តោះ! ស្អែកថ្ងៃដំបូង ២០២០​ មិនដឹងគួរធ្វើអី អាចធ្វើ ៥ចំណុចនេះបានធានាថាមានន័យខ្លាំង ញញឹមមិនដឹងខ្លួន

  • 2019-12-31 10:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេញ​មួយ​ឆ្នាំ​២០១៩ ច្បាស់​ជា​មានរឿង​រ៉ាវ​កើត​ឡើង​ជាច្រើន​រាប់​មិន​អស់ ដែល​ខ្លះ​អ្នក​ចងចាំ​មិន​ភ្លេច ខ្លះ​ក៏​​មិន​អាច​ចាំ​អស់ ខ្លះ​ធ្វើ​ឲ្យ​អ្នក​រីករាយ​ខ្លះ​ក៏​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត។

ទោះ​ជា​ក្នុង​ឆ្នាំ​ចាស់ មានរឿង​អ្វី​កើត​ឡើង​ក៏​ដោយ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា ២០២០នេះ នឹង​នាំ​នូវ​អ្វី​ជា​ច្រើន​ថ្មី​ៗ​ទៀត​មក​ក្នុង​ជីវិត​អ្នក ហើយ​ត្រូវ​ចាំ​ថា​ដំណើរ​ជីវិត​ គឺ​ជា​ជម្រើស​របស់​អ្នក​ផ្ទាល់​ខ្លួន បើ​អ្នក​ជ្រើស​រើស​បាន​ល្អ នោះ​គឺជា​អំណោយ​​ តែ​បើ​អ្នក​ជ្រុល​ជា​ធ្វើ​ខុស សូម​ទុក​វា​ជា​មេរៀន កុំ​ឲ្យ​កើត​ឡើង​ម្តង​ទៀត និង​បន្ត​សម្លឹង​ទៅ​មុខ ​ដើរ​ដោយ​ប្រុង​ប្រយ័ត្ន ​អង់​អាច​ក្លាហាន​ជានិច្ច។

ថ្ងៃ​ទី១ នៃ​ឆ្នាំ​នីមួយៗ គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ «បុណ្យ​ចូល​ឆ្នាំ​សកល» បើ​គ្មាន​គម្រោង​ពិសេស​អ្វី​ទេ​ថ្ងៃ​ស្អែក​ អាច​សាក​ល្បង​ធ្វើ​រឿង​មាន​ន័យ​ទាំង​នេះ​ ម្នាក់​ឯង​ក៏​បាន ជាមួយ​អ្នក​យល់ចិត្ត​ ឬ ក្រុម​គ្រួសារ​ក៏បាន ៖

១. យប់​នេះ​ចូលគេងពីព្រលប់​ ភ្ញាក់​ពី​ព្រលឹម ដើម្បី​អាច​មើល​ថ្ងៃ​រះ

បើ​អត់​គូ ឬ មិន​សូវ​មាន​គ្នា(មិត្ត​ភក្តិ) កុំ​ខ្វល់​រឿង​ឆ្លង​ឆ្នាំ នាំ​សៅហ្មង​ធ្វើ​ម៉េច​បើ​យើង​អត់​គូ ។ ជម្រើស​ល្អ​បំផុត គឺ​ចូលគេង​ពី​ព្រលប់​ ដើម្បី​អាច​ភ្ញាក់​ពី​ព្រលឹម​ជាមួយ​អារម្មណ៍​ស្រស់​ស្រាយ​ឲ្យ​ទាន់​មុន​ថ្ងៃ​រះ ។

ថ្ងៃ​រះ​ក្រៅ​ពី​ស្រស់​ស្អាត ត្រជាក់​ភ្នែក​ហើយ វា​បង្កប់​អត្ថន័យ​នៃ​ការ​ចាប់​ផ្ដើម​ថ្មី និង​បង្កប់​កម្លាំង​លើកទឹកចិត្ត​ ប្រៀប​បាន​នឹង​ការ​ផ្ដល់​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ថ្មី​ដល់​ជីវិត។ កុំ​ទាន់​ជឿ​ទាំង​ស្រុង អ្នក​អាច​​សាក​ធ្វើ​វា​សិន អ្នក​នឹង​អាច​ជ្រួល​ជ្រាប​អារម្មណ៍​ដ៏ ពិសេស​មួយ​នេះ។

សម្រាប់​អ្នក​មាន​គូ ច្បាស់ជា​មិន​អត់​ទេ រឿង​រាប់​ថយក្រោយ​ជាមួយគ្នា​ ញុំា​អាហារ​ពេលល្ងាច ជជែក​គ្នា​លេង​ពី​នេះ​ ពី​នោះ ពិសេស​ពី​រឿង​គម្រោង​អនាគត​ដ៏​វែង​ឆ្ងាយ​ជាមួយ​គ្នា និង​ផែនការ​សន្សំ​លុយ សម្រាប់​ឆ្នាំ ២០២០ និង​គម្រោង​ដើរ​លេងកម្សាន្ត​ជាដើម ព្រោះ​ថា​បើ​ចង់​ដើរលេង​ផ្លូវ​ឆ្ងាយ ត្រូវ​តែ​ចាប់​ផ្ដើម​សន្សំ​លុយ​ពី​ដើម​ឆ្នាំទៅ។

និយាយ​រឿង​អនាគត​វិជ្ជមាន​សប្បាយ​ៗ និង​គម្រោង​ដើរលេង​ជាមួយ​​មនុស្ស​​ដែល​យើង​ស្រលាញ់ និង​យល់ចិត្ត​គ្នា នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ​ដោយ​មិន​ដឹង​ខ្លួន ដល់​ថ្នាក់​អាច​យប់​នេះ​ដេក​យល់​សប្តិ​ឃើញ​បាន​ទៅ​ដល់​កន្លែង​នោះ​ផង។

២. ហាត់​ប្រាណ​ជាមួយ​គ្នា

បើ​អ្នក​អាច​ភ្ញាក់​ពី​ព្រលឹមស្រាងៗ អារម្មណ៍​ដែល​ចង់​ហាត់​ប្រាណ​ឲ្យ​បែក​ញើស​ស្រួល​ខ្លួន​បន្តិច​នោះ​ ច្បាស់​ជា​មាន​មិន​ខាន។ ដូច្នេះ​អ្នក​អាច​គិត​គូ បបួល​សំណព្វ​ចិត្ត​ ឬ មិត្ត​ល្អ ឬ អ្នក​មាន​គុណ​ទៅ​ដើរ​ហាត់​កីឡា​ ឬ ធាក់​កង់​​ ជាមួយ​គ្នា​នៅ​សួន​ច្បារ​ដែល ទេសភាព​ស្រស់​ត្រកាល​ និង​ខ្យល់​ត្រជាក់​។​ ឱកាស​នោះ​អ្នក​ក៏​អាច​ឆ្លៀត​មើល​ថ្ងៃ​រះ​ជាមួយ​គ្នា​បាន​ទៀត​។ ក្រៅ​ពី​នេះ​អ្នក​ក៏​អាច បបួល​គ្នា​​ដើរ​រើស​សំរាម​សំអាត​សួន​ច្បារ ដាក់​ទាន​ ឬ បរិច្ចាគជួយសង្គម​ ស្រោចទឹក​ ដាំ​ផ្កា​ ដាំបន្លែ ដាំ​ដើម​ឈើ​ក្នុង​ទីធ្លា​ផ្ទះ ក៏​អាច​រាប់​ទុក​ជា​កិច្ចការ​រួម​គ្នា​ប្រកប​ដោយ​អត្ថន័យ​ដែរ​។

៣.ញុំា​អាហារ​ពេល​ព្រឹក​ ឬ ចម្អិន​អាហារ​ពេល​ព្រឹក​ដោយ​ផ្ទាល់​ដៃ​ជូន​មនុស្ស​ជា​ទី​ស្រលាញ់

