បើ​ឈ្នះ​ Man Utd បាន​ Liverpool នឹង​​ទាន់​កំណត់ត្រា​ល្អ​បំផុត​២​នៅ Premier League

  • 2019-10-17 08:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​រដូវ​កាល ២០១៩/២០​នេះ​ដោយ​ឈ្នះ​៨​ប្រកួត​បើក​ឆាក​នៅ Premier League មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ និង​ស្មើ។​

ចុង​សប្ដាហ៍​នេះ​ក្រុម​កំពូល​តារាង​លីគ​ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Old Trafford ដើម្បី​តទល់​ជាមួយ​សត្រូវ​ចាស់​ Manchester United ហើយ​បើ​អាច​ឈ្នះ​ការ​ប្រកួត​បាន​នោះ​ពួកគេ​នឹង​តាម​ទាន់​កំណត់ត្រា​ពិសេស​បំផុត​២​ បង្កើត​ឡើង​ដោយ​ Chelsea និង​ Manchester City។

កំណត់ត្រា​ទី​មួយ​គឺ ការ​ឈ្នះ​៩​ប្រកួត​ដំបូង​ដែល​ធ្វើ​បាន​ដោយ​ Chelsea ជំនាន់​លោក​ Jose Mourinho ដឹកនាំ​កាល​ពី​រដូវ​កាល​២០០៥/០៦។​ កំណត់ត្រា​នេះ​មិន​ទាន់​មាន​នរណា​តាម​ស្មើ​ ឬ​បំបែក​បាន​នៅ​ឡើយ។ ទីពីរ​គឺ​កំណត់ត្រា​ឈ្នះ​១៨​ប្រកួត​ជាប់​គ្នា​នៅ​ Premier League កាន់កាប់​ដោយ​ City។

Liverpool ពេល​នេះ​បាន​ឈ្នះ​១៧​ប្រកួត​ជាប់​គ្នា​មក​ហើយ រាប់​តាំង​ពី​រដូវ​កាល​មុន​មក ដូច្នេះ​បើ​អាច​ដណ្ដើម​៣​ពិន្ទុ​ពី​ទឹកដី​ Old Trafford មក​ទៀត​នោះ​ជ័យជម្នះ​នឹង​កើន​ដល់​១៨​លើក​ស្មើ​គ្នា​ជាមួយ​ក្រុម​លោក​ Pep Guardiola កាល​ពី​រដូវ​កាល​ ២០១៧/១៨៕

ប្រភព៖ Premier League   អត្ថបទ៖ សៀនហួរ