ចេញដំណឹង Apple បានបង្ហាញផលិតផលសម្រាប់ជំនួស iPhone ពេលប្រជុំសម្ងាត់ជាមួយបុគ្គលិកខែមុន

  • 2019-11-15 01:56:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Information បាន​ឲ្យ​ដឹង​ថា​ Apple បាន​បើក​កិច្ច​ប្រជុំ​សម្ងាត់​មួយ​ជា​មួយ​បុគ្គលិក​កាល​ពី​ខែ​តុលា​ នៅ​ទីស្នាក់ការ​ថ្មី​របស់​ខ្លួន ដែល​មាន​និយាយ​អំពី​ផលិតផល​ថ្មី​ចំនួន​ពីរ។

បើ​តាម​អ្នក​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ ដែល​បាន​ប្រាប់​ដំណឹង​ដល់ The Information បាន​​ឲ្យ​ដឹង​ថា​ Apple បាន​រៀប​រាប់​អំពី​​​ផលិតផល​ថ្មី​ចំនួន​ពីរ​ដូច​ខាង​ក្រោម ៖

ផលិតផល​ទី​មួយ រំពឹង​ថា​នឹង​លេច​មុខ​នៅ​ឆ្នាំ ២០២២ ហើយ​វា​​មាន​លក្ខណៈ​ស្រដៀង​នឹង​​កាស​ពាក់​ក្បាល​ Oculus Quest ដែល​មាន​កម្រិត​បង្ហាញ​រូបភាព​ខ្ពស់ មាន​បំពាក់​កាមេរ៉ា​ពី​ខាង​ក្រៅ និង​អាច​ធ្វើ​ការ​វាស់​ទីតាំង​នៅ​ជុំវិញ​បាន។

ផលិតផល​ទី​ពីរ​រំពឹង​ថា​នឹង​លេច​មុខ​នៅ​ឆ្នាំ ២០២៣ ដែល​មាន​លក្ខណៈ​ដូច​ជា​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ មាន​ស៊ុម​កម្រាស់​ក្រាស់​សម្រាប់​ដាក់​ថ្ម និង​អង្គ​គណនា។ វ៉ែនតា​​ប្រើ​បច្ចេកវិទ្យា​ AR នេះ​អាច​ប្រើ​ប្រាស់​បាន​ពេញ​មួយ​ថ្ងៃ ហើយ​វា​ជា​ការ​បោះ​ជំហាន​កាន់​តែ​ជិត​គោលដៅ​របស់​ Apple ដែល​មាន​គោលដៅ​បញ្ចេញ​ផលិតផល​ដែល​អាច​ជំនួស iPhone បាន។

គួរ​ដឹង​ថា​កន្លង​មក​មាន​ការ​រាយការណ៍​ជា​ច្រើន​អំពី​គម្រោង​ការ​ផលិត​វ៉ែនតា AR ​របស់​ Apple ដែល​ចង្អុល​បង្ហាញ​ថា​វា​អាច​នឹង​បញ្ចេញ​​លឿន​បំផុត​នៅ​ឆ្នាំ ២០២០។ Apple ត្រូវ​បាន​គេ​ដឹង​ថា​បាន​​សិក្សា​លើ​ការ​ផលិតផល​ឧបករណ៍​ពាក់​ភ្នែក​ទំនើប​បែប​នេះ តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ។

Magic Leap One

គំនិត​នៃ​ការ​បង្កើត​វ៉ែនតា​ AR ​គឺ​ស្រួល​យល់​បំផុត។ ជំនួស​ឲ្យ​ការ​សម្លឹង​មើល​ទូរសព្ទ អ្នក​អាច​មើល​ឃើញ​នូវ​ Interface បាន​រយៈ​ការ​បញ្ចាំង​រូបភាព​ចេញ​ពី​វ៉ែនតា​ នៅ​លើ​មជ្ឈដ្ឋាន​ខាង​ក្រៅ។ ផលិតផល​ប្រភេទ​នេះ​ក្រុមហ៊ុន​ Microsoft ធ្លាប់​​បាន​បញ្ចេញ​លើ​ទីផ្សារ​គឺ HoloLens និង Magic Leap One ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​គួរ​កត់​សម្គាល់​នោះ​ទេ។

​លោក Tim Cook ធ្លាប់​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​​អំពី​សក្ដានុពល​របស់​ AR ដែល​កាល​ពី​ឆ្នាំ ២០១៧ លោក​បាន​និយាយ​ថា វា​អាច​ផ្លាស់​ប្ដូរ​វិធី​ដែល​យើង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នា​ពេល​កន្លង​មក៕

ចុចអាន ៖ Apple រំពឹង​ប្រកាស iPad Pro ​ប្រើ​កាមេរ៉ា​ភ្លោះ​ដំបូង​បង្អស់​នៅ​ឆ្នាំ ២០២០

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង