រុស្ស៊ី​រង​ពិន័យ​មិន​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​ពិភពលោក​រយៈពេល ៤ឆ្នាំ

  • 2019-12-09 11:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទង់​ជាតិ​ និង​ភ្លេងជាតិ​នៃ​សហព័ន្ធ​រុស្ស៊ី នឹង​មិន​មាន​ឡើយ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​ធំៗ​ទាំង​អស់ ក្នុង​រយៈពេល ៤ឆ្នាំ​ខាង​មុខ ដោយសារ​តែ​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​សារធាតុ​ញៀន​ហាមឃាត់​នៅ​ក្នុង​កីឡា (WADA) បាន​ដាក់​បម្រាម​ប្រទេស​នេះ។

គណៈកម្មការ​ក្រោម​បង្គាប់ WADA បាន​រក​ឃើញ​ថា អង្គភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​សារធាតុ​ញៀន​ហាមឃាត់​ក្នុង​កីឡា​របស់​រុស្ស៊ី​ ផ្ដល់​ទិន្នន័យ​មិន​ត្រឹមត្រូវ​ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​ប្រើប្រាស់​សារធាតុ​ញៀន​របស់​អត្តពលិក​របស់​ខ្លួន (ដោយ​មាន​ខ្លះ​ត្រូវ​បាន​កែ​ ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​លុប​ចេញ​ពី​ឯកសារ PDF)។

ការ​ដាក់​បម្រាម​នេះ​ធ្វើ​ឲ្យ​រុស្ស៊ី​មិន​អាច​ចូល​រួម​ក្នុង​កម្មវិធី​កីឡា​ពិភពលោក​មួយ​ចំនួន​ដូច​ជា FIFA World Cup 2022 ព្រឹត្តិការណ៍​អូឡាំពិក​តូក្យូ ២០២០ ប៉ារ៉ាអូឡាំពិក និង​កីឡា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

យ៉ាងណាមិញ រុស្ស៊ី​មាន​សិទ្ធិ​ប្ដឹង​តវ៉ា​ក្នុង​រយៈពេល ២១​ថ្ងៃ។

កន្លង​មក​រុស្ស៊ី​ក៏​ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​កីឡា​ធំៗ​ដែរ ក្រោយ​ពី​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​កាល​ពី​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា​ទីក្រុង​ស៊ូជី ២០១៤។ ប៉ុន្តែ​នៅ​តែ​មាន​អត្តពលិក​រុស្ស៊ី​មួយ​ចំនួន​នៅ​តែ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ដូច​ជា អូឡាំពិក​រដូវរងា​ព្យុងយ៉ាង ២០១៨ ដោយ​ចូល​រួម​ក្នុង​នាម​ជា​កីឡាករ​អព្យាក្រឹត្យ (មិន​តំណាង​ប្រទេស)។

ចំពោះ​ព្រឹត្តិការណ៍ Euro 2020 វិញ ទីក្រុង​ Saint Petersburg នៃ​រុស្ស៊ី​នៅ​តែ​អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​ដដែល ដោយ​សារ​តែ​ព្រឹត្តិការណ៍​នេះ​ មិន​ត្រូវ​បាន​ចាត់​ទុក​ជា​កម្មវិធី​កីឡា​ធំៗ​ ដោយ WADA៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី