កៀក​ថ្ងៃ​ហើយ! CFS នឹង​ប៉ះ Visit Kampot នៅ​កីឡដ្ឋាន​ខេត្ត​កំពត

  • 2019-11-27 09:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់​ទាត់​បាយ​បាន ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ​ពី​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា Cambodian Fan Club All Stars នឹង​វិល​កង់​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ពហុ​កីឡដ្ឋាន​ខេត្ត​កំពត ដើម្បី​ប្រកួត​មិត្តភាព​ទេសចរណ៍ ជាមួយ​ក្រុម​ Visit Kampot នា​ថ្ងៃ​សៅរ៍ ទី​៧​ ធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ៣: ៣០ នាទី​រសៀល។

ពាក់ព័ន្ធនឹងជំនួបនេះ លោក អៃ សំអូន ​សហ​ស្ថាបនិក​ក្រុម​​ដ៏​ខ្ចី​វស្សា​ CFS បានលើកឡើង​ថា មិន​​ទាន់​អាច​កំណត់​លទ្ធផល​​យ៉ាងណា​នោះ​ទេ ដ្បិត​ក្រុម​ទាំង​២​មិន​ធ្លាប់​ប៉ះ​គ្នា​ឡើយ ខណៈ​ក្រុម​របស់​លោក​ទើបតែបង្កើតថ្មី ហើយកីឡាករទៀតសោត ក៏​មិន​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ប្រមូល​ផ្ដុំ​​គ្នាដែរ។ ទោះបីជា​យ៉ាងណា​ លោក​ជឿជាក់​លើ​សមត្ថភាព​ក្រុម​ទាំង​ពីរ ព្រោះសំបូរ​ដោយ​កីឡាករ​ក្មេងៗ និង​បច្ចេកទេស​ល្អ​​ដូចគ្នា ហើយ​ថា​ការ​ប្រកួត​នេះ​ អាច​ជា​ជំនួប​ដ៏​ជក់ចិត្ត​។

លោក អៃ សំអូន ប្រធានក្រុម

បើ​តាម​លោក អៃ សំអូន អ្នកគាំទ្រ Real Madrid និយម​​ស្តាយ​អបអរ​គ្រាប់​បាល់ ​របស់​ Cristano Ronaldo ក្រុម Cambodian Fan Club All Stars បង្កើត​ឡើង ក្នុង​គោលបំណង​ធំ​៣។ ទី១ ​ឱ្យ​អ្នកគាំទ្រ​ក្លឹប​បាល់​ទាត់​អឺរ៉ុប​នៅ​កម្ពុជា ​(មិន​ទាំងអស់) បាន​លេង​ជាមួយ​​គ្នា ដោយ​មិន​ប្រកាន់​ថា អ្នកគាំទ្រ​ក្លិប​ណា​មួយ​ឡើយ​។ ទី២ បំផុស​គំនិត​ឱ្យ​យុវជន​ស្រលាញ់​លេង​កីឡា ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​ទី៣ បង្កើត​ឡើង​ក្នុង​គោលបំណង ចូល​រួម​​ការងារ​សង្គម តាម​ដែល​អាច​ធ្វើ​បាន។ ​

"ខ្ញុំ​ឧស្សាហ៍​រៀបចំ​កម្មវិធី​ឱ្យ​ Fan Real នៅ​កម្ពុជា​ ប្រកួត​សប្បុរសធម៌​ ហើយ​ក៏​មាន​អ្នកគាំទ្រ​ក្លិប​ផ្សេង​សុំ​ចូល​លេង​ដែរ...អ៊ីចឹង​ខ្ញុំ​ពិបាក...ខ្ញុំ​ក៏​ពិភាក្សា​ជាមួយ​បង​ចក់ ក៏​បង្កើត​ក្រុម​នេះ​ឡើង។ មិន​តែ​ប៉ុណ្ណឹង​ទេ យើង​ចង់​បំផុស​ឱ្យ​យុវជន​លេង​កីឡា ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​ជួយ​ការងារ​សង្គម​ផង​ដែរ​"។

ក្រុមបាល់ទាត់ Cambodian Fan Club All Stars ជាក្រុមចម្រុះដោយអ្នកគាំទ្រក្លិបបាល់ទាត់ប៉ែកអឺរ៉ុបនៅកម្ពុជា ដែលបច្ចុប្បន្នមានពីរក្រុមពោលគឺ ក្រុម A និងកុ្រម B ហើយទាំងពីរក្រុម មានសម្ថភាពប្រហាក់ប្រហែលគ្នា។

កំពត​ជា​ខេត្ត​គោលដៅ​​ទី​មួយ ដែល​ក្រុមបាល់ទាត់ CFS នឹង​ទៅ​លេង​មុន​គេ ហើយ​បន្ទាប់​មក ​ក្រុម​មួយ​នេះ នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​បណ្ដា​ខេត្ត​ក្រុង​ដទៃ​ទៀត ដើម្បី​ប្រកួត​មិត្តភាព​៕

អត្ថបទ៖ អ៊ុំ សុភក្តិ