បុរស IT តែងជាស្រីក្នុងថ្ងៃណាត់ជួបដំបូង ព្រោះខឹងប៉ាម៉ាក់ឲ្យយកប្រពន្ធពេក

  • 2019-09-25 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សកម្មភាព​របស់​បុរស​ខាង​លើ ទទួល​បាន​ការ​យល់​ស្រប​ពី​មតិ​ជា​ច្រើន តែ​ទន្ទឹម​នឹង​នោះ​ក៏​មាន​អ្នក​រិះគន់​មិន​តិច​ដូច​គ្នា។

ប្រសិនបើ​អ្នក​អាយុ​ច្រើន​ហើយ ប៉ុន្តែ​នៅ​តែ​មិន​មាន​សង្សារ​ទៀត មិន​ត្រឹម​តែ​ខ្លួន​ឯង​ទេ​ដែល​បារម្ភ ព្រោះ​គ្រួសារ ជា​ពិសេស​គឺ​ប៉ាម៉ាក់​របស់​អ្នក​នឹង​រឹត​តែ​បារម្ភ​ជាង​អ្នក​ទៅ​ទៀត ដោយ​ពួក​គាត់​នឹង​ចាប់​ផ្ដើម​រំអុក​ឲ្យ​អ្នក​ណាត់​ជួប​អ្នក​នេះ អ្នក​នោះ​ជា​មិន​ខាន​ដើម្បី​រក​គូ។

ជាក់​ស្ដែង មុន​នេះ​បន្តិច បុរស​ម្នាក់​ពី​ទីក្រុង Shenzhen ប្រទេស​ចិន ដោយ​សារ​តែ​ធុញ​ទ្រាន់​នឹង​ការ​រំអុក​ឲ្យ​មាន​ប្រពន្ធ​របស់​ឪពុក​ម្ដាយ​ពេក ក៏​បាន​ធ្វើ​សកម្មភាព​មួយ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​តែ​ម្ដង។

តាម​នោះ​ដែរ បុរស​កើត​ឆ្នាំ​១៩៩០ កំពុង​ធ្វើ​ការ​ផ្នែក IT នៃ​ក្រុមហ៊ុន​មួយ ដែល​មាន​រូប​សម្បត្តិ​គួរ​សម​នឹង ប្រាក់​ខែ​បង្គួរ​នោះ នៅ​តែ​មិន​ទាន់​មាន​សង្សារ ទោះ​វ័យ​ជិត​៣០​ហើយ​ក៏​ដោយ។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ាម៉ាក់​លោក​បារម្ភ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​រំអុក​លោក​ឲ្យ​ទៅ​មើល​មុខ​កូន​ស្រី​គេ​រហូត។

ចុង​បញ្ចប់​លោក​ក៏​ព្រម​ទៅ​មើល​មុខ​កូន​ស្រី​គេ ហើយ​ធ្វើ​ឲ្យ​នាង​មិន​អាច​បំភ្លេច​បាន​អស់​មួយ​ជីវិត ត្បិត​លោក​បាន​តែង​ខ្លួន​ជា​ស្រី មក​ណាត់​ជួប​មនុស្ស​ស្រី​ដែល​ម៉ាក់​ប៉ា​លោក​រៀប​ចំ​ឲ្យ​តែ​ម្ដង។ គ្រាន់​តែ​ឃើញ​បែប​នេះ ស្រី​ខាង​ស្រី​ក៏​ក្ដៅ​ស្លឹក​ត្រចៀក​ស្រែក​ខ្លាំង​ៗ​ថា៖ លោក​កើត​សរសៃ​ប្រសាទ​ហើយ​ឬ ហេតុ​អ្វី​ស្លៀកពាក់​បែប​នេះ​មក​ជួប​ខ្ញុំ​? និយាយ​បាន​ត្រឹម​នេះ ខាង​ស្រី​ក៏​ចាក​ចេញ​ទៅ ទុក​ឲ្យ​លោក​នៅ​ម្នាក់​ឯង។

ពេល​ត្រូវ​គេ​សួរ​ថា​ហេតុ​អ្វី​ធ្វើ​បែប​នេះ IT រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​ចង់​បង្ហាញ​ពី​ការ​ធុញ​ទ្រាន់​ចំពោះ​ការ​បង្ខំ​ឲ្យ​មាន​គូ​របស់​គ្រួសារ​ទើប​ធ្វើ​បែប​នេះ ហើយ​លោក​សង្ឃឹម​ថា​ឪពុក​ម្ដាយ​ដទៃ​នឹង​មិន​បង្ខំ​កូន​ដូច​ប៉ាម៉ាក់​លោក​ទេ។ ប៉ុន្តែ​នៅ​លើ​បណ្ដាញ​សង្គម មនុស្ស​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដូច​នេះ​គឺ​មិន​ទុក​មុខ​ឲ្យ​ខាង​ស្រី​នោះ​ទេ ហើយ​ពួក​គេ​មិន​គាំទ្រ​ឡើយ ដោយ​លោក​គ្រាន់​តែ​បដិសេធ​គឺ​បាន​ហើយ៕

ប្រភព៖ Kenh14   ប្រែសម្រួល៖ Caramel