ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព​ធំ​បំផុត​នៅ​កម្ពុជា ​ត្រៀម​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ហើយ​

  • 2019-09-16 04:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព​ធំ​បំផុត​នៅ​កម្ពុជា KMH Champions League ​ត្រៀម​បើក​រដូវ​កាល​ថ្មី​របស់​ខ្លួន​ហើយ ​ដោយ​ចាប់​ផ្ដើម​ទទួល​ពាក្យ​សម្រាប់​ក្រុម​ចង់​ចូល​រួម​ប្រកួត​ប្រជែង។

លោក កាំង សេន ​ស្ថាបនិក​ពាន​រង្វាន់ KMH

រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ព្រឹត្តិការណ៍ KMH ​នឹង​មាន​៣​កម្មវិធី​ដូច​ឆ្នាំ​មុន​ដែរ។ ដោយ​មាន KMH Super Cup , KMH Champions League ​និង KMH Cup ដែល​ជា​ពាន​រង្វាន់​សម្រាប់​ក្រុម​យុវជន។ ពាន KMH Super Cup ​គឺ​ជា​ពាន​រង្វាន់​មាន​១០​ក្រុម​ចូល​រួម ​ហើយ​ក្រុម​ទាំង​១០​នេះ ​សុទ្ធ​តែ​ជា​ក្រុម​ពិសេស​តែ​ម្ដង ​ដោយ​មាន​ទាំង​ក្រុម​ជម្រើស​បរទេស​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ​និង​ក្រុម​ជើង​ឯក​តាម​ពាន​រង្វាន់​នានា​។ ​ការ​ប្រកួត​បែងចែក​ជា​២​ពូល ​១​ពូល​៥​ក្រុម ​លេង​១​ជើង ​យក​ក្រុម​លេខ​១​តាម​ពូល ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។ ​ពាន​រង្វាន់​នេះ ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២២​ខែ​តុលា​ខាង​មុខ។

សម្រាប់​ពាន KMH Champions League ​គឺ​ជា​ពាន​ដែល​រៀប​ចំ​ឡើង​ដោយ​មាន​ក្រុម​ខ្លាំង​ៗ ចូល​រួម​ចំនួន​៣២​ក្រុម​។ ​ការ​ប្រកួត​នេះ​បាន​បែងចែក​ជា​៣​វគ្គ ​វគ្គ​ទី​១​ជម្រុះ​ក្រុម​ទាំង​៣២ ដោយ​បែងចែក​ជា​៨​ពូល ១​ពូល​មាន​៤​ក្រុម លេង​១​ជុំ។ ​អ្នក​បាន​លេខ​១​និង​លេខ​២ ​បាន​ទៅ​វគ្គ​ទី​២ ​ដោយ​វគ្គ​នេះ​មាន​៤​ពូល ១​ពូល​មាន​៤​ក្រុម​ទៀត។ វគ្គ​ទី​២​តាម​ពូល ​នឹង​ចាប់​ផ្ដើម​ក្រុម​ទាំង​១៦។ ក្រុម​បាន​លេខ​១​និង​លេខ​២ ​តាម​ពូល​នៅ​វគ្គ​ទី​២ ​នឹង​ឡើង​ដល់​វគ្គ​ទី​៣ ដែល​មាន​៨​ក្រុម។ វគ្គ​៨​ក្រុម​នេះ ​នឹង​លេង​ចាញ់​ធ្លាក់​ធម្មតា(​លេង​២​ជើង) ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង​ដែល​លេង​តែ​មួយ​ជើង​ទេ​។ ​ពាន​នេះ ​ចាប់​ផ្ដើម​នៅ​ខែ​មករា​ឆ្នាំ​២០២០។

សម្រាប់​ពាន KMH Cup ដែល​ជា​ពាន​យុវជន​នេះ ​រំពឹង​មាន​១០​ក្រុម​ដែរ ចែង​ជា​២​ពូល។ ​យក​២​ក្រុម​តាម​ពូល ​ទៅ​ប្រកួត​វគ្គ​បន្ទាប់​ឬ Semi Final ​តែ​ម្ដង។ ​ពាន​នេះ រំពឹង​ចាប់​ផ្ដើម​នៅ​កុម្ភៈ​ឆ្នាំ​ក្រោយ។ ​លោក កាំង សេន ​ស្ថាបនិក​ពាន​រង្វាន់ KMH ​ទាំង​៣​ខាង​លើ ​បាន​បញ្ជាក់​ថា​ការ​បង្កើត​ពាន​រង្វាន់​នេះ គឺ​មិន​ខុស​ពី​រាល់​ឆ្នាំ​ឡើយ គោល​បំណង​ធំ​ចង់​អភិវឌ្ឍ​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា ​ហើយ​ប្រាក់​ដែល​ទទួល​បាន​ក៏​នឹង​យក​ទៅ​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដដែល​ដែរ។

សម្រាប់​ប្រាក់​រង្វាន់​ពាន​ទាំង​៣​ខាង​លើ​វិញ គឺ​ពាន​រង្វាន់ KMH Champions League ​ក្រុម​លេខ​១​បាន​១​ម៉ឺន​ដុល្លារ។ ពាន​រង្វាន់ KMH Super Cup ​និង KMH Cup ​ក្រុម​ជើង​ឯក​នឹង​ទទួល​បាន​៤​ពាន់​ដុល្លារ។ ក្រៅ​ពី​នេះ ​ក៏​នឹង​មាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ជា​ច្រើន​ទៀត​ផង​ដែរ៕

ប្រភពរូបភាព៖ Page KMH

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម