ស្រាយ​ឲ្យ​អស់​ចម្ងល់ ​ជុំវិញ​រឿង ៣ ប្រើការ​បាន​តែ ១ នៃ​កាមេរ៉ា iPhone 11 Pro

  • 2019-10-21 07:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មានផ្ទុះ​ភាព​ចម្រូងចម្រាស​នៅ​លើ​បណ្តាញ​សង្គម ជុំវិញ​អ្នក​ប្រើប្រាស់ iPhone 11 Pro មួយ​រូប ដែល​កើត​ចម្ងល់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ដំណើរការ​​កាមេរ៉ា​ទាំង ៣ គ្រាប់។

អតិថិជន​រូប​នោះ​កើត​ការ​ងឿងឆ្ងល់​ថា​ហេតុអ្វី​នៅ​ពេល​បើក​កាមេរ៉ា​ថត​ធម្មតា ដំណើរការ​ឡេន​ទាំង ៣ បែរ​ជា​ដើរ​តែ​មួយ​គ្រាប់ ព្រោះ​បើ​យក​ម្រាម​ដៃ​ទៅ​បាំង​លើ​ឡេន​ពីរ​ផ្សេង​ទៀត​ក៏​អាច​ផ្តិត​យក​រូបភាព​បាន​ដដែល លុះ​ត្រា​យក​ម្រាម​ដៃ​មក​បាំង​លើ​ឡេន​ផ្នែក​ខាង​លើ​បង្អស់​ទើប​ធ្វើ​ឲ្យ​ម៉ាស៊ីន​មិន​អាច​ផ្ដិត​យក​រូបភាព​បាន។

ស្រាយ​ឲ្យ​អស់​ចម្ងល់​ជុំវិញ​រឿងរ៉ាវ​នេះ អាច​ថា​ភាគ​ច្រើន​អ្នក​ប្រើប្រាស់​នៅ​ភ័ន្តច្រឡំ​ជុំវិញ​ប្រព័ន្ធ​ដំណើរការ​នៃ​ឡេន​ទាំង​បី​លើ iPhone 11 Pro។ វា​ក៏​មិន​ខុស​ពី​ស្មាតហ្វូន​ដទៃ​ទៀត​នោះ​ដែរ ដោយ​ តាម​ពិត​ទៅ​ឡេន​ទាំង​បី​វា​ប្រើប្រាស់​ក្នុង​មុខងារ​ខុសៗ​ពី​គ្នា។

ប្រសិន​អ្នក​បើក​ថត​ជា​លក្ខណៈ​ធម្មតា (1x) ម៉ាស៊ីន​នឹង​ស្វ័យប្រវត្តិ​ប្រើប្រាស់​ឡេន​មេ​ដែល​ហៅ​ថា Wide Camera ​មាន​ទំហំ 12MP (ឡេន​ផ្នែក​ខាង​លើ​គេ​បង្អស់) ដូច្នេះ​ហើយ​ទោះ​បី​អ្នក​យក​ម្រាម​ដៃ​ទៅ​បិទបាំង​លើ​ឡេន​ពីរ​ខាង​ក្រោម​ផ្សេង​ទៀត ក៏​ម៉ាស៊ីន​នៅ​តែ​អាច​ចាប់​យក​រូបភាព​ជា​ធម្មតា​ដដែល។

ផ្ទុយ​ទៅ​វិញ​ប្រសិន​អ្នក​ប្តូរ​ពី​ការ​ថត​ធម្មតា ទៅ​ជា​ការ​ថត​បែប Wide-angle (0.5x) ដែល​យើង​និយម​ហៅ​ការ​ថត​បែប​ទូលាយ ចាប់​មាន​លើ iPhone សេរ៊ី​ឆ្នាំ ២០១៩ នោះ​ម៉ាស៊ីន​នឹង​ស្វ័យប្រវត្តិ​ប្តូរ​ទៅ​ប្រើប្រាស់​ឡេន​ទី​ពីរ ឲ្យ​ឈ្មោះ​ថា Ultra-Wide Camera ដែល​វា​មាន​ទំហំ 12MP ដូច​គ្នា (ឡេន​នៅ​ទីតាំង​ផ្នែក​កណ្តាល)។

ចុង​ក្រោយ​គឺ​ការ​ថតបែប 2x និង Portrait Mode ​នោះ​ម៉ាស៊ីន​នឹង​ដំណើរការ​នៅ​ឡេន​ទី​បី​ដែល​ឲ្យ​ឈ្មោះ​ថា Telephoto Camera។ មាន​ន័យ​ថា​អំឡុង​ពេល​ថត Portrait ​ត្បិត​អ្នក​យក​ម្រាម​ដៃ​ទៅ​បាំង​លើ​ទីតាំង​នៃ​ឡេន​ទី​មួយ​និង​ទី​ពីរ ក៏​ការ​ផលិត​រូបភាព​នៅ​តែ​អាច​ធ្វើ​បាន​ធម្មតា​ដដែល។

ជា​រួម​យើង​អាច​និយាយ​បាន​ថា​ឡេន​កាមេរ៉ា​ទាំង ៣ គ្រាប់​លើ iPhone 11 Pro ឬ​ស្មាតហ្វូន​ដទៃ សុទ្ធ​សឹង​តែ​អាច​ប្រើប្រាស់​បាន​ទាំង​អស់ គ្រាន់​ថា​បែងចែក​ក្នុង​មុខងារ​ថត​ខុស​គ្នា ពោល​មិនមែន​ជា​កាមេរ៉ា​ដែល​គ្រាន់​តែ​ដាក់​មក​បញ្ឆោត​នោះ​ឡើយ៕​

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា