ភាពយន្ត​ខ្មែរ​មួយ​នេះ ធ្វើ​ស៊ី​អារម្មណ៍​បង​ប្អូន​នៅ​ផ្ទះ​ជួល​ហើយ!

  • 2019-12-04 08:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្មែរ​មួយ​រឿង​របស់​ផលិតកម្ម "ខ្មែរ​មេគង្គ" បាន​បើក​សម្ពោធ​នា​ថ្ងៃ​ម្សិលមិញ ដោយ​សាច់​រឿង​ទាំង​មូល​មាន​ពាក់​ព័ន្ធ​នឹង​វិញ្ញាណ​មាន​​នៅ​ផ្ទះ​ជួល ជា​ទី​ដែល​បង​ប្អូន​ឡើង​ពី​ខេត្ត​ស្នាក់​អាស្រ័យ​ដើម្បី​បន្ត​ការ​សិក្សា​​ឬ​ប្រកប​កិច្ច​ការងារ។

ខ្សែ​ភាពយន្ត​មួយ​នេះ ត្រូវ​បាន​គេ​ដាក់​ចំណង​ជើង​ថា "ផ្ទះ​ជួល" ឬ "Move Out” ដែល​ចូល​រួម​សម្ដែង​ដោយ​សុទ្ធ​តែ​តារា​ជើង​ថ្មី ក្នុង​នោះ​ទាំង​តួឯក​ប្រុស និង​តួឯក​ស្រី។ បញ្ហា​នេះ ខុស​ពី​រាល់​ដង​ដែល​ផលិតកម្ម​ល្បី​ឈ្មោះ​មួយ​នេះ និយម​ប្រើ​តារា​ល្បី​ៗ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​នៅ​ក្នុង​សាច់​រឿង​របស់​ខ្លួន។ ជុំវិញ​បញ្ហា​នេះ មិន​មាន​ការ​បញ្ជាក់​ពី​អ្នក​ដឹកនាំ​រឿង​លោក ជីមមី ហានឌឺសុន នោះ​ទេ។

តួ​ប្រុស​ក្នុង​រឿង​នេះ ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា លោក ហ្សាតាន់ និង​តួ​ស្រី​មាន​ឈ្មោះ យោធិន វីរិយ៉ា កូន​ស្រី​របស់​លោក សាវិន ហ្វីលីព។ ដោយ​សារ​ថា ជា​បទ​ពិសោធន៍​លើក​ដំបូង​ដូច​គ្នា តួឯក​ទាំង​ពីរ បាន​ឲ្យ​ដឹង​ថា ពួក​គេ​មាន​បញ្ហា​ក្នុង​ការ​សម្ដែង​មួយ​ចំនួន មុន​ពេល​ចេញ​សមិទ្ធផល​សម្រេច​មក​ដាក់​ជូន​ប្រិយមិត្ត​ទស្សនិកជន​នា​ពេល​នេះ។ សំខាន់​ជាង​នេះ លោក ហ្សាតាន់ ប្រាប់​ថា លោក​មាន​អារម្មណ៍​ខ្លាច​ពិត​ប្រាកដ​នៅ​ក្នុង​ការ​ថត​រឿង​ខ្មោច​មួយ​រឿង​នេះ។

“ការ​លំបាក​របស់​ខ្ញុំ គឺ​ត្រង់​ឈុត​មួយ​ធ្លាក់​ពី​លើ​ជណ្ដើរ ហើយ​ខ្ញុំ​ខ្លាច​មែន ព្រោះ​ពេល​ហ្នុង​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ដែរ​ថត រួម​ជាមួយ​កាមេរ៉ា!”។

ភាពយន្ត​ខ្នាត​ធំ​រឿង "ផ្ទះ​ជួល" និពន្ធ​ដោយ​អ្នកនិពន្ធ សុធារី អាត ជាមួយ​ផលិតករ លោក ស្វាយ លីម៉េង ដែល​ជា​ប្រភេទ​រឿង​ខ្មោច រសជាតិ​ថ្មី បន្ទាប់​ពី​រឿង "ព្រឺ"។ សាច់​រឿង​និយាយ​ពី​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​វិញ្ញាណ​ឃុំ​គ្រង។ ដូច្នេះ​ហើយ បម្រាម​តឹង​រឹង​ត្រូវ​ដាក់​សម្រាប់​អ្នក​ដែល​ភ្លាត់​មក​ជួល​ផ្ទះ​នេះ។ តារា​ស្រី​វ័យ ១៧ កូន​របស់ សាវិន ហ្វីលីព បាន​ទៅ​ជួល​ផ្ទះ​នេះ ដូច្នេះ​ហើយ រឿង​រន្ធត់​ព្រឺ​ព្រួច​ជា​ច្រើន​បាន​កើត​ឡើង។

លោក ហ្សាតាន់ និង វីរិយ៉ា តួឯក​ប្រុស​ស្រី​

សាច់​រឿង​យ៉ាង​ណា ប្រិយមិត្ត​នឹង​ដឹង បន្ទាប់​ពី​ថ្ងៃ​ស្អែក វេលា​ដែល​ភាពយន្ត​នេះ នឹង​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៥ ខែ ធ្នូ ស្អែក​នេះ នៅ​គ្រប់​រោង​ភាពយន្ត​ទាំងអស់ នៅ​ភ្នំពេញ សៀមរាប ខេត្ត​ព្រះសីហនុ ប៉ោយប៉ែត បន្ទាយមានជ័យ និង​បាត់​ដំបង៕

រូបថត៖សហការី

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម