ម៉ូតូមហាកម្លាំង ១០ តម្លៃថ្លៃជាងគេក្នុងលោក ថ្លៃជាងគេគឺ ១លានដុល្លារ

  • 2019-11-14 04:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​មួយ​ចំនួន​មាន​កម្លាំង​ម៉ាស៊ីន​មិន​ចាញ់​រថយន្ត​នោះ​​ឡើយ ហើយ​តម្លៃ​វិញ​ក៏​ធម្មតា​ដែរ។ ជាក់​ស្ដែង​ម៉ូតូ​មហា​កម្លាំង​ចំនួន​ ១០ ខាង​ក្រោម​នេះ គឺ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​លោក ៖

បញ្ជាក់​ថា​ក្នុង​បញ្ជី​ខាង​ក្រោម​គិត​តែ​ចំពោះ​ម៉ូតូ​ដែល​បាន​ចេញ​លក់ និង​កំពុង​លក់​លើ​ទីផ្សារ​ប៉ុណ្ណោះ

១០. Kawasaki Ninja H2R តម្លៃ ៥៥ ០០០ ដុល្លារ

ម៉ូតូ​ម៉ូដែល​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន Supercharged ដែល​មាន​កម្លាំង​រហូត​ដល់ ៣២៦ សេះ។ ផលិតផល​របស់​ក្រុមហ៊ុន Kawasaki នេះ មាន​បំពាក់​​ចង្កឹះ​​លេខ​ MotoGP ៦ វគ្គ, មាន​ Race ECU និង​មុខងារ​ទំនើប​ៗ​ជា​ច្រើន​ទៀត។

៩. MV Agusta F4 LH44 តម្លៃ ៦០ ០០០ ដុល្លារ

ម៉ូតូ​នេះ​មាន​ទាំង​កម្លាំង​ មាន​ទាំង​សម្រស់។ វា​មាន​គ្រោង​ឆ្អឹង​ផលិត​ឡើង​ពី​សារធាតុ​អាលុយមីញ៉ូម, មាន​ស្រោប​ដោយ​ស្បែក​ធម្មជាតិ ហើយ​ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ៩៩៨ សេសេ របស់​វា​ អាច​ផលិត​កម្លាំង​បាន ២១២ សេះ។

៨. BMW HP4 តម្លៃ ៧៨ ០០០ ដុល្លារ

ក្រុមហ៊ុន​អាល្លឺម៉ង់​បាន​ហៅ​ម៉ូដែល HP4 នេះ ថា​ជា​ម៉ូតូ​ BMW ពិសេស​ដាច់​គេ​បំផុត។ វា​មាន​បញ្ចូល​ដោយ​បច្ចេកវិទ្យា​ទំនើប ប្រើ​ប្រាស់​វត្ថុធាតុ​ដើម​ពិសេស បច្ចេកទេស​នៃ​ការ​ផលិត និង​​មាន​ការ​ឌីហ្សាញ​ទាក់​ភ្នែក។ ម៉ាស៊ីន​ដែល​ផលិត​ដោយ​ដៃ​របស់​ម៉ូតូ​នេះ មាន​កម្លាំង ២១៥ សេះ។

៧. Arch Method 143 តម្លៃ ៧៨ ០០០ ដុល្លារ

ម៉ូតូ​របស់​តារា​សម្ដែង Keanu Reeves មួយ​នេះ មាន​បំពាក់​ម៉ាស៊ីន​កម្លាំង​ខ្លាំង V-Twin ដែល​មាន​ចំណុះ ២៣៤៣ សេសេ ផលិត​កម្លាំង​បាន ១៧០ សេះ។ តួ​ខ្លួន​នៃ​ម៉ូតូ​នេះ ផលិត​និង​រចនា​ឡើង​ដោយ​ដៃ​អ្នក​ជំនាញ​ផ្ទាល់ ដែល​បង្កើត​បាន​ជា​ម៉ូតូ​ដ៏​ប្លែក​មួយ។

៥. MV Agusta F4 Claudio តម្លៃ ៨៣ ០០០ ដុល្លារ

ម៉ូតូ​ដែល​គេ​យក​ប្រើ​ក្នុង​កម្មវិធី​ប្រណាំង​ WorldSBK នេះ ប្រើ​ម៉ាស៊ីន​បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ ចំណុះ ៩៩៨ សេសេ ដែល​មាន​កម្លាំង​ ២០៥ សេះ វា​មាន​ប្រព័ន្ធ​បំពង់ស៊ីមាំង ២ និង​ប្រព័ន្ធ​អេឡិចត្រូចិក MVICS។ វា​ផលិត​ឡើង​ពី​សារធាតុ​ទីតាញ៉ូម, អាលុយមីញ៉ូម​ទម្ងន់​ស្រាល និង​គួប​ផ្សំ​ដោយ​សារធាតុ​កាបូន​មាន​ទម្ងន់​ស្រាល និង​រឹង​មាំ​ខ្លាំង។

