ឡូយ​បាត់! ក្រុម​តូច (SWSB) ប៉ះជា​មួយ​ក្រុម​ចម្រៀង​ល្បី​មួយ​មក​ពី​ចក្រភពអង់គ្លេស

  • 2019-10-31 04:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមតូច Small World Small Band ដែលជាក្រុមតន្ត្រីករសម័យបង្កើតឡើងដោយយុវជនខ្មែរ នឹងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកលើកទី៣០ ដែល ត្រូវ​សម្តែង​ជាមួយ​ក្រុមតន្រ្តី ដ៏ល្បីល្បាញ និងមានអាយុកាលជិត ១០០ឆ្នាំ មកពីចក្រភពអង់គ្លេស ក្រុងLondon Chamber Orchestra។

កម្មវិធី​នេះ​ដែល ត្រូវ​បាន​រៀបចំដោយក្រុមហ៊ុន​ តូយ៉ូតា (ខេម​បូឌា) ដែល​នឹង​ប្រព្រឹត្តទៅ​ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នៅ​សាល​សន្និសីទ​ចតុមុខ។

លោក រៀម​ សុភារម្យ ប្រធានក្រុមតូច Small World Small Band បានបង្ហាញឲ្យ​ដឹងថា នេះគឺជា មោទកភាព និងកិត្ដិយសដ៏ឧដុង្គឧត្តម សម្រាប់ក្រុមតូច ហើយ​ពួក​លោក នឹងលើកឡើងបទចម្រៀង ដែល​ប្រគំភ្លេងដោយឧបករណ៍តន្រ្តីខ្មែរ រួមបញ្ចូលជាមួយឧបករណ៍ តន្រ្តីសម័យ​ ដែល​មាន​លក្ខណៈពិសេសប្លែក ក្នុងការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក នាពេលដ៏ខ្លី ខាងមុខនេះ។

ធ្វើ​បែប​នេះ លោក​ថា​ ដើម្បីផ្ដល់ជូននូវការ​កម្សាន្តប្លែក​អារម្មណ៍​មួយ ក៏ដូចជាបម្រើដល់​សកម្មភាពសប្បុរសធម៌ នៅក្នុងសង្គមកម្ពុជា ផងដែរ។

ដូច្នេះ នេះជាឱកាសដ៏ល្អ​ និងមោទកភាពជាតិមួយ ដែលក្រុមតន្រ្តីយុវជនរបស់ខ្មែរ អាចបង្ហាញវត្តមាន និងសមត្ថភាពសម្តែង​ ជាមួយនឹងក្រុមតន្រ្តីបរទេស។ គោល​បំណង​ធំមួយរបស់ក្រុមតូច SWSB គឺចង់ធ្វើឱ្យចម្រៀងរបស់ពួកគេមានលក្ខណៈជាខ្មែរ ហើយ ក្រុ​មតូច SWSB​ តែងតែនិពន្ធទំនុកភ្លេង និងបទចំរៀង អម​ជាមួយ​នឹង​ការ​បង្កប់​អត្ថន័យ​លើក​ទឹកចិត្ត​យ៉ាង​ជ្រាល​ជ្រៅ ដើម្បីឲ្យអ្នកដែលស្តាប់ចម្រៀង មានអារម្មណ៍ស្រស់​ស្រាយ​ និង​មាន​កម្លាំង​ចិត្ត ហ៊ាន​ធ្វើអ្វីដែលខ្លួនស្រលាញ់ពេញចិត្ត។

ក្រុមតូច SWSB ជឿជាក់ថា ការនិពន្ធបទចំរៀង ដែលមានគុណភាព គឺ​មិន​មែន​សម្រាប់​តែ​ការ​កម្សាន្ត​តែ​មួយ​មុខនោះទេ​ ប៉ុន្តែគឺជាការចូលរួមបំផុសស្មារតី សាមគ្គីភាព និង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​តាម​រយៈតន្រ្តី។ ហេតុដូចនេះ នៅក្នុងការប្រគំតន្ត្រីសប្បុរសធម៌តូយ៉ូតា ក្លាស៊ិក ក្រុមតូច SWSB  នឹង​សម្តែងជូន នូវបទចម្រៀងដ៏មានអត្ថន័យ ចំនួន ២បទ ដើម្បីឆ្លុះបញ្ចាំង ពីប្រទេសកម្ពុជា គឺបទ “ឳ!ទង់ជាតិខ្មែរ”  និងបទ “បានទេ” ដែលបង្ហាញពីការខិតខំប្រឹងប្រែងតស៊ូ យកមកបំពេអារម្មណ៍ និងបំផុសស្មារតីអ្នកទស្សនាក្នុងរាត្រី​ដ៏អស្ចារ្យ ខាងមុខនេះ។

មិនត្រឹមតែប៉ុណ្ណោះ ​ការ​ចូលរួម​សម្តែង​ជាលើកដំបូង​សម្រាប់ក្រុមតូច SWSB នៅ​ក្នុង​ការ​ប្រគំ​តន្រ្តី​តូយ៉ូតា​ក្លាស៊ិក ដែល​ធ្វើ​ឲ្យ​ពួក​គាត់​បាន​ក្លាយ​ជា​ចំណែក​មួយ ដើម្បីជួយក្នុងកិច្ចការសប្បុរសធម៌ ស្វែង​រក​ថវិកាជួយទ្រទ្រង់ដល់ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និង​មជ្ឈមណ្ឌល​ព្យាបាល​កុមារ Japan Heart ដែល​ផ្តល់​សេវាព្យាបាល និងថែទាំឥតគិតថ្លៃ ក្នុង​ការ​ជួយ​អាយុ​ជីវិត​កុមារ​កម្ពុជា​ជា​ច្រើន​លាននាក់ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។

កម្មវិធីនេះផងដែរ ក៏បានផ្សាភ្ជាប់ទៅនឹងគម្រោង“អ្នកអាចធ្វើបាន” ឬ “Start Your Impossible” របស់​ក្រុមហ៊ុន តូយ៉ូតា ដែលវាហាក់ដូចជាត្រូវនឹងគោលដៅរបស់ក្រុមចម្រៀង SWSB ដើម្បីជម្រុញ និង​លើក​ទឹក​ចិត្តឲ្យមនុស្សជាតិ ហ៊ានពុះពារ និងជម្នះរាល់ឧបសគ្គ ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។ ក្រុមចម្រៀង SWSB ជឿជាក់ថា ការធ្វើរឿងដែលយើងស្រឡាញ់ គឺពិតជាអស្ចារ្យ និង​ជា​សេរីភាព​មួយ ដែល​ពោរពេញដោយសុភមង្គល ជាទីបំផុត។

បញ្ជាក់​ដែរ​ថា ការប្រគំតន្ត្រី តូយ៉ូតា ក្លាស៊ិក នាឆ្នាំនេះ មានការចូលរួមសម្ដែង ពី​បណ្ដា​ប្រទេស​ចំនួន ៦ ក្នុងតំបន់អាស៊ីដូចជា៖ ប្រទេសឡាវ ថៃ ប្រ៊ុយណេ ម៉ាឡេស៊ី កម្ពុជា ម៉ាឡេស៊ី និង​ប្រទេស​វៀតណាម។

ចំពោះរាល់ថវិកា ដែលទទួលបានពីការលក់សំបុត្រ ក្នុងការប្រគំតន្ត្រីក្នុងឆ្នាំនេះ នឹង​ត្រូវ​បរិចា្ចគ​ជូនមូល​និធិ​សប្បុរសធម៌​ នៅក្នុងតំបន់។ ដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីកែប្រែជីវិតមនុស្សជាតិ ឲ្យ​កាន់តែប្រសើរឡើង តាមរយៈតន្រ្តីសប្បុរសធម៌តូយ៉ូតា ក្លាស៊ិក៕

អត្ថបទ៖ ម៉េងងី