអំពិលចេញ។ ទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។

៣​. ព្យាបាលជំងឺគ្រុនក្ដៅ

ស្លឹកអំពិល ក៏ត្រូវបានប្រើជាតែរុក្ខជាតិជួយព្យាបាលសម្រាលអាការៈនៃជំងឺគ្រុនក្ដៅប្រកបដោយប្រសិទ្ធិភាពខ្ពស់។

៤. ព្យាបាលជំងឺគ្រុនចាញ់

ទឹកស្លឹកអំពិល មានផ្ទុកសារធាតុប្រឆាំងមេរោគបាក់តេរីដ៏មានឥទ្ធិពលដែលអាចជួយកាត់បន្ថយ ក៏ដូចជារារាំងការរីកលូតលាស់មេរោគនៃជំងឺគ្រុនចាញ់ឈ្មោះថា plasmodium falciparum។

៥. ព្យាបាលរបួសផ្សេងៗ

ប្រើប្រាស់ទឹកដែលចម្រាញ់ចេញពីស្លឹកអំពិល ឬយកស្លឹកអំពិលមកបុកលាបលើរបួសដើម្បីអាចជាសះបានកាន់តែលឿន។ នេះក៏ព្រោះតែស្លឹកអំពិលមានផ្ទុកលក្ខណៈសម្បត្តិសម្លាប់មេរោគ។ ទឹកនៃស្លឹកអំពិលក៏ជួយទប់ស្កាត់ការរីកលូតលាស់នៃពពួកប៉ារ៉ាស៊ីត និងការឆ្លងមេរោគផ្សេងៗ។ លើសពីនេះទៅទៀត ការបង្កើតកោសិកាថ្មីៗក៏ត្រូវបានពន្លឿនផងដែរ៕

ប្រភព ៖ health.com.kh