៥. Aprilia RSV4 FW-GP តម្លៃ ៨៣ ០០០ ដុល្លារ

​​ប្រភេទ​ដែល​ផលិត​ចេញ​ពី RSV4 ធម្មតា​នេះ មាន​ម៉ាស៊ីន​កម្លាំង ២៥៣ សេះ ដែល​ជា​ម៉ូតូ​ប្រណាំង​ពិតៗ​មួយ​របស់ MotoGP។ អតិថិជន​ដែល​ទិញ​ម៉ូតូ​នេះ នឹង​ត្រូវ​ក្រុមហ៊ុន​អញ្ជើញ​ឲ្យ​សាក​ល្បង​ម៉ូតូ​នៅ​ទីលាន​ប្រណាំង​របស់ Aprilia ហើយ​វិស្វករ​របស់​ក្រុមហ៊ុន​អាច​ធ្វើ​ការ​កែ​សម្រួល​ម៉ូតូ​នេះ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន និង​ផ្ដល់​ការ​ណែនាំ​ផ្សេងៗ។

៤. PGM 2.0 Liter V8 តម្លៃ ៩០ ០០០ ដុល្លារ

ម៉ូតូ​នេះ​ប្រើ​ម៉ាស៊ីន ៨ ស៊ីឡាំង ចំណុះ ១៩៦៦ សេសេ ដែល​ផលិត​កម្លាំង​បាន ៣៣៤ សេះ ជា​ម៉ូតូ​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក។ វា​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បង្កើន​ល្បឿន​អេឡិចត្រូនិក Ride-by-Wire ដែល​បាន​មក​ពី​ចង្កឹះ​លេខ​ ៦ វគ្គ។

៣. Curtiss Motorcycles Warhawk តម្លៃ ១០៥ ០០០ ដុល្លារ

Warhawk មាន​បំពាក់​នូវ​ថាមពល​របស់​ម៉ូតូ​បុរាណ​ម៉ូដែល P51 ដែល​ជា​ម៉ូតូ​​កើត​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ ក្នុង​នោះ​រួម​មាន​ម៉ាស៊ីន ចង្កឹះ​លេខ និង​តួ​ខ្លួន។ ម៉ូតូ​នេះ​ប្រើ​ម៉ាស៊ីន ២១៦៣ សេសេ ប្រភេទ V-Twin ដែល​មាន​កម្លាំង ១៥០ សេះ។

២. MTT 420RR តម្លៃ ២៤៥ ០០០ ដុល្លារ

ជា​មួយ​ល្បឿន​អតិបរមា ៤៤២ គ/ម/ម៉ ម៉ូតូ MTT 420RR នេះ​គឺ​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក ផលិត​ដោយ​ក្រុមហ៊ុន Marin Turbine Technologies (MTT)។​ម៉ូតូ​នេះ​បំពាក់​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​ម៉ាស៊ីន​របស់ MTT ដែល​អាច​ជួយ​ត្រួត​ពិនិត្យ​កម្លាំង និង​ប្រេង​ឥន្ធនៈ​បាន​យ៉ាង​ល្អ។

១.​Tamburini T12 Massimo តម្លៃ ១ លាន​ដុល្លារ

ម៉ូតូ​ស្ព័រ​នេះ​គឺ​ជា​ស្នាដៃ​ចុង​ក្រោយ​របស់​អ្នក​ឌីហ្សាញ​ម៉ូតូ​ល្បី​ឈ្មោះ​របស់​អ៊ីតាលី​លោក Massimo Tamburini ដែល​លោក​ធ្លាប់​បាន​បង្កើត​ម៉ូតូ​ជា​ច្រើន​សម្រាប់ Cagiva, MV Augsta, Ducati និង Bimota។ ជា​មួយ​ទម្ងន់ ១៥៥ គីឡូក្រាម ម៉ូតូ T12 នេះ ជា​ម៉ូតូ​ប្រណាំង​​ដ៏​មាន​ទម្ងន់​ស្រាល​មួយ​ក្នុង​ចំណោម​ម៉ូតូ​ទម្ងន់​ស្រាល​ដទៃ​ទៀត៕​​​

ចុចអាន ៖ កន្លែង​ផ្ញើ​កង់​ក្រោម​ដី​នៅ​ជប៉ុន​ បំពាក់​សុទ្ធ​តែ​គ្រឿង​យន្ត​ទំនើប​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម