ចម្លែកបំផុត! បាត់ដានយន្ដហោះយោធាឈីលីមួយគ្រឿង ផ្ទុកអ្នកដំណើរជាង ៣០នាក់

  • 2019-12-11 02:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះ​យោធា​របស់​ប្រទេស​ឈីលី​មួយគ្រឿង​ដែល​ផ្ទុក​អ្នក​ដំណើរ ៣៨​នាក់ បាន​បាត់​ការ​ទាក់ទង​កាល​ពី​យប់​ថ្ងៃ​ចន្ទ​កន្លង​ទៅ ខណៈ​ពេល​ដែល​ធ្វើ​ការ​ហោះ​ហើរ​ទៅ​កាន់​ទ្វីប​អង់តាកទិច។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​យោ​ធា​អាកាស​ឈី​លី​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា "យន្ដហោះ​នេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​បាន​ធ្លាក់ ដោយ​សារ​អស់​សាំង។” យន្ដហោះ​ប្រទេស C-130 Hercules បាន​ហោះ​ហើរ​ចេញ​ពី​ទីក្រុង Santiago ហើយ​ឈប់​សម្រាក​នៅ​ទីក្រុង Punta Arenas។ ក្រោយ​មក​ក៏​បន្ដ​ដំណើរ​ទៅ​កាន់​មូលដ្ឋាន​ទ័ព​នៅ​អង់តាកទិច មុន​ពេល​ដែល​បាត់​ការ​ទាក់​ទង​អំឡុង​ម៉ោង ៦​ល្ងាច​។ នៅ​ក្នុង​យន្ដហោះ មាន​ផ្ទុក​បុគ្គលិក ១៧​នាក់ និង​អ្នក​ដំណើរ ២១​នាក់​ផ្សេង​ទៀត ដែល​ធ្វើ​ដំណើរ​ទៅ​ជួសជុល​បំពង់​បង្ហូរ​ប្រេង​បណ្ដែត​ទឹក​សម្រាប់​ផ្គត់ផ្គង់​ដល់​មូលដ្ឋាន។

ក្រោយ​ការ​បាត់​ដាន​យន្ដហោះ​នេះ ខាង​យោធា​អាកាស បាន​ធ្វើ​ការ​ប្រកាស​អាសន្ន​និង​សុំ​ជំនួយ​ដើម្បី​ស្វែង​រក និង​ជួយ​សង្គ្រោះ​បន្ដ​ទៀត ខណៈ​ដែល​ប្រធានាធិបតី​ឈីលី កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន