ប្រទេស​ពីរ​នៅតាម​ដងទន្លេមេគង្គក្រោម​រងផល​ប៉ះពាល់​ខ្លាំង​ពី​គ្រោះរាំងស្ងួត​

  • 2019-11-20 03:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការទន្លេ​មេគង្គ​បាន​ឲ្យ​ដឹងថា​ប្រ​ទេស​ពីរ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​នឹង​រង​ផល​ប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត​ ដោយ​សារ​ទឹក​ភ្លៀង​មូសុង​សម្រាប់​រដូវ​វស្សាមាន​រយៈពេល​ខ្លីជាង​ធម្មតាក្នុង​ឆ្នាំនេះ​។

ក្នុង​សេចក្ដីប្រ​កាសព័ត៌មាន​របស់​ខ្លួន​មួយ​ចេញ​ផ្សាយ​កាលពី​ម្សិល​មិញ​គណៈកម្មការ​ទន្លេ​មេគង្គ​ឲ្យ​ដឹងថា​រដូវ​រស្សា​ជា​ធម្មតា​ចាប់​ផ្ដើម​នៅ​ចុង​ខែ​ឧសភា និង​ចប់​ទៅ​វិញ​នៅ​ចុង​ខែ​តុលា។ ប៉ុន្តែ​ថា​ឆ្នាំនេះ​ទឹក​ភ្លៀង​រដូវ​វស្សា​ធ្លាក់​យឺតជាងធម្មតា​ពី​រសប្តាហ៍ និង​ចប់ទៅ​វិញ​លឿនជាង​ធម្មតា​បី​សប្ដាហ៍។

ប្រ​ភព​ឲ្យ​ដឹងថា​ប្រទេស​កម្ពុជា និង​ថៃ នឹង​រង​ផល​ប៉ះ​ពាល់ពី​គ្រោះ​រាំងស្ងួត​នេះ​ខ្លាំង​ជាង​ប្រ​ទេស​ឡាវ និង​វៀត​ណាម គិត​ពី​ពេល​នេះ ដល់​ខែ​មករា ឆ្នាំ​២០២០។

«រដូវ​ប្រាំង​មាន​រយៈពេល​កាន់តែ​វែង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិត​ផល​កសិកម្ម និង​ដំណាំ​ផ្សេងៗ បញ្ហា​ខ្វះទឹក​ប្រើប្រាស់​អាច​កើត​មាន​ដោយ​សារ​តែ​ភាព​រាំង​ស្ងួត​អូសបន្លាយ»។ នេះជា​ការ​លើក​ឡើង​របស់​​លោក​Lam Hung Son មន្ត្រី​ជាន់​ខ្ពស់​របស់​គណៈកម្មការទន្លេ​មេគង្គ៕

អត្ថបទ៖ ទូច សុខា