ទូច​ ដេវីត​ ដែល​ឈ្នះ​ ឡុង​ ជិន​ កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ទើប​តែ​ប្រកួត​បាន​៩ដង​ប៉ុណ្ណោះ​

  • 2019-11-14 02:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ស្រករ​ក្រោយ​ និង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ប្រដាល់​ភ្ញាក់ផ្អើល​ប៉ុន្មាន​ថ្ងៃ​មុន​ ទូច​ ដេវីត​ រាប់​ទាំង​ការ​ប្រកួត​ឈ្នះ​ ឡុង​ ជិន​ គឺ​ទើប​តែ​បាន​៩ដង​ទេ។​

ទូច ដេវីត(ខៀវ)

ដេវីត​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នោះ​គឺ​តិច​តូច​មែនទែន​ប្រហែល​១ឆ្នាំ​ប៉ុណ្ណោះ​ ខណៈ​ការ​ប្រកួត​ទើប​តែ​៩ដង​នោះ​ទេ​ ក្នុង​នោះ​ឈ្នះ​៨ដង​ និង​ស្មើ​១ដង​ មិន​ដែល​ចាញ់​ឡើយ។​

កូន​សិស្ស​លោក​ អាត​ សំរឹទ្ធ​ រូប​នេះ​បន្ត​ទៀត​ថា​ ជ័យជម្នះ​លើ​រៀមច្បង​ ឡុង​ ជិន​ នេះ​ក៏​មិន​នឹកស្មាន​ដែរ​ ព្រោះ​ដោយ​សារ​ដៃគូ​ភ្លាត់​ចូល​កណ្ដាប់ដៃ​របស់​ខ្លួន​រហូត​ដល់​គាំង​ក្បាច់​បែប​នេះ។​ ឡុង​ ជិន​ ក៏​ជា​ Idol​ របស់​ ទូច​ ដេវីត​ ផង​ដែរ​ និង​ធ្លាប់​បាន​មើល​ការ​ប្រកួត​ ហើយ​ដឹង​ពី​សមត្ថភាព​រៀមច្បង​ខាង​លើ​នេះ​ច្បាស់។​

កីឡាករ ឡុង ជិន

មុន​ការ​ប្រកួត​សិស្ស​ប្អូន​ ពេជ្រ ​ម្ទេសខ្មាំង​ រូប​នេះ​គឺ​ហ្វឹកហាត់​ត្រៀម​ខ្លួន​បាន​ល្អ​ ប៉ុន្តែ​មិន​បាន​គិត​ថា​អាច​វ៉ៃ​ ឡុង​ ជិន​ ដល់​រាប់​បែប​នេះ​ឡើយ​ ត្រឹម​គិត​ថា​ឡើង​ដល់​សង្វៀន​ខំ​ប្រឹង​ប្រែង​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​ប៉ុណ្ណោះ។​

កីឡាករ ទូច ដេវីត

រំលឹក​ដែរ​ថា​ ទូច​ ដេវីត​ ទម្លាក់​ ឡុង​ ជិន​ វគ្គ​៨នាក់​ចុងក្រោយ​នៃ​ការ​ប្រកួត​ជម្រុះ​ដណ្ដើម​ពាន​រង្វាន់​ TV5​ ទម្ងន់​៦០​គីឡូក្រាម​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៩​ ខែ​វិច្ឆិកា​ ២០១៩។​ មិន​ត្រឹម​ចាញ់​ពិន្ទុ​នោះ​ទេ​ ឡុង​ ជិន​ ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​រហូត​២ដង​ឯ​ណោះ​ ខណៈ​ ទូច​ ដេវីត​ ក៏​ត្រូវ​អាជ្ញាកណ្ដាល​រាប់​១ដង​វិញ​ដែរ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​