វា​ពិតជា​មាន​អត្ថន័យ​ខ្លាំង​ប្រសិន​បើ​អ្នក​តែង​តែ​រវល់​ធ្វើ​ការ​ងារ​រាល់​ថ្ងៃ មិន​សូវ​​មាន​ពេល​វេលា​ប្រកប​ដោយ​គុណភាព​ជាមួយគ្រួសា ជាមួយ​គូស្នេហ៍ ប្តី ឬ​ប្រពន្ធ ឬ អ្នក​មាន​គុណ​។ តែ​បើ​អ្នក​តែង​តែ​ធ្វើ​វា​ហើយ ក៏​គួរ​គិត​គូ​នាំ​ ពួកគេ​ទៅ​ញុំា​អាហារ​ក្រៅ​មួយ​ពេល​នៅ​កន្លែង​ដែល​មាន​បរិយាកាស​ល្អ ឲ្យ​ប្លែក​ភ្នែក ​ប្លែក​អារម្មណ៍​ដែរ ដើម្បី​អាច​ឲ្យ​ពួក​គេ​មាន​អនុស្សាវរីយ៍​ល្អ​ៗ ក្នុង​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ ២០២០។

៤. ស្តាប់​បទ​ចំរៀង​ពីរោះ​ចាស់​ៗ ដែល​អ្នក​ធ្លាប់​ចូល​ចិត្ត​ខ្លាំង​ពី​មុន​ឡើង​វិញ (ស្តាប់​ម្នាក់ឯង ឬ ជាមួយ​សំណព្វចិត្ត) ៖

ចំរៀង​ដែល​ពីរោះ​រណ្ដំ​ចិត្ត នឹង​បង្កើត​ជា​រូបភាព​មួយ​រស់​រវើក​​ក្នុង​ខួរ​ក្បាល​របស់​អ្នក ហើយ​វា​នឹង​នាំ​អារម្មណ៍​អ្នក​ទៅ​កាន់​ គ្រា​មួយ​ដែល​អ្នក​ធ្លាប់​ស្ដាប់​វា​កាល​ពី​នៅ​ក្មេងៗ ឬ​ជាង​ ១០ឆ្នាំមុន ។ ពេលនោះ​ហើយ​ដែល​អ្នក​នឹង​ទទួល​អារម្មណ៍​ពិសេស​ម្យ៉ាង ហាក់​ដូច​ជា​បាន​ក្លាយ​ជា​កូន​ក្មេង​ម្តង​ទៀត ដែល​មិន​បាច់​ត្រូវ​ខ្វល់​ខ្វាយ​នឹង​កាតព្វកិច្ច​ជាច្រើន​ដូច​បច្ចុប្បន្ន​នេះ​ទេ។

៥. ថត​រូប​ជាមួយ​មនុស្ស​ដែល​អ្នក​យក​ចិត្ត​ទុក​ដាក់ និង​ស្រលាញ់​បំផុត ក្នុងថ្ងៃទី១ នៃឆ្នាំ ​២០២០

ក្រៅ​ធ្វើ​រឿង​ប្រកប​ដោយ​អត្ថន័យ​ជុំ​គ្នា​ហើយ ដាច់​ខាត​កុំ​ភ្លេច​ថតរូប​ទុកជា​អនុស្សាវរីយ៍ ក្រែង​ពេលក្រោយ​អាក់​អន់​ចិត្ត​ជាមួយ​គ្នា​បន្តិច​បន្តួច​ បាន​ឃើញ​រូប​នេះ អាច​ជួយ​លួង​ចិត្ត​បាន​ខ្លះ ព្រោះ​ជីវិត​មនុស្ស​យើង មាន​ឡើង មាន​ចុះ ដូច​ចាស់​ពោល​ថា ចាន​ក្នុង​រៀវ​រមែង​តែង​មាន​ប៉ះទង្គិច​​គ្នា​។ ដូច្នេះ​សំខាន់​ត្រូវ​ចេះ​យោគយល់ និង​មាន​អធ្យាស្រ័យ​ល្អ​ចំពោះ​គ្នា ទើប​ទំនាក់ទំនង​ស្ថិតស្ថេរ​យូរ​អង្វែង​ និង​រកឃើញសុភមង្គលបាន​៕

អត្ថបទ៖ លីដា

អត្ថបទពេញនិយម
អត្ថបទថ្មី