អាហារូបករណ៍ថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាសម្រាប់សិស្សអាស៊ាន បើកសម្ពោធហើយ
- 2019-09-18 04:33:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារូបករណ៍ថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាសម្រាប់សិស្សអាស៊ាន បើកសម្ពោធហើយ
ចន្លោះមិនឃើញ
កាលពីខែមករា ឆ្នាំ ២០១៨ លោក Shri Narendra Modi នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា បានប្រកាសនៅក្នុងកិច្ចប្រជុំខួបនៃទី ២៥ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន និងឥណ្ឌា ថាផ្ដល់ជូននូវអាហារូបករណ៍ថ្នាក់បណ្ឌិតដល់ ១ ០០០ កន្លែង សម្រាប់សិស្សអាស៊ានឲ្យសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា IITs។
ក្នុងការអនុវត្តនូវការសន្យានេះ រដ្ឋមន្ត្រីក្រសួងកិច្ចការក្រៅប្រទេសឥណ្ឌា លោក S Jaishankar និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍធនធានមនុស្សលោក Ramesh Pokhriyal 'Nishank' បានធ្វើការបើកសម្ពោធនូវកម្មវិធីអាហារូបករណ៍នេះ ក្នុងពិធីមួយធ្វើឡើងនៅក្រសួងកិច្ចការក្រៅប្រទេស នាថ្ងៃទី ១៦ ខែកញ្ញាកន្លងទៅ។
ក្រៅពីឯកអគ្គរដ្ឋទូត/ឯកអគ្គរាជទូត និងប្រេសិតជាន់ខ្ពស់នៃសមាជិករដ្ឋអាស៊ានទាំង ១០ នៅក្រុងញូដេលី ពិធីបើកសម្ពោធនេះក៏មានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការក្រៅប្រទេស និងក្រសួងអភិវឌ្ឍធនធានមនុស្ស អ្នកចាត់ការ និងអ្នកតំណាងនៃវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាទាំង ២៣ ទីតាំង, នាយកមហាវិទ្យាល័យ Grants Commission (UGC) និងក្រុមប្រឹក្សាសម្រាប់ការអប់រំផ្នែកបច្ចេកទេសរបស់ឥណ្ឌា (AICTE)។
សម្រាប់ឲ្យសិស្សនិស្សិតអាស៊ានធ្វើការចុះឈ្មោះ និងដាក់ពាក្យសុំអាហារូបករណ៍ថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាជាច្រើនកន្លែងនោះ ក្រសួងអភិវឌ្ឍធនធានមនុស្សរបស់ឥណ្ឌា បានបង្កើតនូវវិបសាយ IIT Delhi ឡើងផងដែរ ដែលមានអាសយដ្ឋាន (http://asean/iitd.ac.in)។
នៅជុំដំបូងគេនឹងទទួលយកសិស្សអាស៊ាននៅក្នុងខែមករា ឆ្នាំ ២០២០ ហើយការសិក្សាក្រោមកម្មវិធីអាហារូបករណ៍នេះ នឹងមានចំនួន ៣ ឆ្នាំសិក្សា ឧទាហរណ៍ ២០១៩-២០២០, ២០២០-២០២១ និង ២០២១-២០២២។ ក្រសួងអភិវឌ្ឍធនធានមនុស្សនឹងផ្ដល់ជូនអាហារូបករណ៍ដល់សិស្សអាស៊ាន ក្នុងកម្រិតដូចនឹងការសិក្សាថ្នាក់បណ្ឌិតរបស់សិស្សឥណ្ឌាដែរ។ IITs ក៏នឹងធ្វើការផ្គត់ផ្គង់មួយចំណែកតូច សម្រាប់ការចំណាយប្រចាំថ្ងៃដល់សិស្សដែលត្រូវបានជ្រើសរើស បន្ថែមពីលើថវិកាផ្ទាល់ខ្លួនរបស់ពួកគេ។
គួរដឹងថាកម្មវិធីអាហារូបករណ៍នេះ គឺមានតម្លៃសរុបប្រមាណ ៤៥ លានដុល្លារ ដែលវាគឺជាមូលនិធិអភិវឌ្ឍន៍ដ៏ធំមួយរបស់ឥណ្ឌា ក្នុងភាពជាដៃគូជាមួយនឹងអាស៊ាន៕